អន្តរជាតិ
ប្រធានមហាសន្និបាតនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ សុំចិត្តហ្វីលីពីនឲ្យបន្តនៅជាសមាជិក
× តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ជាលើកដំបូងជាមួយនឹងភាសាទន់ភ្លន់ដើម្បីជាការឆ្លើយតបចំពោះការប្រកាសដកហ្វីលីពីនចេញពីតុលាការនេះពីណាក់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ។ ប្រធានមហាសន្និបាតតុលាការព្រហ្មទណ្ឌអន្តរជាតិ បានសម្តែងពីការព្រួយបារម្ភ និង ថែមទាំងសុំឲ្យហ្វីលីពីនបន្តធ្វើជាសមាជិកសកម្មរបស់តុលាការបន្តទៀត ។
« ខ្ញុំ ពិតជាមានការសោកស្តាយចំពោះការវិវត្តចុងក្រោយនេះ ។ ការចាកចេញរបស់ភាគីមួយពីលក្ខន្តិកៈក្រុងរ៉ូម នឹងជះឥទ្ធិពលអវិជ្ជមានមកលើកិច្ចប្រឹងប្រែងជាសមូហភាពកន្លងមក ។ ICC ពិតជាត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិដើម្បីធានាពីប្រសិទ្ធភាពការងារ ហើយ ខ្ញុំ សូមលើកចិត្តហ្វីលីពីន បន្តជាភាគីរបស់លក្ខន្តិកៈក្រុងរ៉ូមដដែល» ។ នេះគឺសេចក្តីថ្លែងការណ៍របស់លោក Kwon ប្រធានមហាសន្និបាតICC ។
តាមរយៈសេចក្តីថ្លែងការណ៍លើកដំបូងនៅថ្ងៃ១៦ មីនា លោកប្រធានមហាសន្និបាតរូបនេះ បានលើកឡើងថា ហ្វីលីពីន បានចូលរួមយ៉ាងសកម្មជាមួយនឹងមហាសន្និបាតតាំងពីពេលដែលហ្វីលីពីនក្លាយជាភាគីនៅឆ្នាំ២០១១មកម្ល៉េះ ហើយហ្វីលីពីន នៅខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ក៏បានប្តេជ្ញាចិត្តថា នឹងបន្តគាំទ្រគោលការណ៍របស់តុលាការ និងលក្ខន្តិកៈក្រុងរ៉ូមទៀតផង ។
លោក ថ្លែងរម្លឹកយ៉ាងដូច្នេះរួចហើយ ក៏សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« គ្រប់ភាគីទាំងអស់ មានឱកាសក្នុងការសម្តែងពីក្តីបារម្ភរបស់ខ្លួន នៅចំពោះមុខមហាសន្និបាត ហើយ ខ្ញុំ សូមស្នើអាជ្ញាធរហ្វីលីពីន ដើម្បីទំនាក់ទំនង និងមានកិច្ចសន្ទនាលើបញ្ហានេះផងដែរ » ។
សូមរម្លឹកផងដែរថា សេចក្តីថ្លែងការណ៍របស់ប្រធានមហាសន្និបាតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី រីឌ្រីហ្គោ ឌូទើតេ បានប្រកាសបញ្ចប់សមាជិកភាពហ្វីលីពីន ពីតុលាការនេះ ។ ហើយការប្រកាសបញ្ចប់នេះដែរ ក៏ត្រូវបានធ្វើឡើង ក្រោយពីរដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិបើកស៊ើបអង្កេតក្នុងជំហានដំបូងលើសំណុំរឿងសង្គ្រាមគ្រឿងញៀនរបស់លោក ឌូទើតេផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com