ជាតិ
សង្គមជាតិ
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តឆ្នាំនេះកើតចំថ្ងៃទី២១ មីនា រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
× សៀមរាប៖ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ឬ Equinox នៅឆ្នាំនេះ កើតឡើងនៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា។ នេះបើតាមការបញ្ជាក់ពីអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរាបានពន្យល់ថា ព្រឹត្តិការណ៍នេះតែងកើតឡើង២ដង ជារៀងរាល់ឆ្នាំ ដោយលើកទីមួយ កើតនៅអំឡុងខែ មីនា និងលើកទីពីរ នៅអំឡុងខែ កញ្ញា។
តាមពិតទៅ យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញកន្លងមក ព្រឹត្តិការណ៍នេះ មិនមែនបាតុភូតចៃដន្យនោះទេ។ វាត្រូវបានបុព្វបុរសដែលសាងសង់អង្គរវត្ត បានគុណគូរយ៉ាងច្បាស់ គឺសង់តម្រូវឱ្យកើតព្រឹត្តិការណ៍នេះតែម្តង តាមរយៈការស្វែងយល់ អំពីទំនាក់ទំនងរវាងសំណង់ ស្ថាបត្យកម្ម និងវិស័យតារាសាស្ត្រ។ ហើយរយៈពេលនេះដែរ គឺពេលវេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នា។ នេះបើតាមការលើកឡើងរបស់លោក អ៊ឹម សុខរិទ្ធី ដែលធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗនាពេលកន្លងមក។
ក្រៅពីកើតព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះហើយ ជារៀងរាល់ឆ្នាំមានព្រឹត្តិការណ៍មួយទៀត គឺពេលវេលាយប់វែងជាងថ្ងៃ និងថ្ងៃវែងជាងយប់។ ពេលាយប់វែងជាងថ្ងៃ កើតឡើងនៅថ្ងៃទី២១ ខែធ្នូ ហើយថ្ងៃវែងជាងយប់ កើតឡើងនៅថ្ងៃទី ២១ ខែមិថុនា។
ភស្ដុតាងនេះហើយ ដែលអ្នកស្រាវជ្រាវយកមកបញ្ជាក់ពីមូលហេតុ ដែលដូនតាសង់អង្គរបែរមុខទៅទិសខាងលិច។ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា គេនឹងមិនអាចឃើញព្រឹត្តិការណ៍ខាងលើបាននោះទេ ប្រសិនបើអង្គរវត្តសង់បែរទៅទិសខាងកើត៕
© រក្សាសិទ្ធិដោយ thmeythmey.com