អន្តរជាតិ
សកម្មប្រយុទ្ធឃឺតជាង១៥០០នាក់ត្រូវសម្លាប់នារយៈពេល២ខែចុងក្រោយ
× អង្គការសិទ្ធិមនុស្ស Syrian Observatory for Human Rights ដែលមានទីស្នាក់ការកណ្តាលនៅចក្រភពអង់គ្លេស បានរាយការណ៍ឲ្យដឹងថា សកម្មប្រយុទ្ធអំបូរឃឺត ជាង១៥០០នាក់ ត្រូវបានសម្លាប់នារយៈពេល២ខែកន្លងមក ដោយការវាយប្រហារពីសំណាក់កងទ័ពតួកគី និងក្រុមឧទ្ទាមស៊ីរី ដែលជាសម្ព័ន្ធមិត្ត។
ប្រតិបត្តិការវាយប្រហារ បានចាប់ផ្តើមតាំងថ្ងៃទី២០ ខែមករា នៅកណ្តាលក្រុង Afrin ភាគខាងជើងប្រទេស៊ីរី។ បើតាមការផ្សាយរបស់ AFP ការស្លាប់ភាគច្រើន ដោយសារតែការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំ ពីសំណាក់កងទ័ពតួកគី និងឧទ្ទាមស៊ីរី។
របាយការណ៍បានបង្ហាញផងដែរថា ក្រុមឧទ្ទាមដែលគាំទ្រក្រុងអង់ការ៉ា ជាង៤០០នាក់ ក៏ត្រូវបានសម្លាប់ផងដែរ ខណៈកងទ័ពតួកគីមានចំនួន៤៦នាក់ ដែលបានបាត់បង់ជីវិត។
លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពតួកគី និងឧទ្ទាមស៊ីរី បានគ្រប់គ្រងទីប្រជុំជននៃក្រុង Afrin ទាំងមូលហើយ។ បើគិតចាប់តាំងពីឆ្នាំ២០១១ មក ក្រុង Afrin ជាតំបន់ប្រយុទ្ធដ៏ខ្លាំងក្នុងសង្គ្រាមស៊ីរី ដែលបណ្តាលឲ្យមនុស្សសរុប ៣៥០ ០០០នាក់ស្លាប់ និងរាប់លាននាក់ បានរត់ភៀសខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com