ជាតិ
កម្ពុជា-ចិន ធ្វើសមយុទ្ធនាគមាស១៥ថ្ងៃដើម្បីអបអរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូត
× ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងផ្លូវការកម្ពុជា-ចិន ប្រទេសទាំង២ បានរៀបចំសមយុទ្ធរួមគ្នា នៅកម្ពុជា ដែលមានឈ្មោះថា សមយុទ្ធនាគមាសឆ្នាំ២០១៨ ដែលធ្វើឡើងរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។ សមយុទ្ធនេះ គឺជាការចំណាយមួយភាគធំពី មហាយក្សសេដ្ឋកិច្ចចិន។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៨ គឺដើម្បីអបអរសាទរខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន។ សមយុទ្ធនេះ ក៏ជំរុញឲ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ការផ្លាស់ប្ដូរនូវបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងមនុស្សធម៌រវាងកងទ័ពនៃប្រទេសទាំង២។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏រំពឹងថា សមយុទ្ធនេះចូលរួមចំណែកធ្វើឲ្យទំនាក់ទំនងភាពជាដៃគូ ក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំង២ កម្ពុជា-ចិន ឲ្យកាន់តែរីកចម្រើន។ លោកថ្លែងបែបនេះនៅក្នុងពិធីប្រកាសបើកសមយុទ្ធនាគមាសឆ្នាំ២០១៨ នៅតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
សមយុទ្ធស្ថិតក្រោមការឧបត្ថមពីសាធារណរដ្ឋប្រជាមានិតចិននេះ ក៏ត្រូវបានអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អះអាងថា ឆ្លើយតបយ៉ាងត្រឹមត្រូវទាន់ពេលក្នុងកិច្ចសហប្រតិបត្តិការ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីទប់ស្កាត់ការកាត់បន្ថយបញ្ហាប្រឈមនានា ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏រំពឹងថា សមយុទ្ធដែលប្រើប្រាស់គ្រាប់ពិត និងមានរយៈពេល១៥ថ្ងៃនេះ នឹងនាំនូវផលប្រយោជន៍ជាច្រើនដល់ កងយោធពលខេមរភូមិន្ទអំពី បច្ចេកវិទ្យា បទពោសោធន៍ និងចំណេះដឹងជំនាញថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យកាន់តែមានសក្តានុពលថែមទៀត។
សមយុុទ្ធ ដែលនឹងធ្វើឡើងរួមមាន៖ ការស៊ើបការណ៍ភូមិសាស្ត្រ ដោយយន្តហោះ Drone, ប្រតិបត្តិការកម្ទេចជំរុំខ្មាំង, ការប្រើប្រាស់កាំភ្លើងធំ បាញ់បើកច្រក, ការប្រើប្រាស់ឧទ្ធម្ភាគចក្រ បាញ់ពីលើអាកាស, ការប្រើប្រាស់រថពាសដែក ចល័តវាយកម្ទេចជំរុំខ្មាំង , ការប្រើប្រាស់ឧទ្ធម្ភាចក្រ ដាក់ទ័ពផ្លូវអាកាស រំដោះចំណាប់ខ្មាំង រួមទាំងប្រតិបត្តិការមួយចំនួនទៀត។ នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជា នឹងប្រើប្រាស់សម្ភារៈយោធាមួយចំនួនដូចជា ឧទ្ធម្ភាគចក្រ MI17 និង Z9, កាំភ្លើងត្បាល់, រថពាសដែក។ ចំណែកភាគីចិន មានប្រើប្រាស់គ្រឿងបំពាក់ ជាច្រើនទៀត។
សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នេះ ធ្វើឡើងរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។ ដោយមានវត្តមានឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការកងទ័ពជើងគោកតំបន់ខាងត្បូង តំណាងឲ្យកងទ័ពរំដោះប្រជាជាតិចិន៕
Tag:
សមយុទ្ធ
ខួបទំនាក់ទំនង
កម្ពុជា-ចិន
យោធា
© រក្សាសិទ្ធិដោយ thmeythmey.com