ជាតិ
កម្ពុជា ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ស្របតាមលទ្ធិប្រជាធិបតេយ្យ លោក វ៉្លាឌីមៀ ពូទីន កំពុងបោះឆ្នោត (រូបភាព៖ AFP)
× ភ្នំពេញ៖ កម្ពុជា គាំទ្រការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ដែលប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ តាមរយៈលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី១៨ មីនា លោក វ៉្លាឌឺមៀ ពូទីន ដែលជាប្រធានាធិបតីបច្ចុប្បន្ន បានទទួលសំឡេងគាំទ្រច្រើនលើសលប់ សម្រាប់ការដឹកនាំប្រទេសបន្តទៀត។
គណប្រតិភូកម្ពុជា ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅក្នុងប្រទេសរុស្ស៊ី បានទទួលស្គាល់ថា ដំណើរការបោះឆ្នោត នៅតាមការិយាល័យ ដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី រៀបចំប្រកបដោយជំនាញវិជ្ជាជីវៈ ការទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ដែលប្រព្រឹត្តទៅស្របតាមបរិយាកាសស្ងប់ស្ងាត់។
គណប្រតិភូកម្ពុជា បានអះអាងថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី មានសេរីយុត្តិធម៌ និងតម្លាភាព ស្របតាមច្បាប់បោះឆ្នោត និងច្បាប់ពាក់ព័ន្ធនានារបស់សហព័ន្ធរុស្ស៊ី។ សេចក្តីថ្លែងការរួមរបស់តំណាងកម្ពុជា ពីព្រឹទ្ធសភា រដ្ឋសភា និងគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលចូលរួមសង្កេតការណ៍បោះឆ្នោតនៅរុស្ស៊ី កាលពីថ្ងៃទី១៨ មីនា បានអត្ថាធិបតេយ្យដូច្នេះថា៖«តាមការសង្កេតរបស់គណៈប្រតិភូ ការបើកការិយាល័យបោះឆ្នោត ដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត មានកម្រិតបទដ្ឋានអន្តរជាតិ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
លទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតី បានបង្ហាញថា លោក វ៉្លាឌឺមៀ ពូទីន ដែលជាប្រធានាធិបតីបច្ចុប្បន្ន បានទទួលសំឡេងគាំទ្រពីប្រជាជនចំនួន ៧៦,៦ ភាគរយ ហើយជាសំឡេងគាំទ្រច្រើនជាងគេ ក្នុងចំណោមបេក្ខជនឈ្មោះ ៨នាក់។ តាមរយៈលទ្ធផលគាំទ្រនេះ លោក ពូទីន នឹងត្រូវដឹកនាំប្រទេសរយៈពេល៦ឆ្នាំបន្តទៀត(២០១៨ ដល់២០២៤) ស្របតាមរដ្ឋធម្មនុញ្ញរុស្ស៊ី ។ គួរបញ្ជាក់ថា លោក វ្ល៉ាឌឺមៀ ពូទីន ជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី លើកដំបូងនៅឆ្នាំ២០០០ ដល់ ២០០៤ និងលើកទី២ នៅឆ្នាំ២០០៤ ដល់២០០៨ (ដោយសារច្បាប់នៅរុស្ស៊ីផ្ដល់សិទ្ធិឲ្យប្រធានាធិបតីកាន់តំណែងបានត្រឹមតែ២អាណត្តិ) ពោលគឺឆ្នាំ២០០៨ដល់២០១២ លោក ឌីមីទ្រី ម៉េដម៉េដេវ ឡើងកាន់តំណែងប្រធានាធិបតី។ ហើយឆ្នាំ២០១២ ដល់២០១៨ (ច្បាប់រុស្ស៊ី កែប្រែឲ្យប្រធានាធិបតីកាន់តំណែងបាន៦ឆ្នាំវិញ) ទើបលោក ពូទីន ជាប់ឆ្នោតកាន់តំណែងប្រធានាធិបតីជាលើកទី៣ មុននឹងបន្តឈ្នះអាណត្តិប្រធានាធិបតីលើកទី៤របស់ខ្លួននេះ ៕
Tag:
បោះឆ្នោតប្រធានាធិបតីរុស្ស៊ី
ពូទីន
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com