អន្តរជាតិ
UN អំពាវនាវ​រក​ជំនួយ​ប្រមាណ ១ ប៊ី​លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​អាយុជីវិត «​រ៉ូ​ហ៊ីង​យ៉ា​»
20, Mar 2018 , 7:19 pm        
រូបភាព
ដោយ:
​អង្គការសហប្រជាជាតិ កំពុងតែបន្ត​យុទ្ធនាការ​ស្វែងរក​ជំនួយ និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ដើម្បី​ស្រោចស្រង់​និង​បំពេញ​តម្រូវ​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់ ដែល​កំពុងតែ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ជំរំ នៃ​ប្រទេស​បង់​ក្លា​ដែ​ស ។ អង្គការសហប្រជាជាតិ ក៏បាន​ថ្លែង​អរគុណ​រដ្ឋាភិបាល និង​ប្រជាជន​បង់​ក្លា​ដែ​ស ចំពោះ​ការបើក​ចិត្ត និង​អំពើ​មនុស្សធម៌​ទៅលើ​ក្រុម​ជនភៀសខ្លួន​អភ័ព្វ​ទាំងនោះ​ផងដែរ ។​



«​ដើម្បី​អាចបំពេញ​នូវ​សេចក្តីត្រូវការ​បន្ទាន់រ​បស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជិត ៩០ ម៉ឺន​នាក់ និង​ជន​ងាយ​រងគ្រោះ​បង់​ក្លា​ដែ​ស​ប្រមាណ ៣០ ម៉ឺន​នាក់ ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ដៃគូ​មនុស្សធម៌ កំពុងតែ​អំពាវនាវ​រក​ជំនួយ​ចំនួន ៩៥១ លាន​ដុល្លារ » ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ​នា​ចុង​សប្តាហ៍​មុន ។

​តាម​ប្រភពព័ត៌មាន​ដដែល លោក Filippo Grandi មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន បាន​ពណ៌នា​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា គឺជា​បញ្ហា ដែលមាន​ហ​និ​ភ័យ​បំផុត និង​ក៏​ជា​បញ្ហា​ដែល​មិនសូវ​មានការ​អើពើ​ពី​បណ្តា​សហគមន៍​អន្តរជាតិ ។

​លោក បន្តទៀតថា ដំណោះស្រាយ​លើ​វិបត្តិ​នេះ ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា ហើយ​លក្ខខណ្ឌ នានា ក៏​ត្រូវតែ​បង្កើតឡើង ដោយ​ធានាថា ជនភៀសខ្លួន​អាច​ត្រលប់​ទៅផ្ទះ​របស់​ពួកគេ​វិញ ក៏ប៉ុន្តែ​រឿង​ចាំបាច់ ដែល​ត្រូវធ្វើ​ពេលនេះ គឺជា​យើង​ត្រូវ​អំពាវ​រក​ជំនួយ​បន្ទាន់ និង​ក្នុង​ចំនួន​ច្រើន​បំផុត ។

​គួរ​រម្លឹក​ផងដែរ​ថា ក្រោយ​មានការ​ប៉ះទង្គិច​ប្រដាប់អាវុធ​រវាង​អាជ្ញាធរ​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​នៅក្នុង​រដ្ឋ​រ៉ា​ខាន មាន​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា រាប់សិប​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​ជាមួយនឹង​ការភ័យខ្លាច​ពី​ការ​ធ្វើបាប​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ។ ខណៈ​កំពុងតែ​រស់នៅក្នុង​ជំរំ​ដែលមាន​មជ្ឈដ្ឋាន​មិនសូវ​ល្អ​ស្រាប់​នោះ ពួកគេ កំពុងតែ​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់ ក៏ដូចជា​បាក់​ស្រុតដី​ផងដែរ ។

​កន្លងមក​ក្រៅ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​អង្គការសិទ្ធិមនុស្ស​មួយចំនួន ក៏មាន​ប្រទេស​អាស៊ាន​មួយចំនួន ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី និង​ថៃ​ជាដើម​នោះ បាន​ចេញមុខ​ដើម្បី​ស្រោចស្រង់​ស្ថានភាព​របស់​ពួកគេ​ក្នុង​គ្រា​បណ្តោះអាសន្ន​ផងដែរ ។ ហើយ​អាស៊ាន​ខ្លួនឯង​ផ្ទាល់ ក៏មាន​ជំនួយ​ខ្លះ​ដែរ​សម្រាប់​ជួយ​ក្រុម​ជនភៀសខ្លួន​ទាំងនោះ ៕


Tag:
 UN
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com