ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​រៀបរាប់​ពី​ស្ថានភាព​ភាសា​បារាំង​នៅ​កម្ពុជា​
20, Mar 2018 , 5:05 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ទិវា​ហ្វ្រ​ង់​កូ​ហ្វូ​នី លោកជំទាវ អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បានផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ ដើម្បី​រៀបរាប់​ពី​ស្ថានភាព​របស់​ភាសា​បារាំង​នៅ​កម្ពុជា ក៏ដូចជា​ការរួមចំណែក​របស់​ប្រទេស​បារាំង និង​ក្រុមហ៊ុន​បារាំង​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។



១.​ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន វត្តមាន​ភាសា​បារាំង​បាន​ថមថយ​បន្តិច​ម្តងៗ បើ​ប្រៀបធៀប​ជាមួយ​ភាសា​ចិន និង​អង់គ្លេស​។ តើ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​រក្សា​វត្តមាន​ភាសា​បារាំង​នៅ​កម្ពុជា​?


​ភាសា​បារាំង​នឹង​បន្ត​មាន​វត្ត​មាននៅ​កម្ពុជា​បើ​ប្រជាជន​កម្ពុជា​ចាត់ទុកថា​រៀន​ភាសា​បារាំង​មាន​សារប្រយោជន៍ ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព​នៅ​ប្រទេស​បារាំង (​ខ្ញុំ​សូម​រម្លឹកថា​យុវជន​កម្ពុជា​៦០០​នាក់​ចេញទៅ​សិក្សា​នៅ​បា​រាំងជា​រៀងរាល់ឆ្នាំ​) ក៏ដូចជា​ដើម្បី​ស្វែងរក​ការងារ​ធ្វើ (​ជាពិសេស​ដោយសារ​គុណភាព​នៃ​ការបណ្តុះបណ្តាល​ដែល​ពួកគេ​ទទួល​បានជា​ភាសា​បារាំង​) និង​ស្វែងយល់​អំពី​វប្បធម៌​ផ្សេងៗ​ទៀត​។

​យើង​ត្រូវ​បង្ហាញឱ្យឃើញថា​ប្រទេស​បារាំង​មាន​ភាព​ទាក់ទាញ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​ឱកាស​ដែល​កើតចេញពី​ការចេះ​ភាសា​បារាំង​។ ទោះជា​យ៉ាងណាក៏ដោយ ការចេះ​ភាសាបរទេស​តែមួយ​ភាសា មិន​ថា​ជា​ភាសា​អង់គ្លេស ឬ​ភាសា​ចិន នឹងមិន​គ្រប់គ្រាន់​នោះទេ​។ យើង​ស្ថិតក្នុង​ពិភព​មួយ​ដែល​ការចេះ​ភាសាបរទេស​ពីរ​កាន់​តែមាន​ភាពចាំបាច់​ទៅៗ​។

​ខ្ញុំ​សូម​រម្លឹកថា កម្ពុជា​គឺជា​ប្រទេស​ស្ថាបនិក​មួយអង្គ​ការ​អន្តរជាតិ​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ឬ​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី​អន្តរជាតិ​។ ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​យក​ភាសាបរទេស​ពីរ​ជា​ផ្លូវការ គឺ​ភាសា​អង់គ្លេស និង​ភាសា​បារាំង​។ គោលដៅ​គឺ​តម្រូវឱ្យ​សិស្ស​ជ្រើសរើស​ភាសាបរទេស​ណា​១​នៅ​ថ្នាក់​ទី​៤ និង​ភាសាបរទេស​មួយទៀត​ជា​កំហិត​នៅ​ថ្នាក់​ទី​៧​។

​យើង​ចង់​អភិវឌ្ឍ​ការបង្រៀន​ភាសា​បារាំង និង​ពង្រឹងគុណភាព​នៃ​ការបង្រៀន​ភាសា​បារាំង​។ ក្នុងន័យនេះ យើង​បំពេញការងារ​ជាមួយ​ឯកឧត្តម ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដោយបាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ស្ថានទូត​បារាំង និង​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ខែឧសភា ឆ្នាំ​២០១៧ ដើម្បី​អភិវឌ្ឍ និង​ពង្រឹង​ការបង្ហាត់បង្រៀន​ភាសា​បារាំង ជាពិសេស​តាមរយៈ​ការបណ្តុះបណ្តាល​គ្រូ​។

​យើង​ក៏​សង្កេតឃើញ​ផងដែរ​នូវ​ការផ្តួចផ្តើម​គំនិត​នៅតាម​គ្រឹះស្ថាន​នៃ​ថ្នាក់​ពីរ​ភាសា ដែល​ចង់​ទទួលបាន​ការបញ្ជា​ក់ស្ត​ង់​ដារ​គុណភាព​បារាំង​ហៅថា «​ការអប់រំ​របស់​បារាំង​»​។

​ការផ្តួចផ្តើម​គំនិត​ផ្សេងទៀត​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពរស់រវើក​នៃ​ភាសា​បារាំង​នៅ​កម្ពុជា​។ ជាក់ស្តែង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ជាតិ​អប់រំ កំពុង​បំពេញការងារ​ដើម្បី​បង្កើត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ភាសា​បារាំង​។ សាកលវិទ្យាល័យ​បាត់ដំបង​កំពុង​បំពេញការងារ​ដើម្បី​បង្កើត​បរិញ្ញាបត្រ​ភាសា​បារាំង ចំណែកឯ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​មាន​ចំនួន​និស្សិត​សិក្សា​ភាសា​បារាំង​កើនឡើង​ពី​៩០​នាក់​ទៅដល់​៤០០​នាក់ ជា​ពិ​សេ​នៅក្នុង​មហាវិទ្យាល័យ​បុរាណវិទ្យា និង​ស្ថាបត្យកម្ម​។ គម្រោង​ទាំងនេះ​ត្រូវបាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​។ ជាងនេះទៅទៀត នៅ​មជ្ឈមណ្ឌល​ភាសា​នៃ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ចំនួន​សិស្ស​ចុះឈ្មោះ​សិក្សា​មានការ​កើនឡើង​ខ្លាំង ដោយមាន​សិស្ស​ចុះឈ្មោះ​ជាង​១១ ០០០ នាក់​ក្នុង​មួយឆ្នាំ​។​

​ម្យ៉ាងវិញទៀត យើង​ត្រូវ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ឱ្យគេ​ស្គាល់​ក្រុមហ៊ុន​ទាំងនោះ​កាន់តែច្បាស់ ជាពិសេស​ក្រុមហ៊ុន​បារាំង  ហើយ​ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​មាន​ទំនាក់ទំនង​ជាមួយ​និស្សិត និង​អតីត​និស្សិត​។ នោះ​ហើយ​គឺជា​អត្ថន័យ​នៃ​ការផ្តួចផ្តើម​គំនិត ដែល​យើង​ធ្វើឡើង​សម្រាប់​បណ្តាញ​អតីត​និស្សិត (​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ឬ​បាន សិក្សា​ជា​ភាសា​បារាំង​នៅតាម​គ្រឹះស្ថាន​នានា​ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​បារាំង​)​។ គណៈកម្មការ​នៃ​អតីត​និស្សិត​នឹង​ត្រូវបាន​បង្កើតឡើង​នៅក្នុង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​កម្ពុជា​។ ស្ថានទូត​ក៏​ចូលរួម​ក្នុង​គណៈកម្មការ​នោះដែរ​។ យើង​នឹង​ពិភាក្សាគ្នា​អំពី​ការបង្កើត​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​បង្ខិត​អ្នកចេះ​បារាំង និង​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​ឱ្យ​កាន់​ជិតគ្នា​។

២.​មនុស្ស​មួយចំនួន​យល់ឃើញថា​ភាសា​បារាំង​បាន​បាត់បង់​ទៅហើយ​នៅ​កម្ពុជា​។ តើ​លោកជំទាវ​យល់ស្រប​ចំពោះ​ទស្សនៈ​នេះដែរ​ឬទេ​? ហេតុអ្វី​?

​ជា​ការមិនពិត​នោះទេ​! ចំពោះ​ខ្ញុំ ចាប់តាំងពី​ពេលដែល​ខ្ញុំ​បំពេញ​មុខងារ​នៅ​កម្ពុជា​តាំងពី​ខែមិថុនា ឆ្នាំ​២០១៧​មក ខ្ញុំ​សង្កេតឃើញថា​ការប្រើប្រាស់​ភាសា​បារាំង​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពរស់រវើក​។ ប្រជាជន​កម្ពុជា​ជាច្រើន​និយាយ​ភាសា​បារាំង ហើយ​និយាយ​បានល្អ​ទៀតផង​។

​ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​ទទួលស្គាល់​ការពិត​ដែរ​ថា ចំនួន​អ្នកប្រើប្រាស់​ភាសា​បារាំង​មានការ​ថយចុះ​។ ភាសា​បារាំង​ជួបនឹង​បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុង​ពិភព​មួយ​ដែល​កាន់តែ​មានការ​បើកទូលាយ​ទៅៗ និង​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ចាក់​ប្ញ​ស​ទៅក្នុង​បរិស្ថាន​តំបន់​។ យើង​ត្រូវយក​ចំណុច​ទាំង​នោះមក​ពិចារណា ហើយ​ទាក់ទាញ​ឱ្យគេ​ជ្រើស​រើសយក​ភាសា​បារាំង ដែលជា​ភាសា​ប្រើប្រាស់​ដោយ​ប្រជាជន​ជិត​២៧៤​លាន​នាក់​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។

​ប្រទេស​បារាំង​នៅតែ​ជា​ប្រទេស​លំដាប់​ទី​ពីរ ដែល​និស្សិត​កម្ពុជា​ជ្រើសរើស​ដើម្បី​ទៅ​សិក្សា បន្ទាប់ពី​ប្រទេស​ថៃ​។ សាកលវិទ្យាល័យ​បារាំង​ទទួល​និស្សិត​បរទេស​ដូចគ្នា​ទៅនឹង​និស្សិត​បារាំង​ដែរ ពោលគឺ​រដ្ឋាភិបាល​បារាំង​ទទួល​រ៉ាប់រង​ថ្លៃ​សិក្សា​របស់​និស្សិត​ខ្មែរ​ដូច​និស្សិត​បារាំង​នៅក្នុង​ប្រព័ន្ធ​អប់រំ​សាធារណ​: (១៥ ០០០​អឺរ៉ូ​ជា​មធ្យម​ក្នង​មួយឆ្នាំ​)​។ នេះ​គឺជា​គោលការណ៍​នៃ​សាមគ្គីភាព និង​សមភាព​នៃ​ការទទួលបាន​ការអប់រំ​។ ការណ៍​នេះ​ទាមទារ​ឱ្យ​និស្សិត​បរទេស​ទាំងអស់​មាន​កម្រិត​ភាសា​បារាំង​ល្អប្រសើរ ដើម្បី​អាច​ទទួលបាន​ការបណ្តុះ​បណ្តាល​បែប​បារាំង ដែល​ត្រូវគេ​ទទួលស្គាល់​ជា​អន្តរជាតិ​។

​អស់​រយៈពេល​ប្រហែល​២០​ឆ្នាំ​មកហើយ ក្នុង​មួយឆ្នាំៗ​និស្សិត​កម្ពុជា​ប្រមាណ​៦០០​នាក់​ចេញទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ឬ​ថា្នក់​បណ្ឌិត ហើយ​មួយចំនួន​សិក្សា​នៅ​សាលា​ល្បីៗ​ដូចជា​សាលា​ពហុបច្ចេកទេស​ជាដើម​។ ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំនេះ ប្រទេស​បារាំង​បាន​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​កម្រិត​ខ្ពស់ជាង​៦ ០០០​នាក់​។     បច្ចុប្បន្ន ពួកគេ​កំពុង​កាន់តំណែង​ធំៗ​នៅតាម​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន​។ 

​ក្នុងពេលដែល​ខ្ញុំ​កំពុងផ្តល់​បទសម្ភាសន៍​ជាមួយ​លោក អាហារូបករណ៍​រដ្ឋាភិបាល​បារាំង​ឆ្នាំ​២០១៨​កំពុង​បើកទទួល​បេក្ខជន​សុំ​អាហារូបករណ៍​រហូតដល់​ចុងខែ​មីនា​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​។ ដើម្បី​ទទួលបាន​អាហារូបករណ៍​នេះ និស្សិត​ត្រូវមាន​ចំណេះដឹង​ភាសា​បារាំង​ក្នុង​កម្រិត​ល្អ​មួយ​។

៣.​បើតាម​លោកជំទាវ តើ​មាន​ប្រជាជន​កម្ពុជា​ប៉ុន្មាន​នាក់​ចេះ​និយាយ​ភាសា​បារាំង​នៅ​កម្ពុជា (​ទាំង​អ្នកសិក្សា និង​អ្នក​ប្រកប​មុខ​អាជីព​) ? អ្នកចេះ​ភាសា​បារាំង​ទាំងនេះ​ធ្វើការ​ក្នុង​វិស័យ​អ្វីខ្លះ​? ហើយ​មាន​ជនជាតិ​បារាំង​ប៉ុន្មាន​នាក់​រស់នៅ​ប្រទេស​កម្ពុជា​?

​ភាសា​បារាំង​នៅតែ​ពេញនិយម​នៅ​កម្ពុជា ដោយមាន​អ្នករៀន​ប្រហែល ១២៥ ០០០ នាក់​បើតាម​តួលេខ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ 

​វា​ជាការ​លំបាក​ក្នុងការ​កំណត់​ឱ្យបាន​ច្បាស់​អំពី​ចំនួន​អ្នកប្រើប្រាស់​ភាសា​បារាំង​នៅតាម​វិស័យសេដ្ឋកិច្ច​នីមួយៗ​ដោយសារ​យើង​ពុំមាន​តួលេខ​។ តែ​ខ្ញុំ​សង្កេតឃើញថា មាន​អ្នកចេះ​ភាសា​បារាំង ច្រើន​នៅក្នុង​វិស័យ​អប់រំ ទេសចរណ៍ សុខាភិបាល វេជ្ជសាស្ត្រ បេតិកភណ្ឌ និង​វប្បធម៌ ដែល​សុទ្ធសឹង​ជា​វិស័យ​ប្រើប្រាស់​ភាសា​បារាំង​ច្រើន​។ ក៏មាន​ច្រើន​ដែរ​នៅតាម​ក្រុមហ៊ុន​បារាំង ដូចជា Cambodia Airport ជាដើម​។

​ជនជាតិ​បារាំង​ជាង​៥ ០០០​នាក់​បាន​ចុះឈ្មោះ​នៅ​ស្ថានទូត​បារាំង​។ យើង​ប៉ាន់ប្រមាណ​ថា ជា​រួមមាន​ជនជាតិ​បារាំង​សរុប​ប្រមាណ​១០ ០០០ នាក់​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​រស់នៅ​ភ្នំពេញ សៀមរាប ព្រះសីហនុ កែប និង​កំពត​។

៤. តើ​មាន​ក្រុមហ៊ុន​បារាំង​ប៉ុន្មាន​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន​វិនិយោគ​លើ​វិស័យ​អ្វី​?

​ប្រទេស​បារាំង​គឺជា​វិនិយោគិន​អឺរ៉ុប​លំដាប់​ទីមួយ​នៅ​កម្ពុជា ដោយមាន​ទុនវិនិយោគ​បន្ត​កើនឡើង​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ (​ទឹកប្រាក់​វិនិយោគ​ចំនួន​៣៤០​លាន​អឺរ៉ូ​នៅ​ចុងឆ្នាំ​២០១៦)​។ វត្តមាន​ក្រុមហ៊ុន​បារាំង​មាន​លក្ខណៈពិសេស​ពី​២ ទីមួយ​គឺ​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​ធំៗ​របស់​បារាំង​មួយចំនួន និង​ទី​ពីរ​គឺ​ការបង្កើត​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​ដោយ​ជនជាតិ​បារាំង​។​

​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​បារាំង​ប្រមាណ​៣០ ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន​។ កន្លងមក​គឺមាន​ក្រុមហ៊ុន ACCOR (​ផ្នែក​សណ្ឋាគារ​) VINCI (​ព្រលានយន្តហោះ​) TOTAL (​ប្រេងឥន្ធនៈ​) SANOFI (​ឱសថ​) ហើយ​ថ្មីៗ​នេះ​មានការ​វិនិយោគ​លើ​វិស័យ​ផ្សេងទៀត ដូចជា​ក្រុមហ៊ុន BOLLORE (​អាជីវកម្ម​កៅស៊ូ​) ក្រុមហ៊ុន HAVAS (​គមនាគមន៍​) ក្រុមហ៊ុន LAGADERE (​សោតទស្សន៍​)  និង​ធនាគារ BRED ។

​សហគ្រាស​បារាំង​ប្រមាណ​ជាង​៤៥០​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។ ប៉ុន្តែ​សកម្មភាព​របស់​ពួកគេ​មាន​គ្របដណ្តប់​លើ​គ្រប់​វិស័យ​ទាំង​អស់នៃ​សេដ្ឋកិច្ចកម្ពុជា ហើយ​ជា​អ្នកទ្រទ្រង់​ការនាំចេញ​របស់​បារាំង និង​កម្ពុជា (​មាន​សំណង់ សម្ភារៈ​អគ្គិសនី សេវា​។​ល​។​) បុត្រ​សម្ព័ន្ធ និង​សហគ្រាស​ទាំងនេះ​ប្រមូលផ្តុំ​គ្នា​នៅក្នុង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​កម្ពុជា ដែលជា​សភាពាណិជ្ជកម្ម​អឺរ៉ុប​ទីមួយ​នៅ​កម្ពុជា និង​ជា​ស្ថាប័ន​ផ្សព្វផ្សាយ​អំពី​សហគមន៍​ធុរកិច្ច​បារាំង​-​កម្ពុជា​។

៥. អ្នកខ្លះ​និយាយថា កិច្ចសហប្រតិបត្តិការ​បារាំង​តែង​ផ្តល់​ផ្លែផ្កា​ល្អ​នៅ​កម្ពុជា​មិន​ថា​ក្នុង​វិស័យ​ណា​នោះទេ​។ តើ​បារាំង​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ណាខ្លះ ទាំង​ការបណ្តុះបណ្តាល​នៅ​កម្ពុជា និង​នៅ​ប្រទេស​បារាំង​?

​បារាំង​ផ្តល់​អាហារូបករណ៍​ដល់​គ្រូពេទ្យ អ្នកច្បាប់ សេដ្ឋវិទូ និង​អ្នក​ប្រកប​មុខ​អាជីព​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន​។ អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ត្រូវបាន​ផ្តល់ឱ្យ​និស្សិត​និង​អ្នកស្រាវជ្រាវ​វ័យក្មេង​កម្ពុជា ដែល​ចង់ទៅ​សិក្សា​ឬ​ស្រាវជ្រាវ​នៅតាម​គ្រឹះស្ថាន​អប់រំ​ជាន់ខ្ពស់​បារាំង​។ មុខវិជ្ជា​អាទិភាព​មានដូចជា​នីតិសាស្ត្រ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច វិទ្យាសាស្ត្រ​វិស្វកម្ម វិទ្យាសាស្ត្រ​អប់រំ ភាសាវិទ្យា ភាសា​បារាំង ទេសចរណ៍ ស្ថាបត្យកម្ម និង​បុរាណវិទ្យា​។

​កិច្ចសហប្រតិបត្តិការ​បារាំង​នៅ​កម្ពុជា​ស្តែង​ឱ្យឃើញ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បណ្តុះបណ្តាល​រៀបចំ​ដោយ​អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD)​។

​យើង​ប៉ាន់ប្រមាណ​ថា អង្គការក្រៅរដ្ឋាភិបាល​បារាំង​ចំនួន​៨៩%​នៅ​កម្ពុជា​ចាត់ទុកថា ការអប់រំ (​រាប់បញ្ចូល​ទាំង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​) គឺជា​វិស័យ​អន្តរាគមន៍​អាទិភាព​។ ជិត​ពាក់កណ្តាល​នៃ​អង្គការ​ខាង​ធ្វើការ​ក្នុង​វិស័យ​អប់រំ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​(៤៥%)​។ សិស្ស​ជាច្រើន​បោះបង់​ការសិក្សា​នៅ​មធ្យមសិក្សា ដោយសារ​យុវជន​កម្ពុជា​អាយុ​១៥​ឆ្នាំ​ចង់រក​ការធ្វើ​ដើម្បី​បាន​ប្រាក់ចំណូល​។ ការណ៍​នេះ​បាន​ជំរុញ​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​ប​ង្កើ​ត​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​ទទួលបាន​ការងារ​ប្រកបដោយ​គុណភាព​។​

​រីឯ​ក្រុមហ៊ុន​បារាំង​ក៏​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ​សម្រាប់​បុគ្គលិក ដោយ​ក្រុមហ៊ុន​ខ្លះ​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ផ្ទាល់ខ្លួន​ទៀតផង​។ មូលនិធិ​មួយចំនួន​ផ្តល់​ការបណ្តុះបណ្តាល​ក្រៅពី​សកម្មភាព​របស់ខ្លួន​។ តួយ៉ាង​ដូចជា​មូលនិធិ Paul Dubrule (​ក្រុមហ៊ុន​ACCOR) ដែល​បណ្តុះបណ្តាល​យុវជន​៣០០​នាក់​ក្នុង​មួយឆ្នាំ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​សៀមរាប​។

​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​គឺជា​វិស័យ​សំខាន់​មួយ​នៃ​សកម្មភាព​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​នៅ​កម្ពុជា​(AFD) ។ គម្រោង​សំខាន់​បី​របស់ AFD មានការ​បង្កើត​សាលា​ទេសចរណ៍​ពីរ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ ការគាំទ្រ​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​ភ្នំពេញ និង​ការពង្រឹង​យន្តការ​ទូទៅ​នៃ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​។

៦. ក្នុង​ទិវា​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឆ្នាំ​២០១៨​នេះ តើ​នឹងមាន​ការរៀបចំ​កម្មវិធី​អី្វ​ខ្លះ​? ហើយ​មាន​គោលដៅ​អ្វី​យ៉ាងណាដែរ​?

​ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃទី​១១​ខែមីនា យើង​បានរៀបចំ​ព្រឹត្តិការណ៍​«​សប្តាហ៍​បារាំង​នៅ​សៀមរាប​»​ជា​លើកដំបូង ដោយមាន​ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​បារាំង​ចំនួន​៥០​ចូលរួម ។ «​កម្មវិធី​បារាំង​ពីរ​សប្តាហ៍​នៅ​ភ្នំពេញ​»​ទើបនឹង​ចាប់ផ្តើម ដែល​យើង​សហការ​រៀបចំ​ជាមួយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា​។ ព្រឹត្តិការណ៍​សី្ត​ពី​វប្បធម៌ អាហារ រាប់បញ្ចូល​ទាំង​អាហារ​ពេល​ល្ងាច «Goût de France» នៅ​ថ្ងៃទី​២១ ខែមីនា នឹង​ផ្សព្វផ្សាយ​អំពី​ប្រទេស​បារាំង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​បារាំង និង​កម្ពុជា​។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​ព្រឹត្តិការណ៍​ទាំងនេះ​នឹង​បង្កើតឱ្យមាន​ឱកាស​ថ្មីៗ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​។

​ខ្ញុំ​បាន​ចូលរួម​ក្នុង​ទិវា​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ព្រឹទ្ធសភា​កម្ពុជា​កាលពី​ថ្ងៃទី​១៦​ខែមីនា​កន្លងទៅ​។ ខ្ញុំ​នឹងចូលរួម​ផងដែរ​នៅក្នុង​ព្រឹត្តិការណ៍​រៀបចំ​ដោយ​ក្រុមប្រឹក្សា​លើកស្ទួយ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែមីនា​នៅ​វិទ្យាស្ថាន​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ និង​កម្មវិធី​រៀបចំ ដោយ​សាកលវិទ្យាល័យ​នានា​នៅ​ថ្ងៃទី​២៨ ខែមីនា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។


© រក្សាសិទ្ធិដោយ thmeythmey.com