អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​ឃុំខ្លួន​អតីត​ប្រធានាធិបតី​សា​កូ​ហ្ស៊ី​រឿង​ទទួល​ហិរញ្ញវត្ថុ​ពី ហ្កា​ដា​ហ្វី ដើម្បី​ឃោសនាបោះឆ្នោត​ឆ្នាំ ២០០៧
21, Mar 2018 , 7:31 am        
រូបភាព
ដោយ: ថ្មីៗ
​អតីត​ប្រធានាធិបតី​បារាំង​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី ត្រូវ​ប៉ូលិស​ឃុំខ្លួន និង​សួរចម្លើយ​នៅ​ថ្ងៃ​អង្គារ​ទី ២០ ខែមីនា​នៅក្នុង​ទីក្រុង Nanterre ពាក់ព័ន្ធ​ការទទួល​លុយ​ខុសច្បាប់​ពី​មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី សម្រាប់​ការឃោសនាបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ ២០០៧​។  



​សំណុំរឿង​ទទួល​ហិរញ្ញវត្ថុ​ពីរ​បប​ដឹកនាំ​ផ្តាច់កា​រលី​ប៊ី​កាលពី​ជាង​ដប់​ឆ្នាំមុន​សម្រាប់​ការឃោសនា​នយោបាយ​នៅ​បារាំង​ក្នុង​អាណត្តិ​លោក នី​កូ​ឡា សា​កូហ្ស៊ី ចាប់ផ្តើម​កម្រើក​ជាថ្មី​។ សារព័ត៌​មានបារាំង Le Monde បាន​ផ្សាយ​ថា អតីត​ប្រធានាធិបតី​បារាំង​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី ត្រូវបាន​គេ​ឃុំខ្លួន និង​សួរនាំ​ផងដែរ​នៅ​ថ្ងៃ​អង្គារ​នេះ​។​
 
​គេ​សង្ស័យថា អតីត​ប្រធានាធិបតី​រូបនេះ​បានទទួល​លុយ​ប្រហែល ៥០ លាន​អឺរ៉ូ​ពី​របប​ដឹកនាំ​លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វី ក្នុង​ឆ្នាំ ២០០៧ ដើម្បី​យកមក​ឃោសនាបោះឆ្នោត​រហូតដល់​លោក​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​ផង​។ លោក សា​កូ​ហ្ស៊ី ត្រូវ​ឃុំខ្លួន​យ៉ាងយូរ ៤៨ ម៉ោង ហើយ​រយៈពេល​នេះ​អាច​ប្រែប្រួល​អាស្រ័យ​លើ​ការសួរចម្លើយ​ដែរ​។ ប៉ុន្តែ​ជារួម​លោក សា​កូ​ហ្ស៊ី​តែងតែ​ទាត់ចោល​ការចោទប្រកាន់​នេះ​។ 
 
​តាមពិតទៅ​បារាំង​បានចាប់ផ្តើម​ការស៊ើបអង្កេត​ចាប់ពី​ឆ្នាំ ២០១៣​មកម្ល៉េះ ក្រោយ​ពេលដែល​មានការ​អះអាងថា ក្រុម​ឃោសនា​នយោបាយ​របស់លោក សា​កូ​ហ្ស៊ី ទទួលបាន​ប្រយោជន៍​ពី​ការផ្តល់​ហិរញ្ញវត្ថុ​នេះ​ពី​សំណាក់​របប​ដឹកនាំ​លោក កា​ដា​ហ្វី​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន BBC  ការអះអាង​កើតឡើង​ពី​មាត់​របស់លោក Ziad Takieddine ជា​អ្នកជំនួញ​ជនជាតិ​បារាំង​កាត់​លី​បង់ និង​មន្ត្រី​មួយចំនួន​ដែល​ស្ថិតក្រោម​របប​ដឹកនាំ​លោក កា​ដា​ហ្វី​។ 
 
​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប៉ូលិស​ឃុំខ្លួន​លោក សា​កូ​ហ្ស៊ី ដោយសារ​សំណុំរឿង​ទទួល​លុយ​ពី​មេដឹកនាំ​លី​ប៊ី​នេះ​។  ប៉ុន្តែ​នៅក្នុង​ឆ្នាំ ២០១៤ លោក​ធ្លាប់​ត្រូវបាន​ឃុំខ្លួន​ម្តង​ដែរ​តែ​កាលនោះ​លោក​រង​ការចោទប្រកាន់​តែ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបំពាន​ការប្រើប្រាស់​ហិរញ្ញវត្ថុ​ឃោសនា​នយោបាយ​ប៉ុណ្ណោះ​។​
 
​យ៉ាងណាក៏ដោយ ការស៊ើបអង្កេត​នេះ​នៅតែ​បន្ត​ទៅមុខ​តាមរយៈ​ការសួរចម្លើយ​អ្នកពាក់ព័ន្ធ ប៉ុន្តែ​មិនទាន់​ដល់​ដំណាក់កាល​កាត់ទោស​អ្វី​ឡើយ​។ ក្រោយ​សាកសួរ​ហើយ ប្រហែលជា​លោក​អាច​នឹងត្រូវ​ចូល​បង្ហាញខ្លួន​ក្នុង​តុលាការ​មុខ​ចៅក្រម និង​អាច​ប្រឈមមុខ​ការចោទប្រកាន់​ជា​ផ្លូវការ​ផង​៕ 
 
 
 

Tag:
 បារាំង
  លីប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com