ជាតិ
គ.ជ.ប៖ ទោះជាចំនួនពលរដ្ឋបោះឆ្នោតក្រោម៥០ភាគរយ ក៏ចាត់ទុកជាបានការ
× ភ្នំពេញ៖ ទោះជាចំនួនពលរដ្ឋ ទៅបោះឆ្នោតក្រោម៥០ភាគរយក្តី ក៏ចាត់ទុកជាសំឡេងបានការ ក្នុងការជ្រើសតំណាងរាស្ត្រ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ។ នេះជាការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់មជ្ឈដ្ឋានទូទៅ ដែលប្រកាសមិនទទួលលទ្ធផលបោះឆ្នោតនៅកម្ពុជា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្ដើមដំណើរការទទួលពាក្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត នៅថ្ងៃទី២៩ មេសាខាងមុខនេះ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា។ អ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា បើការបោះឆ្នោតខាងមុខ គ្មានវត្តមានគណបក្សប្រឆាំងដ៏ធំ ចូលរួមប្រកួតប្រជែងទេនោះ ពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំង នឹងអវត្តមានបោះឆ្នោតច្រើន ពោលគឺចំនួនអ្នកបោះឆ្នោតនឹងថយចុះ ហើយវាក៏បង្ហាញរូបភាពអាក្រក់ដល់អន្តរជាតិផងដែរ។
ផ្ទុយពីការលើកឡើងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយថា ការថយចុះចំនួនអ្នកបោះឆ្នោតខាងមុខ មិនមែនជាបញ្ហាចោទ ដែលប៉ះពាល់ដល់ការជ្រើសរើសតំណាងរាស្ត្រឡើយ។ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ច្បាប់បោះឆ្នោតនៅកម្ពុជា មិនបានកំណត់ពីចំនួនអ្នកបោះឆ្នោតទេ ។ ត្រង់ន័យនេះលោក ហង្ស ពុទ្ធា បាននិយាយថា បើទោះជាចំនួនពលរដ្ឋ ទៅបោះឆ្នោតក្រោម៥០ភាគរយក្តី ក៏វាចាត់ទុកជាសំឡេងបានការ ក្នុងការជ្រើសតំណាងរាស្ត្រ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ដូច្នេះថា៖«ច្បាប់បោះឆ្នោតនេះមិនមានចែងថា ទាល់តែពលរដ្ឋបោះឆ្នោតប៉ុន្មានភាគរយ នៃប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជី ទើបចាត់ទុកជាបានការនោះទេ។ និយាយរួមដំណើការប្រព្រឹត្តទៅដោយតម្លាភាព តាមច្បាប់ទាំងអស់។ ដូច្នេះបើពលរដ្ឋសម្រេចចិត្តចូលរួម ឬមិនចូលរួមជាសិទ្ធិរបស់ពួកគាត់។ ក្នុងករណីណាក៏ដោយទោះអ្នកបោះឆ្នោតក្រោម៥០ភាគរយ ឬលើ៥០ភាគរយ គឺចាត់ទុកជាបានការទាំងអស់»។
កន្លងមកប្រទេសផ្ដល់ជំនួយដល់ការគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត បានប្រកាសជាមុនថា ពួកគេមិនទទួលស្គាល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅកម្ពុជាឡើយ បើ់សិនជាគ្មានវត្តមានអតីតគណបក្សប្រឆាំងចូលរួម។ បណ្ដាប្រទេសទាំងនោះ រិះគន់ថា ការបោះឆ្នោតនៅកម្ពុជា នឹងប្រព្រឹត្តទៅដោយគ្មានតម្លាភាព សេរី និងយុត្តិធម៌ឡើយ។
ជាការឆ្លើយតបលោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប មិនខ្វល់ពីបរទេសដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនេះឡើយ ព្រោះកម្ពុជា មានឯករាជ្យនិងអធិបតេយ្យត្រឹមត្រូវ។ លោក ហង្ស ពុទ្ធា ប្ដេជ្ញាថា គជប នឹងរៀបចំការបោះឆ្នោតឲ្យមានតម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់បោះឆ្នោតកម្ពុជា។
© រក្សាសិទ្ធិដោយ thmeythmey.com