ជាតិ
សង្គមជាតិ
កម្ពុជាប្រារព្ធទិវា«មួយម៉ោងសម្រាប់ភពផែនដី»ដើម្បីបង្ហាញពីការស្រឡាញ់ទៅបរិស្ថាន
× ភ្នំពេញ៖ ទិវាមួយម៉ោងសម្រាប់ភពផែនដី នឹងត្រូវរៀបចំឡើងនៅកម្ពុជា នៅថ្ងៃទី២៤ ខែមីនានេះ ដើម្បីបំផុសស្មារតីឲ្យប្រជាជនទាំងអស់ចូលរួមកាត់បន្ថយការកើនឡើងកម្តៅរបស់ភពផែនដី និងបង្ហាញពីការស្រឡាញ់ទៅបរិស្ថាន និងផ្សព្វផ្សាយទៅសាធារណជនទាំងអស់ចូលសន្សំសំចៃការប្រើអគ្គិសនី។ ទិវានេះ នឹងរៀបនៅខាងមុខក្រសួងបរិស្ថាន ដោយមានការបិទអគ្គិសនីម៉ោង ពីម៉ោង៨កន្លះ ដល់ម៉ោង៩កន្លះយប់ និងជំនួសវិញដោយការដុតទៀន។
កម្ពុជានឹងប្រារព្ធទិវា«មួយម៉ោងសម្រាប់ភពផែនដី» នៅបរិវេណមុខក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមីនានេះ។ នេះជាលើកទី៦ហើយ ដែលកម្ពុជាប្រារព្ធទិវា«មួយម៉ោងសម្រាប់ភពផែនដី» ឡើង ដើម្បីបំផុសស្មារតីឲ្យប្រជាជនទាំងអស់ ចូលរួមកាត់បន្ថយការកើនឡើងកម្តៅរបស់ភពផែនដី ស្របពេលដែលសាកលលោក តែងប្រារព្ធទិវានេះ ដើម្បីគោរពដល់ភពផែនដីដែលបានផ្តល់ជម្រកដល់មនុស្ស និងភាវរស់ទាំងអស់។
ក្នុងនាមជាទូតសុឆន្ទៈ កញ្ញា មាស សុខសោភា សំណូមពរឲ្យប្រជាខ្មែរទាំងអស់ ចូលរួមបិទអគ្គិសនីរយៈពេលមួយម៉ោង គឺនៅម៉ោង៨កន្លះ ដល់ម៉ោង៩កន្លះយប់ នៅថ្ងៃទី២៤ ខែមីនានេះ ដើម្បីចូលរួមកាត់បន្ថយការកើនឡើងកម្តៅភពផែនដី និងដាំដើមឈើឲ្យបានច្រើន បញ្ចៀសពីសារធាតុជាតិពុលពីផ្សែងយានយន្តនានា។ តារាចម្រៀងរូបនេះ ក៏អំពាវនាវឲ្យសាធារណជន ចូលរួមឲ្យច្រើនកុះករ នៅថ្ងៃទី២៤ ខែមីនានេះដែរ នៅមុខក្រសួងបរិស្ថានផងដែរ។ កញ្ញា មាស សុខសោភា អំពាវនាវដូច្នេះថា៖«ចូលរួមស្រឡាញ់បរិស្ថាន ជួយការពារភពផែនដី»។
កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណរាជ នឹងរួមគា្នច្រៀងចម្រៀងដែលពាក់ព័ន្ធនឹងការស្រឡាញ់បរិស្ថាន និងបង្ហាញសារខ្ចីៗទៅដល់អ្នកចូលរួម។ ក្រៅពីការប្រគំតន្ត្រី ក៏មានការដុតភ្លើងទៀនដើម្បីបរិស្ថាន រយៈពេលមួយម៉ាង មានការបង្ហាញម៉ូ និងការសម្តែងល្ខោនស្រមោលស្បែកធំ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com