ជាតិ
សម្ដេច ហ៊ុន សែន៖ រដ្ឋាភិបាលកំពុងរងគ្រោះ ព្រោះថៅកែរោងចក្ររត់ចោលកម្មករ
× ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ថៅកែរោងចក្រមួយចំនួន បានរត់ចោលកម្មករ ដោយមិនដឹងមូលហេតុច្បាស់លាស់។ ដើម្បីបញ្ចៀសបញ្ហាតវ៉ា និងការលំបាកកម្មករ រដ្ឋាភិបាល បានចំណាយថវិកាបុរេប្បទាន អស់៤លានដុល្លារហើយ សម្រាប់យកទៅដោះស្រាយបញ្ហាកម្មករសិន មុននឹងសម្រេចដាក់លក់សម្ភាររោងចក្រឡៃឡុង ទូទាត់ត្រឡប់មកចូលរដ្ឋវិញ។
ប្រមុខរដ្ឋាភិបាល កំពុងព្រួយបារម្ភចំពោះបញ្ហាម្ចាស់រោងចក្ររត់ចោលកម្មករនេះ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រជាង១ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា រដ្ឋាភិបាលកំពុងរងគ្រោះ ព្រោះថៅកែរោងចក្រដែលយកលុយទៅលេងចាញ់ល្បែង ហើយរត់ចោលកម្មករ។
សូមស្ដាប់ប្រសាសន៍នាយករដ្ឋមន្ត្រី៖
បញ្ហាដែលរងគ្រោះធ្ងន់ធ្ងរនោះ គឺប្រាក់ខែ និងប្រាក់អតីតភាពការងារកម្មករ ដែលរដ្ឋាភិបាលត្រូវដោះស្រាយជួសម្ចាស់រោងចក្រ មិនតិចជាង៤ពាន់ដុល្លារទេ សម្រាប់កម្មករម្នាក់។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបញ្ជារឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការងារ ដោះស្រាយបញ្ហាកម្មករជាង៤ពាន់នាក់ ក្នុងរោងចក្របិទទ្វាចំនួន៩ កាលពីពេលថ្មីៗនេះ។
បន្ថែមពីនេះនាយករដ្ឋមន្ត្រី បានបញ្ជារឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីរកវិធីទប់ស្កាត់ និងដោះស្រាយលើបញ្ហាថៅកែរោងចក្ររត់ចោលកម្មករ ដោយធ្វើយ៉ាងណាបញ្ចៀសករណីបែបនេះ កុំឲ្យក្លាយទៅជាជំងឺសម្រាប់ឲ្យរដ្ឋាភិបាលព្យាបាល។
កាលពីចុងខែកុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យក្រសួងការងារយកថវិកាបុរេប្រទានជាង ៤លានដុល្លារអាមេរិក ដោះស្រាយសំណងជូនកម្មករជាង៤ពាន់នាក់នៅរោងចក្រចំនួន ៩ ដែលត្រូវថៅកែរោងចក្ររត់ចោល។ ក្រោយពីដោះស្រាយបញ្ហាប្រាក់ខែកម្មករហើយ ទ្រព្យសម្បត្តិរោងចក្រដែលនៅសេសសល់នោះ ក្រសួងការងារ អាចដោះស្រាយតាមនីតិវិធី ដោយការដាក់លក់ឡៃឡុងរោងចក្រជាដើម។ ក្រសួងការងារក៏ត្រូវទទួលខុសត្រូវរកការងារឲ្យកម្មករទាំងនោះផងដែរ។ នេះបើតាមដំណោះស្រាយរបស់សម្ដេច ហ៊ុន សែន៕
© រក្សាសិទ្ធិដោយ thmeythmey.com