ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់ ចង់​ឲ្យ​អាមេរិក គោរព​អធិបតេយ្យ​កម្ពុជា
21, Mar 2018 , 6:06 pm        
រូបភាព
លោក ដូ អេរិកសិន​ សមាជិកព្រឹទ្ធសភាអាមេរិក
លោក ដូ អេរិកសិន​ សមាជិកព្រឹទ្ធសភាអាមេរិក
​ភ្នំពេញ​៖ លោក ដូ អេ​រិ​កសិន ដែលជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយរូប មិន​គាំទ្រ​ប្រទេស​របស់ខ្លួន ដែល​ចូលចិត្ត​ដឹងឮ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ លោក ចង់​ឲ្យ​សហរដ្ឋអាមេរិក រួមទាំង​ប្រទេស​ដទៃ គោរព​អធិបតេយ្យ​របស់​កម្ពុជា​។


 
​លោក ដូ អេ​រិ​កសិន (Doug Eriksen) សមាជិក​ព្រឹទ្ធសភា​មួយរូប​នៃ​សហរដ្ឋអាមេរិក ហាក់​មាន​ទស្សនៈផ្ទុយ​ពី​គេឯង ចំពោះ​កម្ពុជា​។ លោក បែរ​ជាមាន​សុទិដ្ឋិនិយម​ខ្ពស់ និង​វាយតម្លៃ​ក្នុង​ផ្លូវ​វិជ្ជមាន​ទៅវិញ មកលើ​ស្ថានភាព​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ខណៈ​កម្ពុជា កំពុង​រង​ការរិះគន់ និង​ការដាក់ទណ្ឌកម្ម​ជា​ហូរហែ ពី​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក រួមទាំង​បណ្តា​ប្រទេស​ផ្សេងៗ ផងដែរ​។ 
 
​លោក អេ​រិ​កសិន ដែល​អះអាងថា​ធ្លាប់​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២0១៦ មើលឃើញ​ពី​ជោគជ័យ​ជាច្រើន ដែល​កម្ពុជា​សម្រេចបាន​។ ទស្សនៈ​របស់លោក អេ​រិ​កសិន បាន​បញ្ចេញ​នៅក្នុង​លិខិត​មួយ ដែល​លោក បាន​ផ្ញើ​មកកាន់​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​ចាំផ្ទះ​របស់​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។   
 
​បន្ទាប់ពី​សរសើរ​បែបនេះ​រួចហើយ លោក អេ​រិ​កសិន ក៏បាន​រិះគន់​ប្រទេស​នានា ដែល​លូកដៃ​ចូល​ផ្ទៃក្នុង​របស់​កម្ពុជា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ប្រទេស​របស់ខ្លួន ដែល​ឈឺឆ្អាល​នឹង​កិច្ចការ​របស់​កម្ពុជា នាពេល​កន្លងមក​។ 
 
​មកដល់​ចំណុច​នេះ លោក អេ​រិ​កសិន ក៏​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក និង​កម្ពុជា កែប្រែ​ឥរិយាបទ​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ពីរ វិល​ទៅរក​សភាព​ដើម​។ តាមរយៈលិខិត ដែលផ្ញើមកជូនសម្តេច សាយ ឈុំ ជាភាសាអង់គ្លេស ហើយត្រូវបានបកប្រែជាភាសាខ្មែរ លោក អេ​រិ​កសិន បាន​សង្កត់ធ្ងន់ៗ ​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា និង​សហរដ្ឋអាមេរិក គួរ​ធ្វើការ​រួមគ្នា ដើម្បី​កែលម្អ​ទំនាក់ទំនង​ឲ្យ​បាន​ប្រសើរ​ឡើងវិញ ដោយ​ផ្អែកលើ​ការគោរព​ចំពោះ​អធិបតេយ្យភាព​ទៅវិញទៅមក​។ [….] ខ្ញុំ ជឿជាក់ថា នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ សម្រាប់​កម្ពុជា និង​សហរដ្ឋអាមេរិក ក្នុងការ​កែលម្អ ទំនាក់​ទំ​នង​លើ​វិស័យសេដ្ឋកិច្ច នយោបាយ និង​វប្បធម៌ ឲ្យ​បាន​ប្រសើរឡើង​។ យើង គួរតែ​ផ្តោតលើ​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម កំណើន​ភ្ញៀវទេសចរ និង​ការវិនិយោគ​ផ្ទាល់​រវាង​ប្រជាជាតិ​ទាំងពីរ​»​។   
 
​សមាជិក​ព្រឹទ្ធសភា​រូបនេះ បន្តថា យុទ្ធសាស្ត្រ​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក គឺ​មិន​យកចិត្តទុកដាក់​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​ឡើយ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​គោលការណ៍​មួយ ក្នុងចំណោម​គោលការណ៍​ជាច្រើន​របស់​យើង គឺ​គោរព​អធិបតេយ្យ​របស់​ប្រទេស​ដទៃ​»​។​
 
​ទស្សនៈ​របស់លោក អេ​រិ​កសិន បញ្ច្រាស់​ទាំងស្រុង​ពី​ទស្សនៈ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ផ្សេងៗ ដូចជា​លោក​ បេន កា​ឌិន (Ben Cardin) លោក ច​ន ម៉ាក់​ខេន (John McCain) និង​លោក ថេត ក្រូ​ស (Ted Cruz)  ជាដើម​។ សមាជិក​ព្រឹទ្ធសភា​ទាំងនោះ នាំគ្នា​វាយប្រហារ​មកលើ​រដ្ឋាភិបាល​កម្ពុជា​យ៉ាងខ្លាំង ដោយ​លើក​ហេតុផល​ថា ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ធ្លាក់ចុះ​។ ពួកគេ រឹតតែ​មិន​ពេញ​ចិត្តនឹង​រដ្ឋាភិបាល​ក​ម្ពុ​ជា នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល ហើយ​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​នេះ ក៏​ត្រូវបាន​ចាប់ខ្លួន​។ 

អត្ថបទទាក់ទង

 
​មិនមែន​តែ​សមាជិក​ព្រឹទ្ធសភា​នោះទេ រហូតដល់​រដ្ឋាភិបាល​អាមេរិក ក៏​ធ្លា​ប់លូក​មាត់​លូ​កក​ខ្លះៗ មកកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ដែរ​។ ដោយ​ទើសទាល់​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា រដ្ឋាភិបាល​អាមេរិក សម្រេច​ផ្តាច់ជំនួយ​ផ្នែក​ការបោះឆ្នោត​។ លើសពីនេះ រដ្ឋាភិបាល​អាមេរិក បាន​រឹតបន្តឹង​ក្នុងការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយចំនួន​ថែមទៀត​។ ក្រៅពី​សហរដ្ឋអាមេរិក ប្រទេស​ដទៃ ដូចជា សហភាព​អឺរ៉ុប ជាដើម ក៏បាន​ទិតៀន និង​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា​ដែរ​។ 
 
​យ៉ាងណា​ក៏ដោយចុះ រដ្ឋាភិបាល​កម្ពុជា បានប្រកាសថា មិន​ភ័យខ្លាច​នឹង​សម្ពាធ​របស់​អន្តរជាតិ​ឡើយ​។ រដ្ឋាភិបាល នៅតែ​ប្រកាន់​ជំហរ​ថា អ្វីដែល​ខ្លួន បានធ្វើ​នាពេល​កន្លងមក គឺ​ត្រឹមត្រូវ និង​ស្ថិតក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ដោយ​បរទេស​មិនអាច​ជ្រៀតជ្រែក​បាន​នោះទេ​៕ 
 
 
 
 
 
 
 

Tag:
 ​កម្ពុជា​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com