ជាតិ
សិល្បះ
អ្នកចម្រៀង​ខ្មែរ​មួយរូប ប្រើប្រាស់​បទ​ចម្រៀង​រប​ស់​ខ្លួន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក​
22, Mar 2018 , 7:59 pm        
រូបភាព
លោក យឹង យន អ្នកនិពន្ធ និងជាអ្នកចម្រៀងដែលទទួលបានការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងការប្រគំតន្រ្តីប្រកាសអាល់ប៊ុមចម្រៀងថ្មីរបស់លោក ក្នុងខេត្តកំពង់ធំ ដើម្បីកសាងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក តាមរយៈតន្រ្តី និងកម្មវិធីវប្បធម៌ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)
លោក យឹង យន អ្នកនិពន្ធ និងជាអ្នកចម្រៀងដែលទទួលបានការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងការប្រគំតន្រ្តីប្រកាសអាល់ប៊ុមចម្រៀងថ្មីរបស់លោក ក្នុងខេត្តកំពង់ធំ ដើម្បីកសាងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក តាមរយៈតន្រ្តី និងកម្មវិធីវប្បធម៌ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)
ដោយ:
​ភ្នំពេញ ៖ លោក យឹ​ង យ​ន និពន្ធ​និង​ច្រៀង​រៀបរាប់​ពីរ​ដ្ឋ Florida សហរដ្ឋអាមេរិក​។ បទ​ចម្រៀង​នេះ​ជា​បទ​មួយ​ក្នុងចំណោម​១១​បទ ដែល​ត្រូវបាន​តែង​ឡើង ខណៈដែល​លោក​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋ​ផ្សេងៗ​នៅ​សហរដ្ឋអាមេរិក​។​



​បទ​ចម្រៀង​ក្នុង​អាល់​ប៊ុ​ម «Lovin' USA: Yorn Young Journey Across America» ដែល​បក​ប្រែជា​ភាសា​ខ្មែរ​ថា «​ជាប់​ស្នេហ៍​នៅ​អាមេរិក ដំណើរ​កំសាន្ត​របស់លោក យឹ​ង យ​ន នៅ​សហរដ្ឋអាមេរិក​» ដែល​និយាយ​អំពី​ភាពស្រស់ស្អាត​នៃ​ទីក្រុង និង​រដ្ឋ​នានា​របស់​អាមេរិក​ដែល​លោក​បាន​ទៅ​ទស្សនា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្នុងការ​ធ្វើដំណើរ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ ពី​តំបន់ឆ្នេរ​ខាងលិច​នៃ​សហរដ្ឋអាមេរិក ដែលមាន​ប្រជាជន​ខ្មែរ​ភាគច្រើន​រស់នៅ រហូតដល់​តំបន់ឆ្នេរ​ខាងកើត និង New York លោក យឹ​ង យ​ន បាន​រៀបរាប់​តាក់តែង​ពី​សម្រស់​ធម្មជាតិ​និង​ទីក្រុង​នានា​របស់​អាមេរិក ដែល​លោក​ប្រៀប​ទៅនឹង​សម្រស់​ស្រី​ក្រមុំ​ដែល​កំពុងមាន​ភាព​ទាក់ទាញ​។​

​បទ​ចម្រៀង​ដ៏​មាន​អត្ថន័យ​ទាំងនេះ​ត្រូវបាន​លោក យឹ​ង យ​ន ច្រៀង​ឡើងវិញ​កាលពី​យប់​ថ្ងៃ​សៅរ៍ ក្នុង​ការប្រគំ​តន្ត្រី​ដើម្បី​បង្ហាញ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​របស់លោក នៅក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។ ក្នុង​ការប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​បទ​ចម្រៀង ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​អាមេរិក មាន​អ្នកទស្សនា​ប្រមាណ​ជា​៤០០​នាក់ ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​។​



​តាមរយៈ​តន្ត្រី និង​កម្មវិធី​វប្បធម៌​នោះ គេ​ឃើញថា ក្រៅពី​ចម្រៀង​ដែល​ច្រៀង​រៀបរាប់​ពីរ​ដ្ឋ​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក ក៏​នៅមាន​ចម្រៀង​មួយចំនួនទៀត​ដែល​ក្រុម​តន្ត្រី​របស់លោក យឹ​ង យ​ន បាន​និពន្ធ​ពី​ទេសភាព​នៅ​កម្ពុជា ចម្រៀង​ចាប៉ី និង​របាំ​ប្រពៃណី​ផ្សេងៗ​ទៀត​របស់​កម្ពុជា​ផងដែរ​។ ក្នុង​កម្មវិធី​នោះ ក៏មាន​ការចែក​ថាស​ច​ម្រៀ​ង​ចំនួន​៦០០​ដោយ​ឥតគិតថ្លៃ ហើយ​មាន​ថត​ផ្តិត​យក​ទេសភាព​ពីរ​ដ្ឋ​មួយចំនួន​បញ្ចូល​ក្នុង​បទ​ចម្រៀង​របស់លោក​។​

​កំពុង​បីកូន​តូច​ឈរ​មើល​ការប្រគំ​តន្ត្រី​នៅ​ខាងឆ្វេង​ឆាក លោក គឹម សាន លើកឡើងថា ការ​ច្រៀង​រៀបរាប់​ពីរ​ដ្ឋ​នីមួយៗ​ក្នុង​សហរដ្ឋអាមេរិក​បានធ្វើ​ឲ្យ​លោក​ស្រ​ម៉ៃ​ទៅដល់​ភាពស្រស់​បំព្រង និង​ការរីកចម្រើន​នៃ​ប្រទេស​អភិវឌ្ឍន៍​មួយ​នោះ​។ បុរស​វ័យ​៣៥​ឆ្នាំ​រូបនេះ​បន្ថែម​ទាំង​ញញឹម​ថា ការប្រគំ​តន្ត្រី​ដែលមាន​លាយ​វប្បធម៌​ខ្មែរ ជាមួយ​សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​អាមេរិក មាន​ភាពស្និទ្ធស្នាល​ជាង​មុន​។​

​លោក គឹម សាន មានប្រសាសន៍ថា​៖

«​គាត់​បាន​ទៅ​និពន្ធ​ទំនុក​បទ​ចម្រៀង​នៅ​អាមេរិក​ហ្នឹង​គឺ​ដូចដែល​យើង​ចាប់អារម្មណ៍​ថា យើង​បាន​ទៅ​ទស្សនា​នៅ​អាមេរិក​អីចឹង​ដែរ​។ ហើយ​គាត់​រៀបរាប់​ពី​ទេសភាព រៀបរាប់​ពីរ​ដ្ឋ ហើយ​មាន​កន្លែង​ដំណើរ​កំសាន្ត ចាប់អារម្មណ៍ ដូចជា​ការផ្លាស់ប្តូរ​វប្បធម៌​ពិតៗ ដូច​ខ្លឹមសារ​តន្ត្រី​ដែលថា មក​ផ្លាស់ប្តូរ​នូវ​វប្បធម៌​ហ្នឹង​។ តាមរយៈ​បទ​ចម្រៀង​របស់​ពួកគាត់ ស្វែងយល់​ពី​ថា សហរដ្ឋអាមេរិក​ក៏​គេ​ចង់យក​វប្បធម៌​យើង​ទៅ​ផ្សព្វផ្សាយ​នៅ​ប្រទេស​គេ ហើយ​ចង់​នាំ​វប្បធម៌​គេ​មក​ផ្សព្វផ្សាយ​នៅ​យើង​។ បើ​យើង​ស្តាប់ទៅ​គឺ​ការទំនាក់ទំនង​គ្នា​ល្អ​»​។​

​ខណៈ​កំពុង​អង្គុយ​លើ​ម៉ូតូ​ផ្តោត​អារម្ភ​របស់ខ្លួន​ទៅលើ​ឆាក​ដែល​ពោរពេញ​ទៅដោយ​ភ្លើងពណ៌ និង​សំឡេង​តន្ត្រី អមដោយ​អ្នក​សម្តែង​ផង​នោះ កញ្ញា នួន ដា​ណេ​ត និ​យាង​ថា ការនិពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី​ដោយ​មិន​ចម្លង​តាម​គេ គឺជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា​។ កញ្ញា​បន្ថែមថា ពីមុន​កញ្ញា​មិនសូវ​ស្គាល់​ពី​អាមេរិក​នោះទេ​។ ប៉ុន្តែ​កញ្ញា​ថា សម្រាប់​ការផ្សព្វផ្សាយ​បទ​ចម្រៀង​ដែលមាន​រៀបរាប់ និង​បង្ហាញ​ពី​ទេសភាព​នៅ​សហរដ្ឋអាមេរិក ដែលមាន​ប​ញ្ជូ​ល​ការសម្តែង​របាំ​របស់​ខ្មែរ​ជាមួយគ្នា​បែបនេះ ធ្វើ​ឲ្យ​កញ្ញា​យល់ថា កាន់តែ​ស្គាល់​សហរដ្ឋអាមេរិក​បាន​ច្រើនជាង​មុន​។​

​កញ្ញា ដា​ណេ​ត បញ្ជាក់ថា​៖

«​តាមរយៈ​បទ​ចម្រៀង​ហ្នឹង​គឺ​បង្ហាញ​ឲ្យ​ឃើញថា ភាព​ទំនាក់ទំនង​គ្នា​រវាង​ប្រទេស​កម្ពុជា ហើយនឹង​សហរដ្ឋ គឺមាន​ភាពស្និទ្ធស្នាល​គ្នា​។ គឺ​ល្អ ដូច​ថា មាន​សម្ព័ន្ធ​ភាពល្អ​។ បង​ចង់បាន​បែប​ហ្នឹង​»​។​

​អ្នកទស្សនា​វ័យ​២៧​ឆ្នាំ​រូបនេះ​បន្ថែមថា កញ្ញា​ចង់​ឲ្យ​កម្មវិធី​ប្រគំ​តន្ត្រី​បែបនេះ​មាន​ជា​រៀងរាល់ឆ្នាំ ដើម្បី​ឲ្យ​កម្ពុជា និង​អាមេរិក​មានឱកាស​ផ្លាស់ប្តូរ​វប្បធម៌​គ្នា​ទៅវិញទៅមក​។​
​លោក យឹ​ង យ​ន ធ្លាប់បាន​ប្រគុំ​តន្ត្រី​បែបនេះ​ឲ្យ​ពលរដ្ឋ​ទស្សនា​ម្តង​ក្នុង​រាជធានី​ភ្នំពេញ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ​។ សម្រាប់​ការចាប់ផ្តើម​នៅ​ខេត្តកំពង់ធំ លោក យឹ​ង យ​ន ប្រាប់ថា ដោយសារ​ខេត្ត​នេះ​ជា​ស្រុកកំណើត​របស់លោក ហើយ​លោក​រំពឹងថា លោក​នឹង​ទទួលបាន​ការគាំទ្រ និង​ការឧបត្ថម្ភ​បន្ថែម ដើម្បី​អាច​ទៅ​ប្រគំ​តន្ត្រី និង​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ជា​បន្ត​។​

​អ្នកចម្រៀង​វ័យ​៣៧​ឆ្នាំ​រូបនេះ​បន្ថែមថា ការប្រគំ​តន្ត្រី​នេះ ជាការ​ចែករំលែក​ព័ត៌មាន និង​ចំណេះដឹង​តាមរយៈ​ចម្រៀង ដែល​លោក​ថា វិធីសាស្ត្រ​នេះ​អាចធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ពី​អន្តរជាតិ​កាន់តែច្រើន​។​

​លោក យឹ​ង យ​ន  អ្នកចម្រៀង​សម្បុរ​ស្រអែម​ដែល​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា កែវ សារ៉ាត់ ទី​២ មានប្រសាសន៍ថា​៖

«​ចម្រៀង​ក៏​ជា​ចំណែក​មួយ​នៃ​ការផ្សព្វផ្សាយ​ចំណេះដឹង​ទាក់ទង​នឹង​ភូមិសាស្ត្រ​នយោបាយ​។ ដូច​បងប្អូន​ដែល​យើង​រៀន​នៅ​សាលា​ចំណេះដឹង​ទូទៅ ដែល​រៀន​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ​អន្តរជាតិ​។ អីចឹង​ខ្ញុំ​គិតថា ចម្រៀង​ក៏​ជា​ចំណែក​មួយ​នៃ​ការផ្តល់​ចំណេះដឹង ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន រវាង​ប្រទេស និង​ប្រទេស ដើម្បី​ឲ្យ​ប្រជាជន​នៅក្នុង​ពិភពលោក​បាន​ស្គាល់គ្នា ជាពិសេស​គឺថា បងប្អូន​ខ្មែរ​ដែល​មិន​ធ្លាប់​ទៅ​អាម​រិ​ក បាន​ស្គាល់​អាមេរិក​តាមរយៈ​បទ​ចម្រៀង​របស់ខ្ញុំ​»​។​

​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នោះ ក៏មាន​ការចូលរួម​ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា គឺ​លោក William Heidt ភរិយា និង​កូនប្រុស​របស់លោក ព្រមទាំង​មន្ត្រី​ស្ថានទូត​មួយចំនួន​ផង​។​

​ចាប់តាំងពី​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុ​ជាមាន​ភាពរ​កាំរ​កូ​ស ស្របពេល​ឥទ្ធិពល​របស់​ចិន​កំពុង​កើនឡើង​កាន់តែ​ស្អិតរ​មួ​ត​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​នោះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​រក​វិធី​ថ្មី​មួយ​ដើម្បី​ទាក់ទាញ​បេះដូង និង​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​តាមរយៈ​ការបញ្ជ្រៀប និង​ផ្លាស់ប្តូរ​វប្បធម៌ និង​តន្ត្រី​។​

​ថ្លែង​ពី​ស្រុក​ស្ទឹងសែន ទី​ដែលមាន​ការប្រគំ​តន្ត្រី​នេះ  លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​ឧបត្ថម្ភ​លោក យឹ​ង យ​ន និង​ក្រុម​តន្ត្រី​របស់លោក​ដើម្បី​ប្រគំ​តន្ត្រី​នេះ​ឡើង បន្ទាប់ពី​លោក​បានឃើញ​ពី​ទេពកោសល្យ​ដ៏​ល្អ​ក្នុងការ​តែង​និពន្ធ និង​ច្រៀង​ចម្រៀង​។ លោក​បន្ថែមថា ប្រជាជន​កម្ពុជា និង​ប្រជាជន​អាមេរិក​សុទ្ធតែ​ចូលចិត្ត​ចម្រៀង និង​តន្ត្រី ដូច្នេះ​លោក​ថា តាមរយៈ​តន្ត្រី ទំនាក់ទំនង​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​។​



​លោក William Heidt ថ្លែង​ជា​ភាសា​អង់គ្លេស និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​៖

«​ប្រជាជន​ខ្មែរ​ស្រឡាញ់​តន្ត្រី ប្រជាជន​អាមេរិក​ក៏​ស្រឡាញ់​តន្ត្រី​។ យើង​មាន​អារម្មណ៍​ថា វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​អំពី​បុរស​ខ្មែរ​វ័យក្មេង​ម្នាក់​ដែល​បាន​ទៅ​សហរដ្ឋអាមេរិក​។ ក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​ខ្មែរ គាត់​មើលឃើញ​ភាពស្រស់ស្អាត​តាមរបៀប​ផ្សេងៗ​។ គាត់​បាន​សរសេរ​បទ​ចម្រៀង​អំពី​អាមេរិក​ហើយ​ត្រឡប់មកវិញ​ដោយ​ច្រៀង​ជា​ភាសា​របស់គាត់ គឺ​ភាសា​ខ្មែរ​។ ដូច្នេះ​ប្រជាជន​កម្ពុជា​អាច​ស្តាប់​បាន​។ ដូច្នេះ​តាមរយៈ​តន្ត្រី ពួកយើង​កសាង​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​អាមេរិក​»​។​

​នៅ​ឆ្នាំ​២០១៣ លោក យឹ​ង យ​ន បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ផ្នែក​តន្ត្រី​មួយ​ដែលមាន​ឈ្មោះថា OneBeat នៅក្នុង​សហរដ្ឋអាមេរិក​។ កម្មវិធី​នោះ​មានការ​ចូលរួម​ពី​តន្ត្រីករ​មកពី​ទូទាំង​ពិភពលោក ដើម្បី​ធ្វើការ​សហការគ្នា និង​បង្កើត​បទ​ចម្រៀង​ដើម ដែល​ត្រូវបាន​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ ទីនោះ​ហើយ​ដែល​លោក យឹ​ង យ​ន មានឱកាស​បានធ្វើ​ដំណើ​រ​ទៅ​រដ្ឋ​ផ្សេងៗ​ក្នុង​សហរដ្ឋអាមេរិក ជា​បន្តបន្ទាប់ និង​បាន​សរសេរ​បទ​ចម្រៀង​ខ្មែរ​ទាំង​១១​បទ ដែល​រៀបរាប់​ពី​រដ្ឋ​ទាំងនោះ​។ ក្រោយពេល​ត្រឡប់​ពី​អាមេរិក​វិញ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏បានផ្តល់​អំណោយ​ថវិកា​ប្រមាណ​ជា​២​ម៉ឺន​ដុល្លារ​ដល់​លោក យឹ​ង យ​ន និង​ក្រុម​តន្ត្រី​របស់លោក ដើម្បី​ជំរុញ​ការបង្កើត​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី និង​រៀបចំ​ការប្រគំ​តន្ត្រី​នៅ​ខេត្តកំពង់ធំ​នេះ​ឡើង​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com