ជាតិ
រកឃើញពងកន្ធាយក្បាលកង្កែបជាង៦០០នៅទន្លេមេគង្គ
× ភ្នំពេញ៖ ពងកូនកន្ធាយក្បាលកង្កែបជាង៦០០ពង ក្នុងសំបុកចំនួន២០ ត្រូវបានប្រជាសហគមន៍ និងក្រុមអភិរក្ស រកឃើញនៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ សម្រាប់រដូវការពងកូននេះ។
លោក លោក ងួន ចន្ទី អ្នកសម្របសម្រួលគម្រោងអភិរក្សកន្ធាយក្បាលកង្កែបនៃអង្គការWCS បាននិយាយថា ក្រុមការងារបានរកឃើញសំបុកកន្ធាយក្បាលកង្កែបទាំងអស់មានចំនួន៣៥សំបុក ប៉ុន្តែជាអកុសល សំបុកចំនួន១៥ត្រូវបានជនខិលខួចលួចប្រមូលយកពងរបស់វាទៅបាត់អស់ មុនពេលក្រុមការងារទៅដល់។ បើតាមលោក ចន្ទី នៅពេលនេះពងកន្ធាយក្បាលកង្កែប នៅសល់តែ២០សំបុក ដែលមានពងចំនួន៦៦៣គ្រាប់ប៉ុណ្ណោះ ។
អ្នកសម្របសម្រួលគម្រោងអភិរក្សអង្គការWCS រូបនេះ បានបញ្ជាក់ដូច្នេះថា៖ «គិតត្រឹមខែមីនានេះ កូនកន្ធាយក្បាលកង្កែបចំនួន១៣២បានញាស់ដោយជោគជ័យ ហើយយើងកំពុងតែថែរក្សាពួកវានៅទីតាំងមានសុវត្ថិភាព និងលែងពួកវាទៅក្នុងទន្លេវិញនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ»។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បាននិយាយថា តម្រូវការនៅលើទីផ្សារ គឺជាកត្តាជម្រុញឲ្យមានការប្រមូលយកពងកូន និងមេពូជសត្វកន្ធាយក្បាលកង្កែបដោយខុសច្បាប់នៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលជាក្តីព្រួយបារម្ភដ៏ធំមួយសម្រាប់ការអភិរក្ស។ លោក អ៊ុក វិបុល អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារកន្ធាយក្បាលកង្កែបនៅក្នុងប្រទេសកម្ពុជា តាមរយៈការបញ្ឈប់ការទិញ ឬបរិភោគពង ឬសាច់កន្ធាយក្បាលកង្កែប ព្រោះជាអំពើខុសច្បាប់នៅក្នុងកម្ពុជា។
លោក វិបុល បានបន្ថែមថា៖ «ដើម្បីបង្កើនការយល់ដឹងលើសត្វកន្ធាយក្បាលកង្កែប ដែលកំពុងរងគ្រោះថ្នាក់ ការចូលរួមរបស់អាជ្ញាធរ និងប្រជាសហគមន៍ក្នុងការងារអភិរក្ស គឺជាដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដើម្បីការពារប្រភេទសត្វដ៏កម្រមួយនេះឲ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ»។
សត្វកន្ធាយក្បាលកង្កែប ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ (IUCN) ជាប្រភេទរងគ្រោះជិតផុតនៅលើសាកលលោក និងស្ថិតក្នុងបញ្ជីនៃប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា។ ពួកវាត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០៧ ទើបត្រូវបានគេរកឃើញសារជាថ្មីម្តងទៀតនៅដងទន្លេមេគង្គ ក្នុងបរិវេណ៤៨គីឡូម៉ែត្រ ចន្លោះខេត្តក្រចេះ និងស្ទឹងត្រែង៕
Tag:
ពងកន្ធាយ
កម្ពុជា
ងួន ចន្ទី
អ៊ុក វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com