ជាតិ
ក្រុមប្រឹក្សាសិទ្ធិមនុស្ស៖ ៤៥ប្រទេសស្នើឲ្យដោះលែងលោក កឹម សុខា និងឲ្យ CNRP រស់វិញ រូបភាព៖ កិច្ចប្រជុំលើទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២0១៨
× ភ្នំពេញ៖ ប្រទេស៤៥ បានយកកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់សហប្រជាជាតិ ដើម្បីរៀបរាប់ពីវិបត្តិសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅកម្ពុជា។ ពួកគេ យល់ថា ដើម្បីដោះស្រាយវិបត្តិធ្ងន់ធ្ងរនេះ លុះត្រាតែដោះលែងមេបក្សប្រឆាំង និងបើកផ្លូវឲ្យបក្សប្រឆាំង ធ្វើសកម្មឡើងវិញ មុនការបោះឆ្នោត មកដល់។ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ចាត់ទុក ការវាយប្រហារកម្ពុជា ក្នុងកិច្ចប្រជុំនេះ ថាធ្វើខុសរបៀបវារៈ ហើយបានហៅទង្វើរបស់ប្រទេសទាំង៤៥ ថាជាការលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសដទៃ។
ប្រទេស៤៥ ដោយមាន ណូវែល ហ្សេឡង់ដ៍ ជាតំណាង បានចងបាច់គ្នាជាក្រុម ហើយចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីស្ថានភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ជូនអង្គប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២0១៨។ តាមរយៈសេចក្តីថ្លែងការណ៍ ប្រទេស៤៥ បានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាថា ធ្វើឲ្យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ ធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេលចុងក្រោយនេះ។
អ្វីដែលធ្វើឲ្យប្រទេសទាំង៤៥ រឹតតែព្រួយបារម្ភ គឺការរំលាយគណបក្សសង្គ្រោះជាតិ (CNRP) ការដកសិទ្ធិនយោបាយពីថ្នាក់ដឹកនាំទាំង១១៨រូបនៃគណបក្សនេះ និងការបន្តឃុំលោក កឹម សុខា ក្នុងពន្ធនាគារ ខណៈការបោះឆ្នោតថ្នាក់ជាតិ ជិតឈានមកដល់។ ប្រទេសទាំងនោះ យល់ថា ដើម្បីស្រោចស្រង់ប្រជាធិបតេយ្យ ហើយដើម្បីធានាការបោះឆ្នោតនាពេលខាង ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះត្រាតែក្រុមប្រឆាំង ទទួលបាននីតិសម្បទានពីរដ្ឋាភិបាលកម្ពុជា និងការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ។
ក្នុងកិច្ចប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស (37th Session of the Human Rights Council) របស់អង្គការសហប្រជាតិ ដែលមានការចូលរួមពីប្រទេសជាសមាជិកជុំវិញពិភពលោក តំណាងនៃប្រទេស ណូវែល សេឡង់ដ៍ បានឡើងអានសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖«យើង សុំអំពាវនាវ ឲ្យដោះលែងអ្នកទោសនយោបាយនៅកម្ពុជាទាំងអស់ជាបន្ទាន់ រួមទាំងលោក កឹម សុខា និងសុំឲ្យគណបក្សសង្គ្រោះជាតិ ងើបឡើងវិញ។ សុំឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឲ្យបានលឿន ជៀសវាងយឺតពេល ដើម្បីធានាថា ការបោះឆ្នោតឆ្នាំ២0១៨ អាចជឿទុកចិត្តបាន។ ដំណើរការបោះឆ្នោត ដែលបក្សប្រឆាំង ត្រូវបានដកចេញតាមអំពើចិត្ត ពុំអាចចាត់ទុកថា មានភាពត្រឹមត្រូវ ឬស្របច្បាប់បានទេ»។
តាមរយៈសេក្តីថ្លែងការណ៍ ប្រទេសខាងលើ ក៏ទាមទារឲ្យបើកផ្លូវដល់ថ្នាក់ដឹកនាំ១១៨រូបនៃគណបក្សសង្គ្រោះជាតិ បានធ្វើនយោបាយដូចមុន ហើយផ្តល់អាសនៈដល់សមាជិកទាំងអស់នៃគណបក្សនេះឡើងវិញ។ លើសពីនេះ ប្រទេសទាំងនោះ ក៏ឆ្លៀតជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញដល់ក្រុមសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ ក្នុងការបំពេញការងាររបស់ពួកគេ។ ប្រទេសទាំងនោះ សង្កត់ធ្ងន់បែបនេះថា៖«យើង នឹងពិចារណាបន្ថែមទៀត ប្រសិនបើស្ថានការណ៍សិទិ្ធមនុស្ស មិនមានភាពប្រសើរឡើង នៅមុនការបោះឆ្នោត»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដោយមានលោក ណី សំអុល ជាឯកអគ្គរាជទូត និងជាតំណាង បានចេញសេចក្តីថ្លែងការណ៍ ដើម្បីឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រទេសទាំង៤៥នោះ។ តំណាងកម្ពុជា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍បែបនេះថា៖«កម្ពុជា ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍ ដែលមានចរិតនយោបាយ និងបង្កប់ទៅដោយបំណងអាក្រក់ ដើម្បីរារាំងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារច្បាប់ និងការថែរក្សាសណ្តាប់ធ្នាប់ រួមទាំងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សម្រាប់ប្រជាជនរបស់ខ្លួន»។
តាមរយៈសេចក្តីថ្លែងការណ៍ តំណាងកម្ពុជា បានចាត់ទុកទង្វើរបស់ប្រទេសទាំង៤៥ថា មិនមានភាពស្មោះត្រង់ និងបំពានបទដ្ឋានរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ តំណាងកម្ពុជា លើកហេតុផលថា របៀបវារៈដែលពាក់ព័ន្ធនឹងកម្ពុជា នឹងត្រូវលើកមកពិភាក្សា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២0១៨ ប៉ុន្តែបែរជាប្រទេសទាំងនោះ លើកមកពិភាក្សាមុនទៅវិញ។
តំណាងកម្ពុជា បានប្រើពាក្យធ្ងន់ៗ ដើម្បីវាយបកនឹងប្រទេសទាំង៤៥ បែបនេះថា៖«អ្វីដែលពុំធ្លាប់កើតមានពីមុនមកទាល់សោះ ថ្ងៃនេះ វា បានកើតមានឡើងហើយ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស កំពុងត្រូវបានគេ ប្រើជារូបភាពនយោបាយយ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលមួយចំនួន ប្រើប្រាស់ក្រុមប្រឹក្សានេះ ជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនានា រួមបញ្ចូលទាំងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ផងដែរ។ បណ្តាប្រទេសទាំងនោះ បានរំលោភបំពានដោយគ្មានស្ទាក់ស្ទើរសោះឡើយចំពោះបទដ្ឋាន ការអនុវត្ត និងគោលការណ៍នៃក្រុមប្រឹក្សានេះ»។
សហគមន៍អន្តរជាតិភាគច្រើន ហាក់មានសមានចិត្តជាមួយបក្សប្រឆាំង ជាជាងបក្សកាន់អំណាចនិងរដ្ឋាភិបាលកម្ពុជា។ ក្រោយពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន ហើយបក្សប្រឆាំងត្រូវបានរំលាយចោល សហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម បានដាក់សម្ភាធនិងទណ្ឌកម្មជាបន្តបន្ទាប់មកលើរដ្ឋាភិបាលកម្ពុជា។
ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកចំណាត់ការលើក្រុមប្រឆាំងថា ស្របទៅតាមច្បាប់។ រដ្ឋាភិបាលកម្ពុជា ព្យាយាមបង្ហាញពីភាពរឹងមាំរបស់ខ្លួន ដោយអះអាងថា មិនភ័យខ្លាចនឹងទណ្ឌកម្មពីសហគមន៍អន្តរជាតិឡើយ៕
Tag:
កម្ពុជា
UN
សិទ្ធិមនុស្ស
ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com