ជាតិ
ចិន និងឥណ្ឌា កាន់តែច្បាស់ពីគម្រោងជួសជុលប្រាសាទព្រះវិហារ
× សៀមរាប៖ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ បានបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៤របស់ខ្លួន នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។ កិច្ចប្រជុំដែលផ្តោតសំខាន់លើការងារជួសជុលប្រាសាទព្រះវិហារ និងតំបន់កោះកេរបានសម្រេចផ្លែផ្កាគួរឱ្យកត់សម្គាល់។ ក្នុងនោះ សហប្រធានចិន និងឥណ្ឌា បានបង្ហាញកាន់តែច្បាស់ ពីគម្រោងជួយជួសជុលប្រាសាទព្រះវិហារ។
ប្រធានអាជ្ញាធរជាតិព្រះវិហារ លោក គឹម សេតារា បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលប់ថ្ងៃទី២១ មីនា ក្រោយកិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ ដោយបានលើកពីចំណុចវិជ្ជមានជាច្រើន ដែលបានពីក្នុងកិច្ចប្រជុំរយៈពេលពេញមួយថ្ងៃ។ លោកបន្ថែមថា ចិន និងឥណ្ឌា បានធានាលើគម្រោងជួយជួសជុលប្រាសាទព្រះវិហារកាន់តែច្បាស់។ លោកបន្តទៀតថា ឥណ្ឌា នឹងជួសជុលគោបុរៈ ឬតួទី៥ និងជណ្ដើរតភ្ជាប់ទៅខាងជើង និងផ្នែកខ្លះនៃគោបុរៈទី១។ ចំណែកភាគីចិន ជួយជួសជុលគោបុរៈទី១ ទី២ និងទី៣ និងបានឱ្យអ្នកជំនាញការរបស់ខ្លួនមកធ្វើវាយតម្លៃនូវស្ថានភាពជាក់ស្ដែងរបស់ប្រាសាទព្រះវិហារ មុននឹងដំណើរការជួសជុល។
ដោយឡែកសម្រាប់ភាគី ប៊ែលហ្សិកវិញ សមាជិកអាយស៊ីស៊ី-ព្រះវិហារមួយនេះ បានសន្យាជួយបង្កើតបណ្ដុំទិន្នន័យ ដើម្បីងាយស្រួលដល់អ្នកជំនាញក្នុងដំណើរការជួសជុល។ ឯថៃវិញ ថៃបានសន្យាជួយសិក្សាស្រាវជ្រាវ បំពាក់បំប៉នសមត្ថភាពដល់មន្ត្រី និងជួយជួសជុលប្រាសាទណាមួយ ក្នុងតំបន់កោះកេរ។ កោះកេរ មានប្រាសាទប្រមាណ ៦០ និងមានផ្ទៃដីជិត១ម៉ឺនហិកតា។ ក្រៅពីនោះ អ្នកជំនាញការបានផ្តល់អនុសាសន៍ល្អៗទាក់ទងនឹងការងារបរិស្ថាន ការជួសជុល បញ្ហាអភិរក្ស បញ្ហាអភិវឌ្ឍន៍សហគមន៍ ជាដើម។
យ៉ាងណាក៏ដោយ តាមប្រធានអាជ្ញាធរជាតិព្រះវិហារ ការងារនៅតំបន់ប្រាសាទព្រះវិហារ មានបញ្ហាប្រឈមជាច្រើនជា ដូចជាទាក់ទងនឹងសម្ភារ ធនធានមនុស្ស មធ្យោបាយ និងថវិកាជាដើម។ វិសាលភាពនៃអាជ្ញាធរនេះ មានការកើនឡើង ក្រោយរាជរដ្ឋាភិបាលផ្ទេរសិទ្ធិគ្រប់គ្រងតំបន់កោះកេរ ពីអាជ្ញាធរជាតិអប្សរា មកឱ្យអាជ្ញាធរជាតិព្រះវិហារវិញ នៅឆ្នាំ២០១៦។ ពីតំបន់ព្រះវិហារ ទៅកោះកេរមានចំងាយផ្លូវ ១៣០គីឡូម៉ែត្រ ដែលពិបាកដល់អ្នកជំនាញឡើងចុះធ្វើការងារផ្សេងៗ។ នេះជាការលើកឡើងរបស់លោក គឹម សេតារា៕
Tag:
អាយស៊ីស៊ី-ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com