ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​កងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ម៉ាលី ពង្រឹងស្មារតី​ការងារ ទោះ​ជួប​ការវាយប្រហារ​ក្តី​
23, Mar 2018 , 10:02 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ព័ត៌មាន​ថា គ្មាន​កងកម្លាំង​រក្សា​សន្តិសុខ​អង្គការសហប្រជាជាតិរ​បស់​កម្ពុជា ស្លាប់​ឬ​រងរបួស នៅក្នុង​ការវាយប្រហារ​នៅ​ប្រទេស​ម៉ាលី​ឡើយ​។ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​មួយ ពី​សំណាក់​ពួក​ឧទ្ទាម ទៅលើ​ជំរុំកងទ័ព​មួក​ខៀវ ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី​២២ មីនា (​ម៉ោង​១៖ ៥៥​នាទីរសៀល នៅ​កម្ពុជា​) ដែល​បណ្ដា​ឲ្យ​កងទ័ព​បារាំង​របួស​៥​នាក់​។​



​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​ស្ថិតនៅក្នុង​ហេតុការណ៍​អាក្រក់​នៅ​ម៉ាលី ពង្រឹងស្មារតី​បំពេញការងារ​ឡើងវិញ បើ​ទោះ​មានការ​វាយប្រហារ​បែបនេះ​ក្តី​។ ប្រមុខ​រដ្ឋាភិបាល ក៏​អំពាវនាវ​ឲ្យ​ក្រុមគ្រួសារ ឬ​សាច់ញាតិ កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បំពេញការងារ​នៅ​ម៉ាលី កុំ​មានការ​ព្រួយបារម្ភ និង​រក្សា​ភាពស្ងប់ស្ងាត់ ព្រោះ​ក្រោយពី​វាយប្រហារ​នេះ ស្ថានភាព​បាន​វិលត្រឡប់​មករក​សភាព​ដើម​វិញ​ហើយ​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថ្កោលទោស​ចំពោះ​ទង្វើរ​របស់​ក្រុម​ឧទ្ទាម ដែល​លួច​ឆ្មក​វាយប្រហារ​មកលើ​ក​ង​កម្លាំង​រក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ចូលរួម​បំពេញ​កិច្ចការ​មនុស្ស​សម្រាប់​ប្រទេស​ម៉ាលី​នេះ ។ សម្ដេច ចាត់ទុក​ទង្វើរ​ក្រុម​ឧទ្ទាម​នេះ ជា​សកម្មភាព​ព្រៃផ្សៃ និង​អមនុស្សធម៌​។

​តែ​យ៉ាងណា​ប្រមុខ​រដ្ឋាភិបាល នៅតែ​ប្រកាស​ជំហ​ថា រដ្ឋាភិបាល​មិន​រាថយ​ក្នុងការ​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ចូលរួម​សកម្មភាព​មនុស្សធម៌ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ឡើយ បើទោះជា​ដឹងថា វា​អាច​ប្រឈម​នឹង​ការវាយប្រហារ​កើតឡើង ជាយថាហេតុ​ណាមួយ ពី​ក្រុម​ពួក​ឧទ្ទាម​ក៏ដោយ​។ ផ្ទុយទៅវិញ​រដ្ឋាភិបាល នឹង​បង្កើន​ចំនួន​កងទ័ព​មួក​ខៀវ ចូលរួម​បេសកកម្ម​មនុស្សធម៌​នេះ​។
អត្ថបទទាក់ទង

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៨​ខែឧសភា ឆ្នាំ​២០១៧​កន្លងមក ក៏មាន​ពួក​ឧទ្ទាម Anti-Balaka បាន​ពួនស្ទាក់​វាយប្រហារ​ទៅលើ​ក្បួន​កងកម្លាំង​រក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល​។ ការវាយប្រហារ​នោះ បាន​បណ្ដា​ឲ្យ​កង​រក្សា​សន្តិភាព​កម្ពុជា​៤​នាក់​បាន​ស្លាប់ និង​ម្នាក់​របួស​។ ចំណែក​កងទ័ព​មួក​ខៀវ​មកពី​ម៉ា​រ៉ុ​ក​ចំនួន​៩​នាក់​របួស និង​ស្លាប់​ម្នាក់​៕


Tag:
 ​ហ៊ុន សែន​
  កងទ័ព​មួក​ខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com