ជាតិ
សំណុំរឿង​វាយ​តំណាងរាស្ត្រ​បក្សប្រឆាំង​កាលពី​ជាង​ពីរ​ឆ្នាំមុន ត្រូវបាន​សើរើ​ឡើងវិញ
23, Mar 2018 , 10:31 am        
រូបភាព
(ពីឆ្វេងទៅស្តាំ) លោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទប្រទេសថ្ងៃ​ បន្ទាប់ពីត្រូវបានជនល្មើសវាយដំ
(ពីឆ្វេងទៅស្តាំ) លោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទប្រទេសថ្ងៃ​ បន្ទាប់ពីត្រូវបានជនល្មើសវាយដំ
ដោយ: ថ្មីៗ
​តាម​ការកំណត់ សាលាឧទ្ធរណ៍ ត្រូវ​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២0១៨​នេះ ដើម្បី​ជំនុំជម្រះ​ឡើងវិញ ចំពោះ​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​ផ្តន្ទាទោស​ជន​ល្មើស​បីនាក់ ដែល​វាយ​អតីត​តំណាងរាស្ត្រ​ពីររូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់ពន្ធនាគារ​ត្រឹម​មួយឆ្នាំ​។ ប៉ុន្តែ មេធាវី​របស់​អតីត​តំណាងរាស្ត្រ​ទាំងពីរ បែរជា​សុំ​ពន្យារពេល​នៃ​ការបើក​សវនាការ​ទៅវិញ ហើយ​សាលាឧទ្ធរណ៍ ក៏​ធ្វើតាម​សំណើរ​នេះ​។



​លោក សំ សុ​គង់ មេធា​រី​មួយរូប​របស់​អតីត​តំណាងរាស្ត្រ​ទាំ​ពីរ គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែលជា​ជនរងគ្រោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការស្នើ​ឲ្យ​ពន្យារពេល​នៃ​ការបើក​សវនាការ គឺ​ដោយសារតែ​កូនក្តី​របស់លោក មិនទាន់​អាច​ត្រៀមលក្ខណៈ​ឲ្យ​ស្រួលបួល​។ លោក​មេធាវី និយាយ​ដូច្នេះ​ថា​៖«​សាលាឧទ្ធរណ៍ ជូនដំណឹង​ភ្លាម ហើយក៏​បើកសវនាការ​ភ្លាម ធ្វើ​ឲ្យ​កូនក្តី​ខ្ញុំ មិនមាន​ពេល​គ្រាប់​គ្រាន់ ក្នុងការ​រៀបចំខ្លួន​»​។

​យ៉ាងណាក៏ដោយ សាលាឧទ្ធរណ៍ មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​សា​ថ្មី នៃ​ការបើក​សវនាការ​នោះទេ​។

​តាមពិតទៅ មេធាវី បានដាក់​បណ្តឹងសាទុក្ខ តាំងពី​អំឡុង​ខែមិថុនា ឆ្នាំ​២0១៦ មកម្ល៉េះ ដើម្បី​សុំ​ឲ្យ​សាលាឧទ្ធរណ៍ ជំនុំជម្រះ​ឡើងវិញ ចំពោះ​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ សាលាឧទ្ធរណ៍ ទើបនឹង​ចាប់ផ្តើម​ចាត់ការ​នូវ​បណ្តឹង​របស់​មេធាវី​នាពេលនេះ​។

​លោក សំ សុ​គង់ ពន្យល់ថា មូលហេតុ​ដែល​អតីត​តំណាងរាស្ត្រ សុំ​ដាក់​បណ្តឹងសាទុក្ខ ដោយសារតែ​ពួកគេ មិន​ពេញ​ចិត្តនឹង​សាលក្រម​របស់​សាលាដំបូង​រាជធាន​ភ្នំពេញ ដែល​ឲ្យ​ជនល្មើស ជាប់ទោស​ត្រឹម​បួនឆ្នាំ ដោយ​ក្នុងនោះ អនុវត្ត​ក្នុង​ពន្ធនាគារ​មួយឆ្នាំ ហើយបី​ឆ្នាំ​ទៀត ត្រូវ​ព្យួរ (​បីឆ្នាំនេះ តម្រូវ​ឲ្យ​រស់នៅ​ក្រៅ​ពន្ធនាគារ​)​។ មកដល់ពេលនេះ ជនល្មើស​ទាំងនោះ ដែល​រួមមាន លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុ​ត វណ្ណ​នី ត្រូវបាន​ដោះលែង​អស់ហើយ​។

​លោក សំ សុ​គង់ បន្តថា ក្រុម​មេធាវី បាន​ប្តឹង​ជនល្មើស​ពីបទ​ប៉ុនប៉ង​មនុស្សឃាត ប៉ុន្តែ​សាលាដំបូង​រាជធានី​ភ្នំពេញ បែរជា​កាត់ទោស​និង​ចោទ​ពួកគេ ពីបទ​ហិង្សា​ដោយ​ចេតនា ទៅវិញ​។ លោក បន្ថែមថា ជនល្មើស ដែល​ត្រូវបាន​កាត់ទោស មានតែ​បីនាក់​ប៉ុណ្ណោះ ដោយ​រក​មិនឃើញ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​នោះទេ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ជនរងគ្រោះ អាច​ប្តឹងទៅ​តុលាការ​ជាន់ខ្ពស់ បើ​យល់ថា តុលាការ​ជាន់​ទាប មិនបាន​ផ្តល់​យុត្តិធម៌​ដល់​ខ្លួន​»​។

​គួររម្លឹកថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២0១៥ មាន​ក្រុមបាតុករ នាំគ្នា​ទៅ​តវ៉ា​នៅមុខ​វិមាន​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធានរដ្ឋសភា​។ កាលនោះ លោក កឹម សុខា ជា​អនុប្រធានរដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំណែក លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែល​កាលនោះ​នៅ​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​ចេញពី​វិមាន​រដ្ឋសភា ហើយក៏​ត្រូវបាន​ជនល្មើស ព្រួត​គ្នា​វាយ​តែម្តង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​៕


Tag:
 ​តុលាការ​
  មេធាវី​
  តំណាងរាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com