ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ កោះហៅ​លោក សម រង្ស៊ី ក្រោយសង្ស័យថា ​សន្យាកាត់​ដី​ឲ្យ​បរទេស​
23, Mar 2018 , 12:01 pm        
រូបភាព
រូបភាព៖ ជំនួបរវាងលោក សម រង្ស៊ី និងលោក កុក ស កាលពីឆ្នាំ២0១៣
រូបភាព៖ ជំនួបរវាងលោក សម រង្ស៊ី និងលោក កុក ស កាលពីឆ្នាំ២0១៣
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស ត្រូវបាន​តុលាការ​កម្ពុជា បង្គាប់​ឲ្យ​ចូលបំ​ភ្លឺ ពី​ដំណើររឿង​នៃ​ការចុះ​កិច្ចព្រមព្រៀង​កាត់ទឹក​ដី​ឲ្យ​បរទេស​។ យោងតាម​ដីកា​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលជា​អ្នក​កាន់​សំណុំ​រឿងនេះ លោក សម រង្ស៊ី ត្រូវ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២0១៨​។​



​លោក សម រង្ស៊ី ទំនងជា​មិន​ធ្វើតាម​ការបង្គាប់​របស់​ព្រះរាជអាជ្ញា​នោះទេ ដោយសា​តែ​លោក កំពុងតែ​ស្ថិត​នៅឯ​បរទេស​ឯណោះ​។ ម្យ៉ាងទៀត លោក ក៏​មិនដែល​បាន​ចូល​បំភ្លឺ​ក្នុង​តុលាការ​ដែរ នៅពេល​មាន​ដីកា​កោះហៅ ចំពោះ​បណ្តឹង​ផ្សេងៗ នាពេល​កន្លងមក​។

​អគ្គស្នងការ​នគរបាល​ជាតិ ជាដើម​បណ្តឹង ក្នុងការ​ប្តឹង​លោក សម រង្ស៊ី ពី​ករណី​ដែលថា​លោក កាត់​ទឹកដី​ឲ្យ​បរទេស​។ នគរបាល បានដាក់​បណ្តឹង​នេះ ទៅកាន់​តុលាការ បន្ទាប់ពី​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​លោក សម រង្ស៊ី​។

​ក្នុង​ពិធី​សម្ពោធ​ស្ពាន​កោះ​ប៉េ​ន ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២0១៨ សម្តេច ហ៊ុន សែន បានលើកឡើង យ៉ាង​ដូច្នេះ​ថា​៖« [​លោក សម រង្ស៊ី​] បានទទួល​ស្គាល់​ខ្លួនឯង​ហើយ​ថា កាត់​ដី​ឲ្យ​គេ​៤​ខេត្ត​។ រឿងនេះ​មិនតូច​ទេ​។ ក្រសួងមហាផ្ទៃ កំពុង​ស្រាវជ្រាវ​លើ​សំណុំរឿង​ក្បត់ជាតិ​មួយ​នេះ​»​។ 

​មន្ត្រីជាន់ខ្ពស់​ជាច្រើន​របស់​រដ្ឋាភិបាល ក៏​យល់ឃើញ​ដូច​សម្តេច ហ៊ុន សែន ដែរ ដែលថា​លោក សម រង្ស៊ី ជា​ជន​ក្បត់ជាតិ ដោយមាន​បំណង​ចង់​កាត់​ខេត្ត​៤ រួមមាន ម​ណ្ឌ​គិរី រតន​គី​រិ ក្រចេះ និង​ស្ទឹងត្រែង ឲ្យ​ទៅ​បរទេស​។ មន្ត្រីជាន់ខ្ពស់​តាម​បណ្តា​ស្ថាប័ន និង​ក្រសួង​នានា ជាពិសេស​នគរបាល​និង​កង​ទ​ព័​កម្ពុជា បាន​ចេញមក​ថ្កោលទោស​លោក សម រង្ស៊ី ជា​បន្តបន្ទាប់​។

​ប្រតិកម្ម​របស់​សម្តេច ហ៊ុន សែន រួមទាំង​មន្ត្រី​រដ្ឋាភិបាល គឺធ្វើឡើង​ក្រោយពី​មាន​វីដេអូ​ឃ្លី​ប​មួយ ទើបនឹង​បែកធ្លាយ ហើយ​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​ការចុះ​កិច្ចព្រមព្រៀង​មួយ​តាំងពី​ឆ្នាំ​២0១៣​មកម្ល៉េះ រវាង​លោក សម រង្ស៊ី និង​លោក កុក ស ដែល​ត្រូវបាន​អះអាងថា ជា​មេដឹកនាំ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា​របស់​វៀតណាម​។ លោក សម រង្ស៊ី រង​ការចោទប្រកាន់ថា ការចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀម​នោះ ជាការ​កាត់​ខេត្ត​ទាំង​៤  ដែល​រួមមាន ម​ណ្ឌ​គិរី រតន​គី​រិ ក្រចេះ និង​ស្ទឹងត្រែង ទៅ​ឲ្យ​បរទេស (​វៀតណាម​)​។​

​លោក សម រង្ស៊ី បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​ក្រៅប្រទេស នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២0១៨ ដើម្បី​ឆ្លើយតប​នឹង​សម្តេច ហ៊ុន សែន បែបនេះ​ថា​៖«​លោក ហ៊ុន សែន បែរជា​មក​បំភ្លៃ​ទាំងស្រុង នូវ​គំនិត​របស់ខ្ញុំ ស្តីពី​វិមជ្ឈការ ដែល​តម្រូវ​ឲ្យ​យើង ទទួលស្គាល់​សិទ្ធិ​សម្រេច​នៅ​មូលដ្ឋាន​របស់​ខ្មែរលើ ខ្មែរ​កណ្តាល និង​ខ្មែរក្រោម ដែលជា​ខ្មែរ​តែមួយ​»​។

​លោក សម រង្ស៊ី បកស្រាយ​ថា លោក គ្រាន់តែ​ចង់​ផ្តល់​សិទ្ធិ​និង​អំណាច ទៅដល់​ជនជាតិដើម​ភាគតិច ក្នុង​ខេត្ត​ទាំង​៤​នោះ ប៉ុណ្ណោះ​។ ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ខេត្ត​ទាំង​៤ មិនអាច​បំបែក​ឲ្យ​ទៅ​បង្កើត​រដ្ឋ​ផ្សេង ចេញពី​កម្ពុជា​នោះទេ​។

​ក្នុង​បទ​សម្ភាស​ជាមួយ​វី​អូ​អេ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២0១៨ លោក សម រង្ស៊ី បាន​ថ្លែង​ការពារ​ខ្លួន យ៉ាង​ដូច្នេះ​ថា​៖«​យើង​ត្រូវអនុវត្ត​នូវ​គោលការណ៍​វិមជ្ឈការ​។ វិមជ្ឈការ​ហ្នឹង គឺ​យើង​ត្រូវ​ផ្ទេរសិទ្ធិ​សម្រេច​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នៅតាម​តំបន់ និង​នៅតាម​ខេត្ត​នីមួយៗ​។ [….] ប៉ុន្តែ គោលការណ៍​វិមជ្ឈការ​នេះ គឺ​ត្រូវ​ស្ថិតនៅក្រោម​ក្របខណ្ឌ​នៃ​ប្រទេស​កម្ពុជា​។ អត់​មាន​បង្កើត​រដ្ឋ ដោយឡែក​នោះទេ​។ យើង ជា​ខ្មែរ​ទាំងអស់គ្នា​។ យើង រស់​លើ​ទឹកដី​ខ្មែរ​ទាំងអស់គ្នា ហើយ​មាន​ដំបូង​តែមួយ គឺ​ប្រទេស​កម្ពុជា​»​។​

​បណ្តឹង ដែល​ប្តឹង​ដោយ​គន​របាល​កម្ពុជា គឺជា​បណ្តឹង​ថ្មី​១​ទៀត ក្នុងចំណោម​បណ្តឹង​ជាច្រើន សម្រាប់​លោក សម រង្ស៊ី​។ បើ​គិត​មកដល់ពេលនេះ លោក សម រង្ស៊ី រង​បណ្តឹង​មិនតិចជាង​១0​នោះទេ​។ កាលពី​ប៉ុន្មាន​ខែ​មុន លោក សម រង្ស៊ី ទើបនឹង​ត្រូវបាន​ក្រសួងការពារជាតិ ប្តឹង ពីបទ​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្តាប់​បទបញ្ជា​។ បច្ចុប្បន្ន តុលាការ កំពុង​ចាត់ការ​បណ្តឹង​របស់​ក្រសួងការពារជាតិ​៕
អត្ថបទទាក់ទង





Tag:
 សម រង្ស៊ី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com