ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ ជំនួយ​ចិន បាន​ជួយ​ពង្រឹង​ឯករាជ្យ​នយោបាយ​កម្ពុជា​
23, Mar 2018 , 2:47 pm        
រូបភាព
​ភ្នំពេញ​៖ «​ចិន​គឺជា​មិត្ត និង​ជា​បងប្អូន​កម្ពុជា​»​។ នេះ​គឺជា​គោលនយោបាយ​ការបរទេស របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បង្កើន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​ចិន​។ ក្នុង​កែវភ្នែក​សម្ដេច ហ៊ុន សែន ចិន​គឺជា​មិត្ត ដែល​ជួយ​អភិវឌ្ឍន៍​កម្ពុជា ដោយស្មោះ​ត្រង់​អស់ពី​ចិត្ត ខុសពី​ប្រទេស​ដទៃ​។



​ថ្លែង​ក្នុង​ពី​ធី​បើក​ការដ្ឋាន​សាងសង់​ឡើងវិញ ផ្លូវជាតិ​លេខ​១១ ដែលជា​ជំនួយ​របស់​ចិន នៅ​ព្រឹក​ថ្ងៃទី​២៣ មីនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ចិន​បាន​ផ្ដល់ជំនួយ​ច្រើន​ធំធេង​មក​កម្ពុជា សម្រាប់​ដំណើការ​អភិវឌ្ឍ​ប្រទេស ។ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ជំនួយ​របស់​ចិន​មិន​ត្រឹមតែ​លើ​ស្ទួយ​សេដ្ឋកិច្ច​នោះទេ តែ​វា​ក៏​ជា​ជំនួយ​ពង្រឹង​ឯករាជ្យ​នយោបាយ​កម្ពុជា​ផងដែរ​។

​ក្នុងន័យនេះ​នាយករដ្ឋមន្ត្រី បាន​ពន្យល់ថា កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ ជា​លក្ខណៈ​កុងសង់ស៊ីស​របស់​រដ្ឋា​ភិ​បាល ចាប់តាំងពី​ជំនាន់​ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​នរោត្តម សីហនុ មកដល់​បច្ចុប្បន្ន​។ ប៉ុន្តែ​មិនមែន​មានន័យថា រដ្ឋាភិបាល​បោះបង់​នយោបាយ​ការបរទេស​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​នោះទេ​។ សម្រាប់​សម្ដេច ហ៊ុន សែន គោលនយោបាយ​ការបរទេស​កម្ពុជា គឺ​សម្លឹង​ទៅ​មើល​ប្រទេស​ណា ដែល​ជួយ​កម្ពុជា​ពិតប្រាកដ​ប៉ុណ្ណោះ​។​

​សូម​ស្ដាប់​សំឡេង​នាយករដ្ឋមន្ត្រី​៖ 




​ដោយ​មិន​និយាយ​ពី​អតីតកាល ទំនាក់ទំនង​កម្ពុជា​-​ចិន កំពុង​រីកចម្រើន​ខ្លាំង​លើ​គ្រប់​វិស័យ តាមរយៈ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១០ មកដល់​បច្ចុប្បន្ននេះ​។ ប៉ុន្តែ​ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា​-​ចិន ក៏បាន​ក្លាយជា​រូបភាព​អាក្រក់ នៅក្នុង​ក្រសែភ្នែក​របស់​សាធារណៈជន​ទូទៅ និង​មេដឹកនាំ​ដែល​មិន​គាំទ្រ​ចិន​ផងដែរ​។​
អត្ថបទទាក់ទង

​កន្លងមក​អ្នកវិភាគ​មួយចំនួន លើកឡើងថា កម្ពុជា កំពុងមាន​គោលនយោបាយ​ទន់​ទោល​ទៅរក​ប្រទេស​ចិន​ខ្លាំង ដែល​ហាក់​កំពុង​ផ្ទុយ​ពី​គោលនយោបាយ​អ​ព្យា​ក្រឹត្យ​ខ្លួន ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​។ អ្នកវិភាគ​ព្រួយ​បា​ម្ភ​ពី​គោលនយោបាយ​ការបរទេស​នេះ នឹង​អាច​ឲ្យ​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​រូបភាព នា​ទស្សវត្ស​៦០ និង​ទស្សវត្ស​៧០​។​

​បន្ថែម​ពីនេះ គោលនយោបាយ​ការបរទេស​ចិន ត្រូវបាន​ប្រទេស​នៅ​លោកខាងលិច​មើលឃើញថា ចិន​កំពុង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​យក​ប្រទេស​តូចៗ​ដូចជា​កម្ពុជា ដើម្បី​ធ្វើជា​ឈ្នាន់​សម្រាប់​ពង្រីក​អំណាចរ​បស់​ចិន​ប៉ុណ្ណោះ​។

​ងាក​មក​ការវិនិយោគ​ចិន​នៅ​កម្ពុជា​វិញ ប្រទេស​លោកខាងលិច មើលឃើញថា ចិន​គ្មាន​ភាពស្មោះត្រង់​ជាមួយ​កម្ពុជា​ឡើយ ពោល​រាល់​ការវិនិយោគ​ទាំងនោះ ចិន​តែងតែ​សម្លឹង​ឃើញ​ទទួលផល​ច្រើនជាង​កម្ពុជា​ដែលជា​ម្ចាស់​តំបន់​។ ហើយ​អ្វីដែល​លោកខាងលិច​នេះ សង្កេតឃើញ​នោះ ភាគច្រើន​អ្នកវិនិយោគ​ចិន​សម្រុក​មក​កម្ពុជា ដើម្បី​គេចវេះ​ពី​ការតាមដាន​របស់​អាជ្ញា​ធរ​ចិន និង​លាងលុយកខ្វក់​ជាដើម ។​នេះ​បើតាម​សារព័ត៌មាន The New York Times កន្លងមក​។​

​តែ​យ៉ាងណា​សម្ដេច ហ៊ុន សែន ចាត់ទុក​សម្តី​របស់​ប​រទេស​ទាំងនោះ គ្រាន់តែ​ជាការ​ច្រណែន និង​ចង់​បំផ្លាញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​ប៉ុណ្ណោះ​៕


Tag:
 ហ៊ុន សែន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com