ជាតិ
អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង ត្រូវបាន​បដិសេធ ក្នុងការ​ចូលជួប​អ្នក​ជាប់ឃុំ​
23, Mar 2018 , 3:56 pm        
រូបភាព
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
​សំណើសុំ​ចូលជួប​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​នេះ រួមទាំង​សកម្មជន​ជាង​១0​នាក់​ផ្សេងទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ត្រូវបាន​ច្រានចោល​។ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​មួយរូប ដែល​តំណាង​ឲ្យ​អតីត​តំណាងរាស្ត្រ​មួយចំនួន ក្នុងការ​ដាក់សំណើ​នេះ បាន​អះអាងថា មូលហេតុ​នៃ​ការបដិសេធ គឺ​ដោយសារតែ​ពួកលោក ប្រើពាក្យ​ថា «​តំណាងរាស្ត្រ​»​។



​បើតាម​លោក អ៊ូ ច័ន្ទ​រ័ត្ន អគ្គនាយកដ្ឋាន​ពន្ធនាគា​រ យល់ថា ការបន្ត​ប្រើ​តួនាទី​ជា​តំណាងរាស្ត្រ​ក្នុង​លិខិតបទដ្ឋាន​បែបនេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​ពួកលោក លែង​ជា​តំណាងរាស្ត្រ​ទៀតហើយ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ ៖«​គេ ថា​មិនអាច​ទទួលយកបាន ព្រោះ​យើង​នៅ​ប្រើពាក្យ​តំណាងរាស្ត្រ​»​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​លោក នុត សាវ​នា អ្នកនាំពាក្យ​ពន្ធនាគារ​បានទេ ដោយសារ​លោក មិន​លើក​ទូរ​សព្ទ​។

​លោក អ៊ូ ច័ន្ទ​រ័ត្ន បន្តថា នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ លោក នឹង​ដាក់សំណើ​សាជាថ្មី ដោយ​មិន​ប្រើ​តួនាទី​ជា​តំណាងរាស្ត្រ​ទៀតឡើយ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ពេល​លុប​ពាក្យ​តំណាងរាស្ត្រ​ចោល​ហើយ ខ្ញុំ​សង្ឃឹមថា គេ នឹងមិន​បដិសេធ​ទៀត​ទេ​។ គ្រាន់តែ​សុំ​ជួប​សួរសុខទុក្ខ ដូចជា​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ទេ​»​។

​គួររម្លឹកថា កាលពី​អំឡុង ខែតុលា ឆ្នាំ​២០១៦ លោក អ៊ុំ សំអាន ត្រូវបាន​តុលាការ កាត់ទោស​ជាប់ពន្ធនាគារ ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ពីបទ​«​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ទាក់ទង​នឹង​ការរិះគន់​ពី​បញ្ហា​ព្រំដែន​។ 

​រីឯ លោក មា​ជ សុវណ្ណារ៉ា រួមទាំង​សកម្មជន​បក្សប្រឆាំង​ជាង​១០​នាក់​ទៀត ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​គារ ពី​៧​ឆ្នាំ ទៅ​២០​ឆ្នាំ​។ តុលាការ បាន​ចោទ​ពួកគេ​ថា បាន​ចូលរួម និង​ដឹកនាំ​ធ្វើ​កុបកម្ម​ប្រឆាំង​អាជ្ញាធរ​សាធារណៈ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០១៤៕


Tag:
 CNRP
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com