កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រោយ​ឈ្នះ​ពាន​អឺរ៉ុប ព័រ​ទុយ​ហ្គា​ល់តា​ម​ប្រមាញ់​ពាន​ពិភពលោក​
24, Mar 2018 , 8:59 am        
រូបភាព
ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo
ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ដែលមាន​កីឡាករ​ឆ្នើម Cristiano Ronaldo ស្ថិតក្នុង​ពូ​ល B ត្រូវ​ជួប​ម្ចាស់​ជើងឯក​ឆ្នាំ ២០១០ អេ​ស្ប៉ា​ញ រួមជាមួយ​អ៊ីរ៉ង់ ក្រុម​ខ្លាំង​មកពី​ទ្វីបអាស៊ី និង​ម៉ា​រុក​ពី​តំបន់​អាហ្វ្រិក នៃ​ព្រឹត្តិការណ៍ FIFA World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨​។



​គ្រូបង្វឹក​៖ Fernando Santos (​ព័រ​ទុយ​ហ្គា​ល់​)
​លោក Santos ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​នៅ​ឆ្នាំ ២០១៤ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ជាមួយ​ក្រិ​ក​ដែល​លោក​បាន​ដឹកនាំ​ឈានដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់ Euro ឆ្នាំ​២០១២ និង​វគ្គ ១៦​ក្រុម​ចុងក្រោយ World Cup 2014 នៅ​ប្រេ​ស៊ី​ល​។ អ្នកចាត់ការ​វ័យ​៦៣​ឆ្នាំ ដែល​កើត​នៅ​ទីក្រុង Lisbon រូបនេះ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ជួយ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន​កំពូល​អឺរ៉ុប  Euro 2016 ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​បន្ត​ជួយ​ក្រុម​មកពី​តំបន់​អឺរ៉ុប​មួយ​នេះ​ឈានទៅ​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​ថែមទៀត​។​



​កីឡាករ​ឆ្នើម​៖ Cristiano Ronaldo
Ronaldo គឺជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់​នៅក្នុង​ប្រវត្តិសាស្ត្រ​។ ខ្សែប្រយុទ្ធ វ័យ​៣២​ឆ្នាំ ដែលជា​វីរបុរស​សម្រាប់​ក្លិប Real Madrid និង​ក្រុម​ជម្រើសជាតិ តែងតែ​ស៊ុត​បញ្ចូល​ទី​នាំមុខគេ​ស្ទើ​គ្រប់​ព្រឹត្តិការណ៍ ព្រមទាំង​ជាប់​ឈ្មោះ​កីឡាករ​ល្អ​បំផុត​របស់ FIFA រយៈពេល​២​ឆ្នាំ​ចុងក្រោយ​ទៀតផង​។​
​អតីត​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​ក៏​ទើបតែ​ឈ្នះ​ពាន Ballon d’Or ឆ្នាំ​២០១៧ របស់​ទស្សនា​វ​ដ្តី​បារាំង France Magazine ជា​លើក​ទី​៥​ផងដែរ​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី ៧ របស់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ សម្រាប់​ក្រុម​ដែល​បាន​កៅអី​ពី​តំបន់​អឺរ៉ុប បន្ទាប់ពី​បង្ហាញខ្លួន​៦​លើក​រួចមកហើយ​ចាប់តាំងពី​ឆ្នាំ ១៩៦៦, ១៩៨៦, ២០០២, ២០០៦, ២០១០ និង ២០១៤​។ លទ្ធផល​ល្អ​ជាងគេ​គឺ​ក្នុង​ឆ្នាំ​១៩៦៦ ដែល​ក្រុម​នេះ​បាន​ចំណាត់ថ្នាក់​លេខ ៣​។​
​ព័រ​ទុយ​ហ្គា​ល់ ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ៣ ពិភពលោក​ក្នុង​តារាង FIFA Ranking​។​



​ជំនួប​សំខាន់​៖

 ព័រ​ទុយ​ហ្គា​ល់​បាន​យកឈ្នះ ស្វី​ស ២-០ ក្នុងការ​ប្រកួត​ចុងក្រោយ​វគ្គ​ជម្រុះ​តាម​ពូ​ល ដើម្បី​បាន​កៅអី​ទៅ​រុស្ស៊ី​ដោយ​មិនបាច់​ឆ្លងកាត់​ប្រកួត Play-off​។ Man of the Match សម្រាប់​ការប្រកួត​នេះ​គឺ​បាន​ទៅ​ខ្សែប្រយុទ្ធ Andre Silva ដែល​បច្ចុប្បន្ន​ប្រក​អាជីព​ជាមួយ AC Milan​។​



​កម្មវិធី​ប្រកួត​៖
-១៦ មិថុនា​៖ ព័រ​ទុយ​ហ្គា​ល់ vs អេ​ស្ប៉ា​ញ (​ម៉ោង​១​អា​ធ្រា​ត​)
-២០ មិថុនា​៖ ព័រ​ទុយ​ហ្គា​ល់ vs ម៉ា​រ៉ុ​ក (​ម៉ោង​៧​ល្ងាច​)
-២៦ មិថុនា​៖ អ៊ីរ៉ង់ vs ព័រ​ទុយ​ហ្គា​ល់ (​ម៉ោង​១​អា​ធ្រា​ត​)



Tag:
 បាល់ទាត់​
  FIFA World Cup
  ព័រ​ទុយ​ហ្គា​ល់​
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com