ពីនេះ ពីនោះ
របរធ្វើ​កំពឹស​ក្រៀមៈ ទិញ​ចូល ៤.០០០​រៀល លក់​ចេញ​៥០.០០០​រៀល ក្នុង​មួយ​គីឡូ​
24, Mar 2018 , 7:39 pm        
រូបភាព
 ​អ្នកស្រី ឡាង សុធី កំពុង​អុំ​ទទាក់​យក​សម្បក​ចេញពី​កំពឹស​ក្រៀម ដែល​គាត់​បាន​ហាល​ស្ងួត​ហើយ​
​អ្នកស្រី ឡាង សុធី កំពុង​អុំ​ទទាក់​យក​សម្បក​ចេញពី​កំពឹស​ក្រៀម ដែល​គាត់​បាន​ហាល​ស្ងួត​ហើយ​
ដោយ: ថ្មីៗ
​ពោធិ៍សាត់ៈ អ្នកស្រី ឡាង សុធី អាយុ ៤៥​ឆ្នាំ ជា​អាជីវករ ប្រមូល​ទិញ​កំពឹស​ស្រស់​ពី​អ្នកនេសាទ នៅក្នុង​បឹង​ទន្លេសាប យកមក​កែច្នៃ​ធ្វើ​កំពឹស​ក្រៀម​។ ស្ថិតនៅ​លើផ្ទះ​បណ្តែត ក្នុងភូមិ​បណ្តែត​ទឹក​កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ អ្នកស្រី ឡាង សុធី ប្រមូល​ទិញ​កំពឹស​ស្រស់​ពី​អ្នកនេសាទ ដែល​យកមក​លក់​ឲ្យ​អ្នកស្រី​ដល់ផ្ទះ ក្នុងតម្លៃ​មួយ​គីឡូ ៤.០០០ (​បួន​ពាន់​) រៀល​។ បន្ទាប់មក អ្នកស្រី​ក៏​យក​កំពឹស​ទាំងនោះ ទៅ​ដាក់​ស្ងោរ​ជាមួយនឹង​អំបិល​ឲ្យ​ឆ្អិន រួច​ចាក់​សំដិល​ហាលថ្ងៃ​ឲ្យ​ស្ងួត​។ ក្រោយពី​បាន​ហាល​ស្ងួត សម្បក​កំពឹស​ស្រួយ​ហើយ អ្នកស្រី​ត្រូវ​វាយ​បំបែក​សម្បក រួច​អុំ​ទទាក់​យក​សម្បក​ចេញ​ឲ្យ​ស្អាត មុននឹង​យកទៅ​បោះ​ដុំ​នៅលើ​ទីផ្សារ ដូច​មាន​បង្ហាញ​ក្នុង​រូបភាព​ខាងលើ​ស្រាប់​។​



​អ្នកស្រី​ឡាង សុធី មានប្រសាសន៍ថា​៖ «​ខ្ញុំ​ប្រមូល​ទិញ​ពី​អ្នកនេសាទ ដែល​ពួកគេ​ដាក់ «​លប​កំពឹស​» ក្នុង​បឹង​ទន្លេសាប ក្នុងតម្លៃ​កំពឹស​ស្រស់ ៤.០០០ (​បួន​ពាន់​) រៀល ក្នុង​មួយ​គីឡូ​។ ពេលធ្វើ​ឲ្យ​ក្លាយជា​កំពឹស​ក្រៀម​ហើយ ខ្ញុំ​អាច​លក់​ចេញ​វិញ​បាន​ក្នុងតម្លៃ ៥០.០០០ (​ប្រាំ​ម៉ឺន​) រៀល​។ ចំណែកឯ​កម្ទេច​សម្បក​កំពឹស​ដែលជា​កាកសំណល់ ខ្ញុំ​អាច​លក់បាន​ក្នុងតម្លៃ ៤០០-៥០០ រៀល ក្នុង​មួយ​គីឡូក្រាម ឲ្យ​ទៅ​អ្នក​ដែល​គេ​យកទៅ​លាយ​ធ្វើ​ចំណី​ត្រី​»​។​
 


​កូនប្រុស​-​ស្រី របស់​អ្នកស្រី ឡាង សុធី កំពុង​ចាក់​ហាល​កំពឹស ដែល​បាន​ស្ងោរ​រួចហើយ

​អ្នកស្រី ឡាង សុធី មានប្រសាសន៍​បន្តទៀត​ថា​៖ «​ក្នុង​កំពឹស​ស្រស់ ១០​គីឡូក្រាម ខ្ញុំ​អាចធ្វើ​សាច់​កំពឹស​ក្រៀម​បានតែ​មួយ​គីឡូ​ប៉ុណ្ណោះ​។ ខ្ញុំ​អាច​ទិញ​កំពឹស​ស្រស់​ពី​អ្នកនេសាទ​ក្នុង​ចន្លោះ ១០០ ទៅ ៣០០​គីឡូក្រាម
​ក្នុង​មួយថ្ងៃ​»​។



​កញ្ញា វណ្ណ គឹម​លី អ្នកនេសាទ​កំពឹស ក្នុង​បឹង​ទន្លេសាប​

​កញ្ញា វណ្ណ គឹម​លី ជា​អ្នកនេសាទ​កំពឹស​ដោយ​ដាក់ «​លប​កំពឹស​» ម្នាក់ ដែល​បាន​យក​កំពឹស​មក​លក់​ឲ្យ​អ្នកស្រី ឡាង សុធី បាន​ឲ្យ​ដឹងថា កំ​ពិស​ដែល​កញ្ញា​យកមក​លក់​នេះ គឺ​ចាប់បាន​ដោយ​ដាក់​លប​ក្នុង​បឹង​ទន្លេសាប​។ «​ខ្ញុំ​អាច​ចាប់​កំពឹស​ដោយ​ប្រើ​ឧបករណ៍​នេសាទ «​លប​កំពឹស​» បាន​ក្នុង​ចន្លោះ​ពី​៤០ ទៅ​១០០​គីឡូក្រាម ក្នុង​មួយថ្ងៃ​។ ថ្ងៃនេះ ខ្ញុំ​ចាប់បាន ៤០​គីឡូក្រាម​»​។​

​កំពឹស មានឈ្មោះ​វិទ្យាសាស្ត្រ (Macrobrachium spp.)​។ ជា​លក្ខណៈ​ជីវសាស្ត្រ កំពឹស​រស់នៅក្នុង​ទឹកសាប ដូចជា​នៅតាម​ទន្លេ ស្ទឹង បឹង ព្រែក អូរ ប្រឡាយ វាលទំនាប​លិច​ទឹក និង​ក្នុង​បឹង​ទន្លេសាប​។ វា​ពង​-​កូន នៅក្នុង​រដូវ​ទឹក​ដំឡើង ចាប់ពី​ខែឧសភា ដល់​ខែសីហា​។​

(​អត្ថបទ និង​រូបភាពៈ Chhut Chheana / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com