ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក លី រស្មី សិក្សា​ផ្នែក​ស្ថាបត្យកម្ម​បុរាណ ដើម្បី​ថែរក្សា​កេរ​មរតក​ខ្មែរ
25, Mar 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក លី រស្មី ជា​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ ស្ថាបត្យកម្ម និង​រូប​នី​យ​វិទ្យា នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​ចែករំលែក​បទពិសោធ​ដល់​និស្សិត​កម្ពុជា ក្នុង​កម្មវិធី «​ស្តីពី​សំណង់​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ក្នុង​ព្រះពុទ្ធសាសនា​»​។ បទពិសោធ​របស់លោក លី រស្មី បាន​ក្លាយជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ យល់ដឹង​ពី​ផ្នែក​នៃ​សំណង់​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​។ ក្នុងនាម​លោក​ជា​អ្នក​បង្រៀន​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា  និង​ជា​អ្នកមាន​ស្នាដៃ​ដ៏​ប៉ិនប្រសប់​ផ្នែក​រចនាប័ទ្ម​បុរាណ ការតាំង​ចិត្ត​របស់លោក គឺ​សិក្សា​អំពី​សំណង់​ស្ថាបត្យកម្ម​បុរាណ និង​ជា​អ្នក​ផ្ទេរ​ចំណេះដឹង​ទៅ​និស្សិត​កម្ពុជា ដើម្បី​ជា​គ្រឹះ​ក្នុងការ​ថែរក្សា​ស្នាដៃ​សំណង់​សិល្បៈ​បុរាណ​ខ្មែរ​។



​រចនាប័ទ្ម​បុរាណ​ក្បាច់​ភ្ញីភ្លើង ជា​ប្រភេទ​មេ​ក្បាច់​ក្នុង​សិល្បៈ​ខ្មែរ ហើយ​ស្នាប់​ដងក្តារ និង​ពេជ្រ​​ជា​រចនាប័ទ្ម​ដំបូល​កឹង ដែលមាន​ដំបូល​កណ្តាល​ដក​ឡើងរ​បៀ​ប​ហោត្រៃ​ប្រាសាទអង្គរវត្ត​។ រចនាប័ទ្ម​បែបនេះ មាន​នៅលើ​ប្រាសាទ​ថ្ម​ជាច្រើន ដែលជា​ស្នាដៃ​របស់​បុព្វបុរស​ដូនតា​ខ្មែរ​។ ស្នាប់​ដងក្តារ និង​ពេជ្រ​ដងក្តារ​នេះ លោក បាន​ច្នៃ​ធ្វើ​ពី​ស្ពាន់​ក្បាច់​ភ្ញីទេស ដើម្បី​កាន់តែ​ធ្វើ​ឲ្យ​ដងក្តារ​មាន​សោភ័ណភាព​។ ទាំងអស់នេះ​ជា​ស្នាដៃ​របស់លោក ដែល​បាន​ច្នៃ​ឡើង​សម្រាប់​ផ្សព្វផ្សាយ​ដល់​កូន​ខ្មែរ ឲ្យ​បាន​យល់ដឹង​ពី​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​។ លើសពីនេះ​លោក ក៏​ជា​អ្នកជំនាញ​ជាច្រើន​ខាង​សិក្សា​ផ្នែក​សិលាចារឹក​ផងដែរ​។



​លោក លី រស្មី បញ្ជាក់ថា ការសិក្សា​ផ្នែក​សំណង់​បុរាណ ជា​អ្នកដើរ​តួនាទី​សំខាន់​ដើម្បី​ថែរក្សា​កេរ​មរតក​ពី​ដូនតា​។ ទោះបី​ពុំ​សូវ​មាន​អ្នកជំនាញ​ផ្នែក​នេះ​ក៏ដោយ ក៏​លោក លី រស្មី មាន​ទំនុកចិត្ត និង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការផ្តល់​ពុទ្ធិ​ដល់​និស្សិត​កម្ពុជា ឲ្យ​ប្រែក្លាយជា​អ្នកជំនាញ​សំណង់​បុរាណ​ដើម្បី​ជា​គំរូ​បន្ត​ដល់​និស្សិត​ជំនាន់​ក្រោយ​ឲ្យ​កសាង​ស្នាដៃ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​កាន់តែច្រើន​។ មិន​ត្រឹមតែ​លោក​ទេ ដែលជា​អ្នកផ្តល់​ចំណេះដឹង និង​ជា​អ្នកថែរក្សា សូម្បីតែ​និស្សិត និង​ព្រះសង្ឃ ក៏មាន​តួនាទី​ជា​អ្នក​អភិរក្ស​រចនាប័ទ្ម​បុរាណ​ផងដែរ​។



​ព្រឹទ្ធបុរស​ពោរពេញ​ដោយ​ពហុ​ជំនាញ​រូបនេះ និយាយ​ទាំង​ម៉ឹងម៉ាត់​ថា​៖«​ប្រាកដ​ណាស់ យើង​បាត់បង់​សំណង់​ស្ថាបត្យកម្ម ដូចជា​រចនាប័ទ្ម​ព្រះវិហារ​មុខដាច់ របស់​យើង​យូរហើយ ពេល​ឃើញ​វិញ ចេះតែ​ថា​របស់គេ​។ នេះ​ជាហេតុ ដែល​ធ្វើ​ឲ្យ​សំណង់​ខ្លួនឯង​កាន់តែ​រួញ​ទៅៗ​។ យើង​ត្រូវ​សិក្សា​ពី​ប្រវត្តិ​សិល្បៈ​សំណង់​ដើម្បី​ស្គាល់​ពី​ខ្លួនឯង និង​អ្នកដទៃ ជាមុនសិន មុននឹង​មានគំនិត​វិនិច្ឆ័យ​។ បើ​មិន​ដូច​ច្នេះ មរតក​ដូនតា​យើង នឹង​បាត់​បង់អស់ ព្រោះតែ​យើង​មិន​ស្គា​ល់ពី​ខ្លួនឯង​។ រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ខ្ញុំ​ចំណាយពេល​សិក្សា​ចងក្រង​នូវ​ស្នាដៃ​សំណង់​បុរាណ  ដែល​បាន​ច្នៃ​គូស​ប្លង់​រចនាប័ទ្ម​ពី​សម័យអង្គរ​នានា​ឡើងវិញ ដើម្បី​ក្រើនរម្លឹក​ស្នាដៃ​ដ៏​អស្ចារ្យ​ពី​បុរាណ​ខ្មែរ ជាការ​រក្សា​ព្រលឹង​ជាតិ​ឡើងវិញ​។ យើង​មិនគួរ​រំលង​នូវ​ស្នាដៃ​ទាំងអស់​នោះទេ​»៕











Tag:
 លី រស្មី​
  សំណង់​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com