ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
យុវជន​យល់ថា​ការ​ស្គាល់​សិល្បៈ​បុរាណ​ដូច​ស្គាល់​តម្លៃ​ខ្លួនឯង និង​ប្រទេសជាតិ​
26, Mar 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ការ​ស្គាល់​សិល្បៈ​បុរាណ​ខ្មែរ​ច្បាស់ ត្រូវបាន​យុវជន​ប្រដូច​បាន​នឹង​ការឱ្យ​តម្លៃ​ខ្លួនឯង និង​លើកតម្កើង​ជាតិ​របស់ខ្លួន​ដូច្នោះ​ដែរ​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ការគាំទ្រ​សិល្បៈ​បុរាណ ពី​សំណាក់​យុវជន​មិនសូវ​ពុះកញ្ជ្រោល​ខ្លាំង​ដែរ​។ កត្តា​នេះ បានធ្វើ​ឲ្យ​ពួកគេ​បារម្ភ និង​បានស្នើ​ដល់​អ្នកពាក់ព័ន្ធ រួមទាំង​យុវជន​ខ្លួនឯង​ផ្ទាល់ ចូលរួម​ថែរក្សា​សិល្បៈ វប្បធម៌​បុរាណ បន្តទៅ​អ្នកជំនាន់ក្រោយ​ទៀត​។





​កញ្ញា អៀង ស្រី​ពេញ ជា​អ្នករបាំ​មួយរូប សង្កេតឃើញថា​ពលរដ្ឋ​ខ្មែរ​មួយចំនួន ហាក់​ព្រងើយកន្តើយ​នឹង​សិល្បៈជាតិ​ខ្លួន​សោះឡើយ​។ សម្រាប់​កញ្ញា ស្រី​ពេញ ការមិន​សូវ​អើពើ​ដូច្នេះ​ជា​ចំណុច​មិនគួរ​គប្បី ក្នុងនាម​ជា​កូន​ខ្មែរ​។ កញ្ញា ស្រី​ពេញ​បញ្ជាក់​ពី​ការយល់ឃើញ​របស់ខ្លួន​ដូច្នេះ​៖«​ខ្ញុំ​សង្កេតឃើញថា ខ្មែរ​មួយចំនួន​មិនសូវ​ចាប់អារម្មណ៍​សិល្បៈជាតិ​ខ្លួន​ទេ ហើយ​ដល់ពេល​មាន​ជាតិ​ដទៃ​គេ​យក​របស់​ខ្មែរ​ទៅធ្វើជា​របស់គេ ទើប​ផ្អើល​នាំគ្នា​ឈឺឆ្អាល តែ​ដល់​គេ​សួរថា​មាន​អ្វី​សំអាងថា​វា​ជា​របស់​ខ្មែរ មិនមាន​អ្វី​និយាយ​ព្រោះ​មិនដឹងថា​សិល្បៈ​ខ្មែរ​មាន​អ្វីខ្លះ​»​។​



​លោក ញ៉េប ពន្លឺ តន្ត្រីករ​បុរាណ​ម្នាក់ទៀត ក៏​មើលឃើញ​ស្រដៀង​គ្នា​ដែរ​។ លោក ពន្លឺ យល់ថា យុវជន​ខ្មែរ ហាក់​មិន​ច្បាស់លាស់​រវាង​ការគាំទ្រ​សិល្បៈ​បុរាណ​ជា​របស់ខ្លួន និង​សិល្បៈ​របស់​បរទេស​។ លោក សង្កេតឃើញថា នៅពេល​មានការ​ផ្សព្វផ្សាយ​ពី​សិល្បៈ​បុរាណ​ច្រើន សំទុះ​នៃ​ការគាំទ្រ​ពី​យុវជន​ក៏​ច្រើន​ដែរ ប៉ុន្តែ​នៅពេលដែល​សិល្បៈ​បរទេស​ផ្សព្វផ្សាយ​ច្រើន យុវជន ក៏​ងាក​ទៅខាង​បរទេស​វិញ​។ លោក ពន្លឺ បញ្ជាក់​ដូច្នេះ​៖ «​យុវជន​មួយចំនួន​មិនសូវ​ស្គាល់​ច្បាស់​ពី​សិល្បៈ​ខ្មែរ​ទេ ចូលចិត្ត​តែ​ជ្រួលជ្រើម​តាម​គ្នា គេ​ថា​មួយណា​ល្អ​គាំ ទ្រ​មួយ​ហ្នឹង ដល់​គេ​ឈប់​ផ្សព្វផ្សាយ​ក៏​ឈប់​អើពើ​ដែរ​។  ចំណុច​ខ្លះ សាសន៍​ដទៃ​គេ​យក​របស់​ខ្មែរ​ទៅប្រើ ហើយ​គេ​ផ្សព្វផ្សាយ​មុន ដល់​ខ្មែរ​យក​របស់​ខ្លួនឯង​មក​ផ្សព្វផ្សាយ​ដែរ បែរជា​ខ្មែរ​ខ្លួនឯង​ហ្នឹង​ថា​ខ្មែរ​លួច​របស់គេ​។ នេះហើយ​មិន​ស្គាល់​របស់ខ្លួន​ច្បាស់ បានជា​គេ​ចេះតែ​លួចបាន ហើយ​គេ​ចោទថា​ឯង​ជា​ចោរ​ទៀត​»​។​



​កញ្ញា ឡី​ម សុ​ណា​ឡី​ស  វ័យ​១៨​ឆ្នាំ បាន​សម្ដែង​ក្ដីបារម្ភ ពី​អនាគត​សិល្បៈ ព្រោះ​គាត់​បាន​មើលឃើញ​ពី​ការហូរចូល នៃ​វប្បធម៌​បរទេស​មក​កម្ពុជា​កាន់​តែ​ច្រើន ស្រប​ពេលដែល​ពលរដ្ឋ​ខ្មែរ មិនទាន់​ស្រុះដៃ​គ្នា  ថែរក្សា​សិល្បៈជាតិ​ខ្លួន​នោះ​។ សម្រាប់ កញ្ញា សុ​ណា​ឡី​ស សិល្បៈ​បុរាណ​ខ្មែរ ត្រូវការ​ខ្មែរ​គ្រប់រូប​ចូលរួម​គ្នា​ថែរក្សា ឲ្យ​អស់​លទ្ធភាព​។



​លោក ច​ន ប៊ុន​វឌ្ឍន៍ វ័យ​២១​ឆ្នាំ ដែលមាន​ការបារម្ភ​ស្រដៀង​គ្នា​នេះដែរ បាន​ចោទ​ជា​សំណួរ​ថា បើ​ខ្មែរ​មិនដឹងថា​សិល្បៈ​របស់​ខ្មែរ​មាន​អ្វីខ្លះ តើ​នឹងមាន​អ្វី​និយាយ​នៅពេល​ជួប​ជាមួយ​បរទេស​? ចុះបើ​បរទេស​គេ ដឹង​ពី​សិល្បៈ​ខ្មែរ​ច្រើន ជាង​ខ្មែរ តើ​ខ្លួនឯង​មាន​អារម្មណ៍​យ៉ាងណា​? លោក ច​ន ប៊ុន​វឌ្ឍន៍ បាន​សំណូមពរ ដល់​រដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ គ្រូបង្រៀន មាតាបិតា អាណាព្យាបាល អ្នកមាន​ឥទ្ធិពល​ក្នុងសង្គម និង​យុវជន​ផ្ទាល់  ចូលរួម​លើកស្ទួយ​សិល្បៈ​បុរាណ ក៏ដូចជា​ផ្សព្វផ្សាយ​ទៅ​អ្នក​ដែល​ខ្លួន​បាន​ស្គាល់ ព្រោះ​វា​មានតម្លៃ​ណាស់​សម្រាប់​ខ្មែរ និង​ជា​ដួងព្រលឹង​របស់​ជាតិ​៕




Tag:
 សិល្បៈ​
 ​វប្បធម៌​
 ​យុវជន​
 ​របាំ​
© រក្សាសិទ្ធិដោយ thmeythmey.com