ជាតិ
ប្រមុខរដ្ឋាភិបាល ប្រកាសជាថ្មីថា កម្ពុជាមិនពន្យាររពេលបោះឆ្នោតដូចប្រទេសដទៃឡើយ
× ភ្នំពេញ៖ ដំណើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ កក្កដា ខាងមុខ នឹងប្រព្រឹត្តទៅជាធម្មតា ដោយគ្មានការពន្យារពេល ឬលុបចោលការបោះឆ្នោត ដូចប្រទេសដទៃឡើយ។ នេះជាការប្រកាសជាថ្មីរបស់សម្ដេច ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងការសន្និដ្ឋានរបស់មជ្ឈដ្ឋានទូទៅ ពីការពន្យារពេលបោះឆ្នោតនៅកម្ពុជា។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅកាន់បន្ទាយមានជ័យ នៅព្រឹកនេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ដែលស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនេះ គឺមិនត្រូវឲ្យមានការអាក់ខានឡើយ ហើយក៏មិនត្រូវឲ្យមានភាពអនាធិបតេយ្យ រាំងស្ទះដែរ។
កន្លងមកសម្ដេច ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលមិនខ្វល់ពីបរទេស ដែលប្រកាសមិនទទួលស្គាល់ពីការបោះឆ្នោតនោះទេ។ សម្រាប់នាយករដ្ឋមន្ត្រី ការបោះឆ្នោតប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញនេះ ឲ្យតែមានការគាំទ្រ និងទទួលស្គាល់ពីប្រជាពលរដ្ឋខ្មែរ គឺវាគ្រប់គ្រាន់ហើយ។
បន្ថែមពីនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា ទោះជាចំនួនពលរដ្ឋ ទៅបោះឆ្នោតក្រោម៥០ភាគរយក្តី ក៏ចាត់ទុកជាសំឡេងបានការ ក្នុងការជ្រើសតំណាងរាស្ត្រ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលដែរ ។ នោះក៏ព្រោះតែច្បាប់បោះឆ្នោតនៅកម្ពុជា មិនបានចែងពីភាគរយនៃចំនួនអ្នកបោះឆ្នោត សម្រាប់ចាត់ទុកជាបានការ។ ការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់មជ្ឈដ្ឋានទូទៅ ដែលប្រកាសមិនទទួលលទ្ធផលបោះឆ្នោតនៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com