ជាតិ
លោក សុខ ទូច ប្រាប់​ក្រុម​អង្គការ​អន្តរជាតិ​ថា កម្ពុជា លែងមាន​ហើយ​ពាក្យ «​កាប់​ឈើ​»
26, Mar 2018 , 4:20 pm        
រូបភាព
លោក សុខ ទូច ថ្លែងក្នុងពិធីបិទទិវាចម្លាក់ឈើពិភពលោក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២0១៨
លោក សុខ ទូច ថ្លែងក្នុងពិធីបិទទិវាចម្លាក់ឈើពិភពលោក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២0១៨
​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភាកម្ពុជា បាន​សរសើរ​កម្ពុជា​ថា ជា​ប្រទេស​ដែល​ស្រឡាញ់​និង​ថែរក្សា បរិស្ថាន​និង​ព្រៃឈើ​។ ការលើកឡើង​បែបនេះ​របស់លោក សុខ ទូច ធ្វើឡើង នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ ក្នុងឱកាស​ដែល​លោក ចូលរួម​បិទ​ទិវា​ចម្លាក់​ឈើ​ពិភពលោក ដោយមាន​តំណាង​អង្គការ សមាគម និង​ភាគី​ពាក់ព័ន្ធ​នានា មកពី​បណ្តា​ប្រទេស​ជាង​១០០ ចូលរួម​។



​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា មិនមែនជា​ប្រទេស​បំផ្លាញ​បរិស្ថាន​ទេ​។ កម្ពុជា មាន​ឧស្សាហកម្ម​តូច​ណាស់ [ខាង​ព្រៃឈើ​]​។ កម្ពុជា ចាត់ទុក​វិស័យ​ទេសចរណ៍ ជា​ឧស្សាហកម្ម​ឥត​ផ្សែង​។  ដូច្នេះ ចាប់ពីពេលនេះ​តទៅ លែងមាន​ហើយ​ពាក្យ​ថា​កាប់​ឈើ​។ ប៉ុន្តែ​យើង​ត្រូវតែ​អភិ​រក្ស និង​បណ្តុះ​ដើមឈើ​»​។​

​លោក សុខ ទូច អះអាងថា  បើ​គ្មាន​ព្រៃឈើ​និង​ធម្មជាតិ​ទេ ក៏​គ្មាន​ជម្រក​សត្វ​ដែរ ហើយ​អាច​នឹង​ប៉ះពាល់​ជីវិត​មនុស្ស​ថែមទៀត​។ លោក បន្តថា កម្ពុជា ព្យាយាម​បណ្តុះ​យុវជន​ជំនាន់​ក្រោយ ឲ្យ​ស្រឡាញ់​ធម្មជាតិ​។

​សូមបញ្ជាក់ថា ទិវា​ចម្លាក់​ឈើ​ពិភពលោក (World Wood Day) តែងតែ​ប្រារ​ម្ភ​ឡើងជា​រៀងរាល់ឆ្នាំ ពី​ប្រទេសមួយ​ទៅ​ប្រទេស​។ សម្រាប់​ឆ្នាំនេះ កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​ទិវា​ចម្លាក់​ឈើ​ពិភពលោក ដែល​ប្រព្រឹត្តនៅ​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ព្រៃឈើ និង​ជីវិត​»៕
 
អត្ថបទទាក់ទង


Tag:
 សុខ ទូច​
  ព្រៃឈើ​
  ធម្មជាតិ​
  ទិវា​ចម្លាក់​ឈើ​ពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com