ជាតិ
ជប៉ុន​ផ្ដល់​ថវិកា​១៨៥​លាន​ដុល្លារ សម្រាប់​សាងសង់កំណាត់​ផ្លូវជាតិ​លេខ​៥ ប្រវែង​៨៥​គីឡូម៉ែត្រ
26, Mar 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បើក​ការដ្ឋាន​សាងសង់កំណាត់ ផ្លូវជាតិ​លេខ​៥ ដែលមាន​ប្រវែង​៨៥​គីឡូម៉ែត្រ ពី​ខេត្តបាត់ដំបង  ទៅកាន់​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ចំណាយ​ទឹកប្រាក់​ជិត​២០០​លាន​ដុល្លារ ដែលជា​ថវិកា​រដ្ឋាភិបាល​ជប៉ុន​។



​កំណាត់​ផ្លូវជាតិ​៥​នេះ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ AC កម្រាស់ ១៥​សង់ទីម៉ែត្រ និង​ពង្រីក​ឲ្យ​កាន់តែ​ធំ​ជាង​មុន ដែលមាន​ទទឹង ២៣​ម៉ែត្រ មាន​៤​គន្លងដោយមាន​សួន​ទ្រូងផ្លូវ​ខណ្ឌ​ចែក​ទិសដៅ​ចរាចរណ៍​នៅ​ចំ​កណ្តាល​។ ក្រៅពី​ការស្តារ​ឲ្យ​កាន់តែ​ប្រសើរ និង​ពង្រីក​កំណាត់​ផ្លូវ​នេះ​ឲ្យ​កាន់តែ​ធំ​ហើយ​នោះ ក៏មាន​ការសាងសង់​ផ្លូវ​វាង​ក្រុង ០២​ខ្សែ​ប្រវែង​សរុប ៣៣,២៦​គីឡូម៉ែត្រ​។ ក្នុងនោះ​ផ្លូវ​វាង​ក្រុង​បាត់ដំបង ប្រវែង ២៣,៩២​គីឡូម៉ែត្រ និង​ក្រុង​សិរីសោភ័ណ ប្រវែង ៩,៣៤​គីឡូម៉ែត្រ ដែល​ត្រូវបាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១៩,៩៨៨​យ៉េន​ជប៉ុន ស្មើរ​នឹង ១៨៥​លាន​ដុល្លារ​អាមេរិក  ជា​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​ជប៉ុន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ។​

​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​២​កំណាត់​ទៀត ចាប់ពី​ព្រែក​ក្តាម ទៅ​ខេត្តពោធិសាត់  និង​បាត់ដំបង​ទៅដល់​ព្រំដែន​ថៃ​។  បើតាម​សម្តេច ហ៊ុន សែន កំណាត់​ផ្លូវជាតិ​លេខ​៥​នេះ ជា​ចំណែក​មួយ​ជួយ​ដល់​ការរីកចម្រើន​របស់​សេដ្ឋកិច្ចជាតិ និង​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ហើយក៏​ជួយ​សម្រួល​ដល់​ចរាចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​ផងដែរ​៕


Tag:
 ហ៊ុន សែន​
  ជប៉ុន​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com