ជាតិ
អ្នកសារព័ត៌មាន​៦​ស្ថាប័ន សិក្សា​ជំនាញ​រាយការណ៍ និង​ផ្សាយ​ព័ត៌មាន​តាម​ទូរ​សព្ទ​ដៃ​
27, Mar 2018 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកសារព័ត៌មាន​ជាង ២០​នាក់ មកពី​ស្ថាប័ន​ចំនួន ៦ បាន​ចូលរួម​សិក្ខាសាលា​សារព័ត៌មាន​ឌីជីថល ស្ដីពី​ការរាយការណ៍ និង​ផ្សាយ​ព័ត៌មាន​ពី​ទូរ​សព្ទ​ដៃ​។ សិក្ខាសាលា​នេះ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៥ ដល់ ២៧ ខែមីនា នា​សណ្ឋាគារ​សាន់វ៉េ ដែល​រៀបចំ​ដោយ Broadcasting Board of Governors (BBG) សហការ​ជាមួយ​វិទ្យុ VOA​។​



​សិក្ខាសាលា​សារព័ត៌មាន ឌីជីថល (Digital Journalism) រៀបចំឡើង​ដើម្បី​បង្កើន​ចំណេះដឹង​ដល់​អ្នកសារព័ត៌មាន​ក​ម្ពុ​ជា ក្នុងការ​រាយការណ៍ និង​ផ្សាយ​ព័ត៌មាន​ពី​ទូរ​សព្ទ​ដៃ​។ សិក្ខាសាលា​សារព័ត៌មាន​នេះ មានការ​បង្ហាត់បង្រៀន​ដោយ​លោក Paul Marszalek មន្ត្រី​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ BBG និង​មានការ​សម្រួល​ដោយ VOA​។



​លោក Paul Marszalek មន្ត្រី​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ BBG បាន​លើកឡើងថា សិក្ខាសាលា​នេះ ចង់​ឲ្យ​អ្នកសារព័ត៌មាន មានចំណេះដឹង​បន្ថែម ក្នុងការ​ប្រមូល​ព័ត៌មាន​តាមរយៈ​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ​។ លោក Paul Marszalek និយាយថា​៖ «​អ្នកសារព័ត៌មាន​កម្ពុ​ជា គឺ​មកពី​ស្ថាប័ន​ខុសគ្នា ពិសេស​ម្នាក់ៗ​មាន​ជំនាញ​ខុសៗ​គ្នា ហើយ​ពួកគេ​មិនមាន​ជំនាញ​ក្នុង​ការផលិត​វីដេអូ​ទេ​។ តាមរយៈ​សិក្ខាសាលា​នេះ នឹង​ជួយ​ដល់​អ្នកសារព័ត៌មាន​ចេះ​ផលិត​វីដេអូ​តាម​ទូរ​សព្ទ​ដែ សម្រាប់​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ឬ Youtube​ជាដើម​»​។​

​ក្នុង​សិក្ខាសាលា​សារព័ត៌មាន ឌីជីថល​នេះ អ្នកសារព័ត៌មាន​ដែល​ចូលរួម បាន​បង្កើត​ស្នាដៃ​របស់ខ្លួន ក្រៅពី​សិក្សា​ទ្រឹស្ដី​ពី​វាគ្មិន​។ អ្នកសារព័ត៌មាន​ដែល​ចួ​ល​រួម​ក្នុង​សិក្ខាសាលា​ខាងលើ មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា រួមមាន​សារព័ត៌មាន ThmeyThmey, ទូរទស្សន៍​ជាតិ​កម្ពុជា​, ប៉ុស្តិ៍​លេខ​៥, សប្បាយ​, វិទ្យុ​ស្ត្រី និង​វិទ្យុ​វី​អូ​ឌី​។​



​អ្នកសារព័ត៌មាន ThmeyThmey ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ មាន​៤​នាក់ រួមមាន លោក ជាវ សំណាង ប្រធាន​ផ្នែក​វីដេអូ កញ្ញា ញឹក ស្រី​ល័​ក្ខ លោក ទូច សុវណ្ណ​ឌី អ្នករាយការណ៍​ផ្នែក​វីដេអូ និង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នករាយការណ៍​ព័ត៌មាន​ប្រចាំខេត្ត​សៀមរាប​។​

​សូមបញ្ជាក់ថា ក្រៅពី​សិក្សា​ពី​របៀប​រាយការណ៍ និង​ផ្សាយ​ព័ត៌មាន​ពី​ទូរ​សព្ទ​ដៃ ដូចជា​ការផលិត​វីដេអូ​ខ្លី​តាម​ទូរ​សព្ទ អ្នកសារព័ត៌មាន​ដែល​បាន​ចូលរួម ក៏បាន​សិក្សា​បន្ថែម​ពី​គោលការណ៍​គ្រឹះ​របស់​អ្នកសារព័ត៌មាន​ផងដែរ​៕


Tag:
 សិក្ខាសាលា​
  អ្នកសារព័ត៌មាន​
  Digital Journalism
© រក្សាសិទ្ធិដោយ thmeythmey.com