ជាតិ
មេ​ប៉ូលិស​ភ្នំពេញ បញ្ជា​ឲ្យ​បង្ក្រាប​ចលនា​សង្គ្រោះ​ជាតិ​ភ្លាម បើ​មានការ​ប្រមូល​ផ្តុំគ្នា​
27, Mar 2018 , 9:39 pm        
រូបភាព
លោក ជួន សុវណ្ណ ដឹកនាំកម្លាំង ទៅការពារនៅក្រៅបរិវេនតុលាការកំពូល ពេលតុលាការកំពូល បើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៨
លោក ជួន សុវណ្ណ ដឹកនាំកម្លាំង ទៅការពារនៅក្រៅបរិវេនតុលាការកំពូល ពេលតុលាការកំពូល បើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៨
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​អធិការ ដែល​គ្រប់គ្រង​កម្លាំង​តាម​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ  ឲ្យ​ទប់ស្កាត់​ការជួប​ជុំគ្នា​របស់​ក្រុម​ចលនា​សង្គ្រោះ​ជាតិ ដោយ​បារម្ភ​ថា អាច​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។



​បញ្ជា​របស់​មេ​នគរបាល​រាជធានី​ភ្នំពេញ​រូបនេះ គឺធ្វើឡើង​ក្នុង​សន្និបាត​បូកសរុប​ល​ទ្ឋ​ផល​នៃ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ប្រចាំឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨​នេះ​។ គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​ស្រង់​ប្រសាសន៍​របស់លោក ជួន សុវណ្ណ ទៅ​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​យើង ជា​អ្នកអនុវត្ត​ផ្ទាល់ ក្នុងការ​ទប់ស្កាត់​បដិវត្ត​ន៍​ពណ៌ និង​ចលនា​អសន្តិសុខ​សង្គម ដែល​ក្រុម​បក្សប្រឆាំង ចង់​ធ្វើ​។ យើង ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​រាល់​ចលនា​ណាមួយ ដែល​ក្រុម​នេះ​ប៉ុនប៉ង​ចង់​ធ្វើ​» ។​

​អគ្គស្នងការ​នគរបាល​ជាតិ ចុះផ្សាយ​ពី​ការលើកឡើង​របស់លោក ជួន សុវណ្ណ ទៀតថា ទោះជា​ត្រូវបាន​រំលាយចោល​ហើយក៏​ដោយ ប៉ុន្តែ​ក្រុមប្រឆាំង នៅតែ​ចិញ្ចឹមចិត្ត​ចង់​ធ្វើ​ចលនា ដើម្បី​ឲ្យ​មាន​អសន្តិសុខ និង​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម​។ ផ្អែក​តាម​ប្រភព​ដដែល លោក ជូន សុវណ្ណ បាន​ព្រមាន​បែបនេះ​ថា​៖«​ក្នុងនាម​ជា​កងកម្លាំង​ប្រតិបត្តិការ​ផ្ទាល់ ត្រូវតែ​កម្ចាត់​ចោល​ភា្ល​ម មិនត្រូវ​បង្អង់​យូរ​ឡើយ​»​។​

​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល ចលនា​សង្គ្រោះ​ជាតិ ក៏​កើតឡើង​នៅក្រៅ​ប្រទេស ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក សម រង្ស៊ី ។ លោក សម រង្ស៊ី អះអាងថា ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ គឺ​ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ទាមទារ​ឲ្យ​ផ្តល់​សុពលភាព​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឡើងវិញ​។

​លោក សម រង្ស៊ី ធ្លាប់​ផ្ញើ​សារ​ពី​បរទេស មកកាន់​អ្នកគាំទ្រ​ចលនា​សង្គ្រោះ​ជាតិ នៅ​កម្ពុជា​ថា កុំ​ឲ្យ​បញ្ចេញ​អត្តសញ្ញាណ​។ លោក យល់ថា ការ​លាក់​អត្តសញ្ញាណ​បែបនេះ គឺអាច​ការពារ​អ្នកគាំទ្រ​នៅ​កម្ពុជា ពី​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​អាជ្ញាធរ​។

​រហូតមកដល់​ពេលនេះ គេ មិនទាន់​ឃើញ​មាន​សកម្មភាព​ណាមួយ​របស់​ចលនា​សង្គ្រោះ​ជាតិ ដែល​កើតឡើង​នៅ​កម្ពុជា​នោះទេ​។ សកម្មភាព​របស់​ចលនា​សង្គ្រោះ​ជាតិ កើត​មានតែ​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ​។ ក្រុមប្រឆាំង ដោយមាន​លោក សម រង្ស៊ី  ជា​បង្គោល បាន​ប្រើ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ផង និង​ឈ្មោះ​ចលនា​សង្គ្រោះ​ជាតិ​ផង ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​ដាក់ទណ្ឌកម្ម មកលើ​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ឲ្យ​កែប្រែ​ស្ថានការណ៍ ឲ្យ​ល្អប្រសើរ​ដូចដើម មុន​ការបោះឆ្នោត​មកដល់​៕


Tag:
 ជួន សុវណ្ណ​
  ចលនា​សង្គ្រោះ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com