ជាតិ
តារាល្បីៗ
ភាពយន្ត​បរទេស​ហូរ​ចូល​ជាង​២០០​រឿង ខណៈ​ការផលិត​ក្នុងស្រុក​បានតែ​ជាង​២០​រឿង ក្នុង​១​ឆ្នាំ​
28, Mar 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ភាពយន្ត​បរទេស​កំពុង​ហូរ​ចូលក្នុង​ប្រទេស​កម្ពុជា​យ៉ាងគំហុក​នាពេល​បច្ចុប្បន្ន​នេះ ដែល​ធ្វើ​ឲ្យ​ផលិតករ​ភាពយន្ត​ខ្មែរ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ នេះ​ជា​បញ្ហា​ដែល​លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​។​



​លោក ឆាយ បូរ៉ា បាន​និយាយថា ខ្សែភាពយន្ត​បរទេស ដែល​ហូរ​ចូល​កម្ពុជា មាន​ចំនួន​២៤០​រឿង​ក្នុង​មួយឆ្នាំ ខណៈ​ការផលិត​ក្នុងស្រុក​បានត្រឹមតែ​២៥​ប៉ុណ្ណោះ​។ និយាយ​ត្រង់ចំណុច​នេះ លោក ឆាយ បូរ៉ា បាន​បញ្ជាក់ថា កម្ពុជា​បាន​ខាតបង់​ថវិកាជាតិ មិនតិចជាង​១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​ការនាំ​ចូល​ភាពយន្ត​បរទេស មកចាក់​បញ្ចាំង​នៅក្នុង​ប្រទេស​កម្ពុជា​។

​សូម​ស្ដាប់​សំឡេង​ប្រធាន​សមាគម​ភាពយន្ត​៖




​សម្រាប់​លោក ឆាយ បូរ៉ា បញ្ហា​ដែល​ធ្វើ​ឲ្យ​ភាពយន្ត​បរទេស​ហូរ​ចូល​កម្ពុជា យ៉ាងគំហុក​នោះ បណ្ដាលមកពី​កត្តា​ផលិតករ​ភាពយន្ត នៅ​ខ្វះ​សមត្ថភាព​ក្នុងការ​ផលិត ខណៈ​ពួកគេ​មាន​មហិច្ឆតា​ខ្ពស់​ពេក ភ្លេច​គិតពី​ភាពបរាជ័យ​ខ្លួន​, បញ្ហា​លំហូរ​ខ្សែភាពយន្ត​បរទេស​កើនឡើង​យ៉ាងគំហុក គួបផ្សំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​តម្លៃ​ខ្សែភាពយន្ត​បរទេស​ខ្ពស់ ជាង​ភាពយន្ត​ខ្មែរ​, បញ្ហា​ពន្ធដារ​ក្នុង​វិស័យ​ភាពយន្ត និង​កង្វះ​ការយកចិត្ត​ទុក​ពី​រដ្ឋាភិបាល​លើ​វិស័យ​ភាពយន្ត​ជាដើម​។

​ទាំងនេះ​ជា​បញ្ហា​ចម្បង ដែល​លោក ឆាយ បូរ៉ា ព្រួយបារម្ភ​ពី​ការបាត់បង់​ភាពយន្ត​ខ្មែរ​នាពេល​អនាគត ដោយសារ​ផលិតករ​បាត់បង់​ជំនឿ​ចិត្ត​ក្នុង​ការផលិត​ខ្សែភាពយន្ត បើសិនជា​រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​លើ​បញ្ហា​ទាំងនេះ​។ បើតាម​លោក ឆាយ បូរ៉ា រដ្ឋាភិបាល​គួរ​មាន​កញ្ចប់​ថវិកា​មួយ សម្រាប់​ជួយ​ដោះស្រាយ និង​លើកស្ទួយ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​៕



Tag:
 ឆាយ បូរ៉ា​
  សមាគម​ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com