ជាតិ
សម្ដេច ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៦​នៅ​វៀតណាម​
29, Mar 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៦ ស្រប​ជាមួយ​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្ដីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ៣០ ដល់ ៣១ ខែមីនា​។ នេះ​បើតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។



​តប​តាម​ការអញ្ជើញ​របស់ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្ដេច ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ៣០ ដល់ ៣១ ខែមីនា ។ សម្ដេច ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​១០​។​

​បើតាម​សេចក្ដី​ជូន​ព័ត៌មាន​ខាងលើ កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៦ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​សមិទ្ធិផល​រយៈពេល​២៥​ឆ្នាំ​» នៃ​កិច្ចសហប្រតិបត្តិការ និង​ការកសាង​មហា​អនុតំបន់​មេគង្គ​ប្រកបដោយ​ចីរភាព សមាហរណកម្ម និង​វិបុលភាព​។ បន្ថែម​លើ​នេះ ថ្នាក់ដឹកនាំ នឹង​អនុម័ត​ជា​ផ្លូវការ​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ឆ្នាំ​២០១៨-២០២២ និង​ក្របខណ្ឌ​វិនិយោគ​តំបន់ ២០២២ រួមទាំង​សេចក្ដីថ្លែងការណ៍​រួម​។

​ទាក់ទង​នឹង​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្ដីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹង​ពិនិត្យ​សមិទ្ធិផល នា​ឆ្នាំកន្លងមក នៃ​គំនិត​ផ្ដួចផ្ដើម​នានា នឹង​កំណត់​ទិសដៅ​អភិវឌ្ឍ​នាពេល​អនាគត​។ តាមរយៈ​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ នឹង​អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់​ឆ្នាំ​២០៣០ រួមទាំង​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម ៕


Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com