ជាតិ
សេដ្ឋកិច្ច
ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលចុះកិច្ចព្រមព្រៀងខ្ចីលុយក្រៅប្រទេសចំនួន ៩៧៧ លានដុល្លារ
× ភ្នំពេញ៖ ទឹកប្រាក់ដែលរដ្ឋាភិបាលបានព្រមព្រៀងខ្ចីពីក្រៅប្រទេសមានចំនួន ៩៧៧លានដុល្លារអាមេរិក ដែលស្មើនឹង ៩៧,៨ភាគរយនៃការកំណត់របស់ច្បាប់។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ខែមីនា។
ក្នុងចំណោមទឹកប្រាក់កម្ចី ៩៧៧លានដុល្លារនេះ រដ្ឋាភិបាលបានខ្ចីជាលក្ខណៈទ្វេភាគីមានចំនួនរហូតដល់ ៨០៤ លានដុល្លារ ស្មើនឹងជាង ៨២ភាគរយ ខណៈកម្ចីដែលរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងជាមួយស្ថាប័នអន្តរជាតិមានត្រឹម ១៧៣ លានដុល្លារ ស្មើនឹង ១៧,៧ភាគរយ។
រីឯសាច់ប្រាក់ដែលរដ្ឋាភិបាលបានដកពីម្ចាស់បំណុល យកមកប្រើប្រាស់ជាក់ស្ដែងមានចំនួន ៧២១ លានដុល្លា ក្នុងឆ្នាំ២០១៧។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងក្នុងព្រឹត្តិបត្រនេះថា ប្រាក់បំណុលទាំងនេះត្រូវបានយកមកប្រើប្រាស់លើគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាល។
ចំពោះការសងទៅគេវិញ ក្នុងឆ្នាំជាមួយគ្នានេះ រដ្ឋាភិបាលបានទូទាត់បំណុលសរុប ២១០លានដុល្លារ។
គិតត្រឹមដំណាច់ឆ្នាំ២០១៧ កម្ពុជាជាប់បំណុលសាធារណៈសរុប ៦៦៧៣ លានដុល្លារអាមេរិក។ ក្នុងនោះបំណុលសារធារណៈក្នុងប្រទេសមានចំនួនតែជិត ៣លានដុល្លារប៉ុណ្ណោះ ក្រៅពីនេះជាបំណុលក្រៅប្រទេស។
ព្រឹត្តិបត្រដដែលនេះបានចាត់ទុកបំណុលសាធារណៈរបស់កម្ពុជាថា មានចិរភាព និងហានិភ័យទាប។ បើតាមការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត កាលពីខែមករាឆ្នាំនេះ បំណុលរបស់កម្ពុជា ដែលមានអត្រាប្រមាណ ៣២ភាគរយ ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ស្ថិតក្នុងស្ថានភាពល្អនៅឡើយ។
ជាមួយគ្នានេះ លោក វង្សី វិស្សុត បានឲ្យដឹងថា រដ្ឋាភិបាលកំពុងមានផែនការកាត់បន្ថយបំណុលក្រៅប្រទេស ជំនួសមកវិញដោយការខ្ចីក្នុងស្រុក តាមរយៈការបោះបណ្ណបំណុលជាសាធារណៈ (bond) ។
អ្នកជំនាញសេដ្ឋកិច្ច ធ្លាប់បានផ្ដល់អនុសាសន៍ថា បើទោះបីបំណុលរបស់កម្ពុជា ស្ថិតក្នុងអត្រាអាចគ្រប់គ្រងបាន តែចាំបាច់ត្រូវមានការតាមដានជាប់លាប់ចំពោះការប្រើប្រាក់កម្ចីលើគម្រោងនានា ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ប្រាក់កម្ចីទាំងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com