ពីនេះ ពីនោះ
ជីវិត​ដែល​ពឹងផ្អែក​លើ​ទូក និង​ទន្លេមេគង្គ​
29, Mar 2018 , 4:58 pm        
រូបភាព
​អ្នកនេសាទ យ៉ា ហូ​សេន និង​ប្រពន្ធ ព្រមទាំង​កូនស្រី នៅលើ​ទូក​នេសាទ​របស់គាត់ ក្នុង​ទន្លេមេគង្គ ក្បែរ​ស​ណ្ឋ​គារ​សុខា​
​អ្នកនេសាទ យ៉ា ហូ​សេន និង​ប្រពន្ធ ព្រមទាំង​កូនស្រី នៅលើ​ទូក​នេសាទ​របស់គាត់ ក្នុង​ទន្លេមេគង្គ ក្បែរ​ស​ណ្ឋ​គារ​សុខា​
ដោយ: ថ្មីៗ
​ភ្នំពេញៈ ស្ថិតនៅតាម​ដង​ទន្លេមេគង្គ នា​ភូមិ​ចុង​កោះ សង្កាត់​ជ្រោយចង្វារ ក្បែរ​សណ្ឋាគារ​សុខា ភ្នំពេញ គេ​ឃើញ​មាន​ទូក​នេសាទ​របស់​ជនជាតិ​ខ្មែរឥស្លាម​ជាច្រើន បាន​ចូល​សុំ​ចត​ទាំងយប់​ទាំង​ថ្ងៃ​នៅ​ទីនោះ​។ ក្នុងចំណោម​នោះ ក៏មាន​គ្រួសារ​របស់លោក យ៉ា ហូ​សេន ព្រមទាំង​សាច់ញាតិ​របស់គាត់​ផងដែរ​។



​ជា​គ្រួសារ​អ្នកនេសាទ​ជនជាតិ​ចាម មកពី​ភូមិ​រកា ឃុំរ​កាជ​ន្លឹ​ង ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល លោក យ៉ា ហូ​សេន អាយុ ៣៧​ឆ្នាំ និង​អ្នកស្រី ឡេះ ហាប់​ស្រស់ អាយុ ៣៥​ឆ្នាំ ព្រមទាំង​កូនស្រី អាយុ​២​ឆ្នាំ តែងតែមាន​វត្តមាន​នៅ​លើ​ទូក នៅ​ទីនោះ​ជាប្រចាំ​។

​ជា​រៀងរាល់ថ្ងៃ វេលា​ម៉ោង​៤​ល្ងាច លោក យ៉ា ហូ​សេន ចេញ​ទូក​នេសាទ​របស់គាត់ ទៅ​បណ្តែតមង​នៅក្នុង​ទន្លេមេគង្គ​។ គាត់​ប្រើ​មង​ពីរ​ប្រភេទ​ដែលមាន​មាន​ក្រឡា​ចាប់ពី ៣ ស​.​ម ឬ ៣.៥ ស​.​ម ទីមួយ គឺ «​មង​កាំ​ង​» ដែលជា​ប្រភេទ​មង​ដាក់​នៅ​នឹង​មួយកន្លែង និង​ទី​ពីរ គឺ «​មង​បណ្តែត​» គឺ​ដាក់​បណ្តែត​តាម​ទឹក​ហូរ​។​

​លោក យ៉ា ហូ​សេន និយាយថា​៖ «​នៅទីនេះ ក្នុង​រដូវ​ត្រី​សម្បូរ ចាប់ពី​ខែតុលា ដល់​ខែកុម្ភៈ អ្នកនេសាទ​បានមកពី​គ្រប់ទិសទី រកតែ​កន្លែង​រាយ​មង​ស្ទើរ​មិនបាន​ផង​។ ពួកយើង​នេសាទ​នៅទីនេះ និង​លក់​ឲ្យ​ឈ្មួញ​មក​ចាំ​ទិញ​នឹង​កន្លែង​តែម្តង ក្នុងតម្លៃ ៦០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ចំពោះ​ពពួក​ត្រី​រៀល និង​ត្រី​ឈ្វៀត​។ ចំណែកឯ​ប្រភេទ​ត្រី​ធំ​ផ្សេងៗ (Pangasius spp.) ដូចជា​ត្រី​ពោ ត្រី​ប្រា ត្រី​កែ ឬ ត្រី​ឆ្ពិន គឺ ៨០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​»​។

​យ៉ា ហូ​សេន បន្តថាៈ «​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ ចំណាយពេល​ស្ទើរ ៩០​ភាគរយ រស់​នៅលើ​ទូក​នេសាទ ដោយ​ពុំ​សូវ​បាន​ទៅណា​ឆ្ងាយ​ពី​ទូក​ឡើយ​។ ប៉ុន្តែ ខ្ញុំ​បាន​បញ្ជូន​កូនស្រី​ម្នាក់ អាយុ​១៥​ឆ្នាំ ទៅ​រៀន​នៅ​សាលា​ឥស្លាម និង​ស្នាក់នៅ​ទីនោះ យូរៗ​នាង​មកលេង​នឹង​ខ្ញុំ​ម្តង​»​។

​ទូក​មាន​សារសំខាន់​ណាស់ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​គ្រួសារ​លោក យ៉ា ហូ​សេន​។ ក្នុង​មួយឆ្នាំ លោក យ៉ា ហូ​សេន ត្រូវ​អូស​ទូក​ឡើងគោក​ដើម្បី​ធ្វើការ​ជួសជុល និង​លាបថ្នាំ​ម្តង​។

​យ៉ា ហូ​សេន មានប្រសាសន៍ថា​៖ «​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ របប​នេសាទ​ត្រី​របស់ខ្ញុំ​ពុំសូវល្អ ត្រី​មិនសូវ​សម្បូរ​។ ដូច្នេះ ខ្ញុំ​មិន​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ជួសជុល​ទូក​ទេ​»​។​

​ទាំងនេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​សារសំខាន់​របស់​ទន្លេ​មេគង្គ ជា​កត្តា​កំណត់​កម្រិតជីវភាពរ​បស់​គ្រួសារ យ៉ា ហូ​សេន​។ ឆ្នាំ​ណា​ចំណូល​បានមកពី​ការនេសាទ​ត្រី​ច្រើន លោក​ក៏​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ជួសជុល​ទូក ឬ​ទិញ​មង​ដែល​មានគុណ​ភាពល្អ និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ផ្សេងៗ និង​ការសិក្សារ​របស់​កូនៗ ផងដែរ​។​

(​អត្ថបទ និង​រូបភាពៈ Chhut Chheana  USAID Wonders of the Mekong)




© រក្សាសិទ្ធិដោយ thmeythmey.com