ជាតិ
សិល្បះ
ទម្រង់​សិល្បៈ​ជាច្រើន​, ល្ខោនខោល​ឈុត «​សម្បថ​ពាលី​» នឹង​បង្ហាញខ្លួន​ក្នុង​កម្មវិធី​«​ផ្ទះ​សិល្បៈ​»
31, Mar 2018 , 9:59 am        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​ក្រុម​យុវជន​ល្ខោនខោល
រូបភាពពី​ហ្វេសប៊ុក​ក្រុម​យុវជន​ល្ខោនខោល
 ភ្នំពេញ​៖ កម្មវិធី «​ផ្ទះ​សិល្បៈ​» លើក​ទី​២ នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី ១ ខែមេសា​នេះ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌ ខ្មែរ និង​លើកស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ និង​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។ កម្មវិធី​នេះ នឹងមាន​ការសម្ដែង​សិល្បៈ​គ្រប់​ទម្រង់ ការតាំងពិព័រណ៍​ស្នាដៃ ការលេង​ល្បែង​ប្រជាប្រិយ និង​រាំលេង​កម្សាន្ត ជាពិសេស​ការសម្ដែង​សិល្បៈ​រួមគ្នា​រវាង​សាលា​មធ្យម​វិចិត្រសិល្បៈ និង​ហ្វារ​ពន្លឺ​សិល្បៈ និង​ការសម្ដែង​ល្ខោនខោល​ឈុត «​សម្បថ​ពាលី​»​ផងដែរ​។


​សាលា​មធ្យម​វិចិត្រសិល្បៈ សហការ​ជាមួយ​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា នឹង​រៀបចំ​កម្មវិធី​«​ផ្ទះ​សិល្បៈ​» លើក​ទី​២ នៅ​ថ្ងៃទី​១ ខែមេសា នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌ ខ្មែរ និង​លើកស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ​។ 
  
 
«​ផ្ទះ​សិល្បៈ​» នឹង​ប្រមូលផ្តុំ​សិល្បៈ​ជាច្រើន​ទម្រង់ រួមមាន​ការសម្តែងរ​បាំ​បុរាណ របាំ​ប្រពៃណី ល្ខោន​យីកេ ល្ខោនបាសាក់  ល្ខោននិយាយ ល្ខោនខោល ត្រង់​ឈុត «​សម្បថ​ពាលី​»​ចាប៉ីដងវែង ចម្រៀង​សម័យ សៀក ក្បាច់គុណ​ល្បុក្កតោ ការតាំង​ពិ​ព័រ​ណ៌ ការលេង​ល្បែង​ប្រជាប្រិយ​ជាដើម រួមទាំង​ការប្រគំ​តន្ត្រី​ដែល​ចូលរួម​ពី​តារាចម្រៀង​ផ្សេងៗ​ផងដែរ​។ នេះ​បើតាម លោក ខុន ច័ន្ទ​សិទ្ធិការ្យ ប្រធាន​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា ដែល​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។​
 
​លោក ខុន ច័ន្ទ​សិទ្ធិការ្យ សង្ឃឹមថា​ព្រឹត្តិការណ៍​«​ផ្ទះ​សិល្បៈ​» លើក​ទី​២​នេះ នឹងមាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំមុន ដើម្បី​លើកទឹកចិត្ត​ដល់​សិល្បករ​នានា ខណៈ​កាលពី​លើក​ទី​១ មានការ​ចូលរួម​គាំទ្រ​យ៉ាងច្រើន​ពី​សាធារណជន ក្នុងនោះ​ជាង​៧០​ភាគរយ​ជា​យុវជន​៕

 

Tag:
 ផ្ទះ​សិល្បៈ​
  ល្ខោនខោល​
© រក្សាសិទ្ធិដោយ thmeythmey.com