ជាតិ
សិល្បះ
ឥទ្ធិពលចម្រៀងសម័យ ធ្វើឱ្យចម្រៀងគែនលែងសូវមានអ្នកនឹកនា
×
សិល្បករ និងតន្ត្រីករគែន២រូប មកពីខេត្តឧត្តរមានជ័យ បានត្អូញត្អែរ ពីភាពស្ងប់ស្ងាត់នៃតន្ត្រីគែននៅតំបន់របស់ខ្លួន។ តន្ត្រីករទាំង២រូប អះអាងដូចគ្នាថា ពីមុនការតន្ត្រីគែន ដែលធ្លាប់តែមានគេហៅទៅសម្ដែង ក្នុងពិធីបុណ្យមិនដែលដាច់ ប្រែជាមិនមានអ្នកហៅ រហូតក្មេងជំនាន់ក្រោយ ស្ទើរតែមិនស្គាល់ថាគែនជារបស់ខ្មែរ។
តន្ត្រីករគែនលោក ម៉ុន ហៃ ដែលចេះផ្លុំឧបករណ៍គែន តាំងពីអាយុ២៥ឆ្នាំ បានឱ្យដឹងថា កាលពីលោកទើបតែចេះផ្លុំគែនដំបូងៗ ពេលមានបុណ្យទាននានា ដូចជាបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ កឋិន បច្ច័យបួន បុណ្យផ្កា បុណ្យសពជាដើម អ្នកភូមិតែងតែហៅលោក ឱ្យទៅលេង និងច្រៀងចម្រៀងគែន ដើម្បីផ្ដល់ជាសារអប់រំក្នុងពិធីបុណ្យ។ ប៉ុន្តែបន្ទាប់ពីបច្ចេកវិទ្យាទំនើប មានដូចជាឧបករណ៍បំពងសំឡេងធំៗ(ធុងបាស) ក្រុមតន្ត្រីសម័យ និងចម្រៀងសម័យថ្មីជាដើមចូលទៅដល់ភូមិរបស់លោក ចម្រៀងគែនចាប់ផ្ដើមថយឥទ្ធិពលរបស់ខ្លួន។ «កាលពីមិនទាន់មានធុងបាស ក្រុមតន្ត្រី ចូលមក មានគេហៅទៅច្រៀងច្រើនមិនសូវដាច់ទេ តែឥឡូវស្ងាត់ណាស់។ គែននេះ លេងបានក្នុងកម្មវិធីបុណ្យបានច្រើនណាស់ តែក្នុងពិធីការ ខ្ញុំមិនដែលឃើញទេ តែខ្ញុំយល់ថាបើគេយកទៅលេងក្នុងពិធីមង្គលការដែរប្រហែលជាល្អ ព្រោះគែននេះវាឮសំឡេងគ្រលួច»។ នេះជាការលើកឡើងរបស់លោក ម៉ុន ហៃ។
ថ្វីដ្បិតតែឧបករណ៍គែន ត្រូវបានអ្នកនៅទិសឧត្ដរ រួមទាំងប្រជាជនខ្មែរមួយចំនួន ហាក់ដូចជាមិនស្រណោះក្ដី តែលោក ហៃ បានឱ្យដឹងថានៅមានមនុស្សមួយចំនួន នៅតែស្រឡាញ់ខ្លាំង រហូតផ្ដាំលោកថា នៅពេលដែលគេស្លាប់ទៅ សូមឱ្យលោកយកឧបករណ៍គែន ទៅប្រគំ ក្នុងពិធីបុណ្យសពរបស់គេ ដើម្បីឱ្យគេបានស្ដាប់ជាលើកចុងក្រោយ។ តន្ត្រីករគែនវ័យ៦៣ឆ្នាំរូបនេះបញ្ជាក់៖«ចាស់ៗមួយចំនួនគាត់បានផ្ដាំខ្ញុំថា ពេលដែលគាត់ស្លាប់ទៅ គាត់សុំឱ្យខ្ញុំយកឧបករណ៍គែននេះ ទៅប្រគំក្នុងពិធីបុណ្យគាត់ផង ព្រោះគែននេះពីរោះណាស់ គេនិយាយថាអ៊ីចឹង»។
អ្នកស្រី ហ៊ុត យេង វ័យ៦១ឆ្នាំ គឺជាដៃគូច្រៀងចម្រៀងគែនជាមួយលោក ម៉ុន ហៃ តាំងពីដើមរៀងមកនោះ ក៏បានមើលឃើញមិនខុសគ្នា ពីដៃគូរបស់ខ្លួនប៉ុន្មានដែរ។ អ្នកស្រី យេង ថាពេលបច្ចុប្បន្ន អ្នកភូមិរបស់អ្នកស្រី មិនសូវចាប់អារម្មណ៍នឹងឧបរណ៍គែនប៉ុន្មានទេ។ ដោយមើលឃើញពីភាពធ្លាក់ចុះប្រជាប្រិយភាព នៃចម្រៀងគែននៅក្នុងតំបន់របស់ខ្លួន អ្នកចម្រៀង វ័យ៦១ឆ្នាំរូបនេះ រំពឹងថា ការផ្សព្វផ្សាយទម្រង់តន្ត្រីគែន នៅទីក្រុងភ្នំពេញតាមប្រព័ន្ធផ្សព្វផ្សាយនានា នឹងអាចជួយស្រោចស្រង់តន្ត្រីមួយនេះ ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងថែរក្សាបន្ត។ អ្នកស្រី ហ៊ុត យេង បញ្ជាក់ដូច្នេះ៖«អ្វីដែលខ្ញុំមើលឃើញ មិនខុសពីលោកគ្រូ ហៃ ទេ ដូច្នេះបានយើងខំផ្សព្វផ្សាយនៅទីនេះវិញ ក្រែងមានអ្នកគាំទ្រ»៕
សូមទស្សនាវីដេអូចម្រៀងគែន ដែលផ្លុំដោយលោក ម៉ុន ហៃ និងច្រៀងដោយអ្នកស្រី ហ៊ុត យេង មកពីខេត្តឧត្ដរមានជ័យ ខាងក្រោមនេះ។
Tag:
គែន
តន្ត្រីបុរាណ
ម៉ុន ហៃ
© រក្សាសិទ្ធិដោយ thmeythmey.com