ជាតិ
គណៈកម្មការ​ទន្លេមេគង្គ ចាប់ផ្តើម​ប្រជុំ​រៀបចំ​របៀបវារៈ​សំខាន់ៗ​ត្រៀម​ក្នុង​កិច្ចប្រជុំ​កំពូល​
02, Apr 2018 , 10:19 pm        
រូបភាព
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
​សៀមរាប​៖ គណៈកម្មការ​ទន្លេមេគង្គ បើក​កិច្ចប្រជុំ​សន្និសីទ​អន្តរជាតិ​ដើម្បី​ពិនិត្យ​ពី​របៀបវារៈ​សំខាន់ៗ មុននឹង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​ចូលមក​ដល់​។ កិច្ចប្រជុំ​កំពូល​ថ្នាក់​រដ្ឋមន្ត្រី​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​៤ ដល់ទី​៥ ខែមេសា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​នេះ​នៅ​ក្រុង​សៀមរាប​។



​កិច្ចប្រជុំ​ត្រៀម​របៀបវារៈ​សំខាន់ៗ​សម្រាប់​ដាក់ជូន​ក្នុង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​លោក ហ្វា​ម ទួន ផាន (Pham Tuan Phan) នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ទន្លេមេគង្គ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក លឹម គានហោ បាន​ថ្លែងថា លោក​មាន​សុទិដ្ឋិនិយម​ថា កិច្ច​ប្រ​ជុ​ុំ​ទន្លេមេគង្គ​លើក​ទី​៣ ដែលមាន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​ទទួលលទ្ធផល​ប្រសើរ ដោយ​នឹង​នាំឱ្យ​ដាក់ចេញ​នូវ​ការទទួលខុសត្រូវ​រួមមួយ ដើម្បី​រក្សាបាន​នូវ​ស្ថេរភាព និង​ធនធាន របស់​តំបន់​អាង​ទន្លេមេគង្គ​នាពេល​អនាគត​។ លោក​រដ្ឋមន្ត្រី​បន្ថែមថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះដែរ គឺ​ការពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​ការគ្រប់គ្រង អភិវឌ្ឍ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព​។​

​គណៈកម្មការ​ទន្លេមេគង្គ ជា​ស្ថាប័ន​អន្តររដ្ឋាភិបាល​ដែលមាន​តួនាទី ជំរុញ​លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​ក្នុង​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ស្ថាប័ន​នេះ​បំពេញ​តួនាទី ជា​វេទិកា​ថ្នាក់​តំបន់ សម្រាប់​កា​ទូត​ផ្នែក​ទឹក ក៏ដូចជា​មជ្ឈមណ្ឌល​ចំណេះដឹង ស្ដីពី​ការគ្រប់គ្រង​ធនធានទឹក ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​តំបន់​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣ ក្រោម​ប្រធានបទ «​ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ​» ការលើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ  គ្រោង​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់ទី​៥ ខែមេសា នៅ​ខេត្តសៀមរាប​។ ពិធី​បើក​នៃ​កិច្ចប្រជុំ​នេះ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ​។ កិច្ចប្រជុំ​នេះដែរ នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ រួមមាន​កម្ពុជា ឡាវ វៀតណាម និង​ថៃ និង​ក៏មាន​ការចូលរួម​ផងដែរ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា និង​ចិន ដែល​ដើរ​តួន​ជា​ដៃគូ​សហប្រតិបត្តិការ​ក្នុង​គណៈកម្មការ​ទន្លេមេគង្គ​៕


Tag:
 មេគង្គ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com