ជាតិ
គណៈកម្មការ​ទន្លេមេគង្គ​ដាក់ចេញ​អនុសាសន៍​រួមគ្នា​ជូន​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​ប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ នៅ​ថ្ងៃទី​៥
04, Apr 2018 , 2:59 pm        
រូបភាព
រូបភាព៖ AKP
រូបភាព៖ AKP
​សៀមរាប​៖ ក្រោយ​ប្រជុំ​រយៈពេល​ពេញ​២​ថ្ងៃ ពីថ្ងៃ​ទី​២ ដល់ទី​៣ ខែមេសា សមាជិក​គណៈកម្មការ​ទន្លេមេគង្គ បានសម្រេច​ដាក់ចេញ​នូវ​អនុសាសន៍​រួមគ្នា សម្រាប់​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​។​



​ក្នុង​កិច្ចប្រជុំ​នោះ អ្នក​ចូលរួមបាន​វាយតម្លៃ​ខ្ពស់​ដល់​ការខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដែលជា​គោលការណ៍​គន្លឹះ​នៃ​ការគ្រប់គ្រង​ការងារ​ទាំងអស់​របស់​គណៈកម្មការ​ទន្លេមេគង្គ រាប់​ចេញពី​ការរៀបចំ និង​ការអនុវត្ត​គោលការណ៍​ណែនាំ យុទ្ធសាស្ត្រ និង​នីតិវិធី​រហូតដល់​ការពិនិត្យ​តាមដាន​រួមគ្នា ការវាយតម្លៃ និង​ការរៀបចំ​របាយការណ៍​ស្ដីពី​ស្ថានភាព​អាង​ទន្លេមេគង្គ ដ៏​ដូចជា​ការធ្វើការ​ជាមួយ​ដៃគូ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។​

​គណៈកម្មការ​ទន្លេមេគង្គ ទទួលស្គាល់​ពី​តួនាទី​ដ៏​សំខាន់ ដែល​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​នានា​មាន​ចំពោះ​ការសម្រេច​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហើយ​គណៈកម្មការ​នេះ​ខិតខំ​ផ្ដល់​ភស្ដុតាង ដើម្បី​ជួយ​ឱ្យ​ការសម្រេចចិត្ត និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន សំដៅ​គាំទ្រ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ ខណៈពេលដែល​ប្រទេស​ទាំងនេះ​កំពុងធ្វើការ​សម្រេចចិត្ត​អំពី​លទ្ធភាព​អំពី​ភាព​ទ្វេ​គ្រោះ (​ជម្រើស​រវាង​ការខាតបង់ និង​អត្ថប្រយោជន៍​) និង​របៀប​ធ្វើការ​រួមគ្នា ដើម្បី​ឈានដល់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ក្នុង​សន្និសីទ​អន្ដរជាតិ​នោះដែរ ក៏មាន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ព្រមព្រៀង​ចំនួន​ពីរ រវាង​គណៈកម្មការ​ទ​ន្លេ​មេគង្គ និង​គណៈកម្មការ​សង្គម​កិច្ច និង​សេដ្ឋកិច្ច​សហប្រជាជាតិ​សម្រាប់​អាស៊ី​ប៉ាស៊ីហ្វិក (ESCAP) និង​ការិយាល័យ​សហប្រជាជាតិ​សម្រាប់​សេវា​គម្រោង (UNOPS) ផងដែរ​។ គណៈកម្មការ​ទន្លេមេគង្គ និង​សហការ​ជាមួយ ESCAP ដើម្បី​កំណត់ និង​វាយតម្លៃ​ហានិភ័យ​គ្រោះ​ម​ហ​ន្ថ​រាយ កាត់បន្ថយ​ហានិភ័យ​ទាំងនេះ និង​ត្រៀម​រៀបចំ ដើម្បី​ធ្វើការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធិភាព​ចំពោះ​ស្ថានភាព​គ្រោះមហន្ដរាយ​នានា ដូចជា​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ជាដើម​។ ដោយឡែក​ចំពោះ​កិច្ចព្រមព្រៀង​ជាមួយ UNOPS គណៈកម្មការ​ទន្លេមេគង្គ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​ផ្នែក​លទ្ធកម្ម និង​ការស្វែងរក​ជំនួយ​សម្រាប់​គម្រោង​ទាំងឡាយ​ក្នុង​អាង​ទន្លេមេគង្គ​ជាដើម​។​

​រាល់​អនុសាសន៍​ទាំងនេះ នឹង​បញ្ជូន​ទៅកាន់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​គណៈ​កម្ម​ការ​ទន្លេមេគង្គ ដែល​នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃទី​៤ និង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​ចូលរួម​ពី​ប្រមុខ​រដ្ឋាភិបាល​មកពី​ប្រទេស​ជា​សមាជិក​គណៈកម្មកា​ទ​ន្លេ​មេគង្គ និង​ដៃគូ​សន្ទនា​នៅ​ថ្ងៃទី​៥​។​

​គួរ​បញ្ជាក់ថា គណៈកម្មការ​ទន្លេមេគង្គ គឺជា​ស្ថាប័ន​អន្តរជាតិ​រដ្ឋាភិបាល​ដែលមាន​តួនាទី​ជំរុញ លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​ក្នុង​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ​រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ ស្ថាប័ន​នេះ​បំពេញ​តួនាទី​ជា​វេទិកា​ថ្នាក់​តំបន់​សម្រាប់​កា​ទូត​ផ្នែក​ទឹក ក៏ដូចជា​មជ្ឈមណ្ឌល​ចំណេះដឹង​ស្ដីពី​ការគ្រប់គ្រង​ធនធានទឹក ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​តំបន់​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com