នាយករដ្ឋមន្ត្រី​ឡាវ​ស្នើឱ្យ​កម្ពុជា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​
ជាតិ
នាយករដ្ឋមន្ត្រី​ឡាវ​ស្នើឱ្យ​កម្ពុជា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​
05, Apr 2018 , 9:30 am        
រូបភាព
រូបភាព៖ AKP
រូបភាព៖ AKP
​សៀមរាប​៖ ក្នុងជំនួប​មុន​កិច្ចប្រជុំ​កំពូល​ថ្នាក់​រដ្ឋមន្ត្រី​នៃ​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​។ ក្នុងជំនួប​នោះ លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បាន​ស្នើឱ្យ​កម្ពុជា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​ទំហំ​ពាណិជ្ជកម្ម​បច្ចុប្បន្ន​មាន​ទំហំ​តូច​នៅឡើយ​។



​ក្រោយ​ជំនួប​នៅ​ល្ងាច​ថ្ងៃទី​៤ ខែមេសា នៅ​ស​ណ្ឋា​គារសុខា សៀមរាប លោក អ៊ាង សុផល្លែត ជំនួយ​ការផ្ទាល់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ឡាវ​នាពេល​បច្ចុប្បន្ន​មាន​កម្រិត​ទាប​នៅឡើយ គឺ​នៅមាន​ត្រឹម​២០​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយក៏​កំពុង​ថយចុះ បូករួម​ទាំង​ចំនួន​ភ្ញៀវទេសចរ​ផងដែរ​។​

​ឆ្លើយតប​ទៅនឹង​សំណើរ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ស្រប​ចំពោះ​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី ឡាវ ហើយ​ថា​គួរ​បង្កើន​ការ​វិ​និ​យោគ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ តាមរយៈ​ការជំរុញ​រវាង​ប្រជាជន និង​ប្រជាជន ឱ្យមាន​ការវិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​។ តាមរយៈ​លោក អ៊ាង សុផល្លែត សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា និង​ឡាវ មាន​សក្កា​នុព​ល​ជាច្រើន ក្នុងការ​ជំរុញ​កំណើន​ពាណិជ្ជ​កម្មនេះ ជាពិសេស​នៅក្នុង​វិស័យ​ទេសចរណ៍ ដែល​សម្តេច​ថ្លែងថា នឹង​ពិនិត្យមើល​លទ្ធភាព​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា ដើម្បីឱ្យ​មានការ​ហោះហើរ​ត្រង់​ទៅកាន់​ទីក្រុង​វៀង​ច​ន្ធ​ន៍ និង​ទីក្រុង​ហ្លូ​ង​ព្រះបាទ​។​

​បន្ថែម​ពីនេះ សម្តេច ហ៊ុន សែន ក៏បាន​លើក​ពី​គំនិត​ផ្តួចផ្ដើម​ឱ្យមាន​ការសិក្សា​អំពី​ការមិន​យកពន្ធ​ត្រួតគ្នា ដូចដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម​កន្លងមក​ដែរ​។ សម្តេច​ស្នើឱ្យ​ភាគី​ឡាវ ពិនិត្យមើល​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី ដើម្បី​ភ្ជាប់​បណ្តាញ​ពី​ឡាវ ដែល​នេះ​ជា​ចំណុច​ដែល​កម្ពុជា​យល់ឃើញថា​អាច​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com