ជាតិ
អគ្គលេខាធិការ​អាស៊ាន សរសើរ​ការដឹកនាំរ​បស់​សម្ដេច ហ៊ុន សែន
05, Apr 2018 , 10:05 am        
រូបភាព
​ភ្នំពេញ​៖ អគ្គលេខាធិការ​អាស៊ាន សរសើរ​ការដឹកនាំរ​បស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​នាំ​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដល់​ប្រជាជន និង​ប្រទេសជាតិ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។



​អគ្គលេខាធិការ​អាស៊ាន លោក Dato Lim Jock Hoi បាន​លើក​ពី​ចំណុច​វិជ្ជមាន ក្នុង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ពិភាក្សា​ជាមួយ​សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី​៤ មេសា​។ ថ្លែង​ក្នុងជំនួប​នេះ លោក Dato Lim Jock Hoi បាន​និយាយថា កម្ពុជា ជា​ប្រទេសមួយ ដែល​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន ក្នុងចំណោម​ប្រទេស​អាស៊ាន ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​។​

​តាមរយៈ​ការចុះផ្សាយ​របស់​ហ្វេ​ស​ប៊ុ​ក ASEAN បាន​ចុះផ្សាយ​សម្ដី​របស់​រដ្ឋលេខា​ធិ​ការ​អាស៊ាន ដូច្នេះ​ថា​៖«​ជាការ​កត់សម្គាល់​ដំណើរការ​របស់​ប្រទេស​កម្ពុជា ឃើញថា មានការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ហើយ​កម្ពុជា​កំពុង​ចាប់ផ្ដើម​រីកចម្រើន​ខ្លាំង រួមទាំង​ការបង្កើន​នូវ​កម្រិតជីវភាព​រប​ស់​ប្រជាជន​»​។​

​បន្ថែម​នេះ​អគ្គលេខាធិការ​អាស៊ាន បាន​ពិភាក្សា​ពី​រឿង​អាស៊ាន ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ ជាការ​ឆ្លើយតប​សម្ដេច ហ៊ុន សែន បានស្នើ​សុំ​ឲ្យ​លោក Dato Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​ថ្មី​នេះ ពិចារណា​ធ្វើយ៉ាងណា​ជំរុញ​ព​ន្លឿ​ន​កិច្ចការ​ទាំងឡាយណា ដែល​ថ្នាក់ដឹកនាំ​កំពូល​បាន​ព្រមព្រៀងគ្នា​នោះ យកចិត្តទុកដាក់​ជា​អាទិភាព ចំពោះ​កិច្ចការ​សមាហរណកម្ម​រអា​ស៊ាន​តែម្ដង​។ ព្រោះ​កិច្ចការ​ទាំងនោះ​ជា​អទិភាព​របស់​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ​៕


Tag:
 ហ៊ុន សែន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com