ជាតិ
សង្គមជាតិ
អង្គការ IOM X ចាក់ផ្សាយ​រឿង​អប់រំ​ស្ត្រី​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​ទៅ​រស់នៅ​បរទេស
05, Apr 2018 , 2:56 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង្គការ IOM X  ក្រោម​កិច្ចសហការ​ជាមួយ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (WMC) ចាប់ផ្តើម​យុទ្ធនាការ​ចាក់ផ្សាយ​រឿង​អប់រំ​តាម​វិទ្យុ និង​បញ្ចាំង​តាម​ទូរទស្សន៍ សំដៅ​ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ មុន​សម្រេចចិត្ត​រៀបការ​ចេញទៅ​រស់នៅ​បរទេស ក្នុងនោះ​មាន​ប្រទេស​ចិន ជាដើម​។​



​ដោយ​មើលឃើញថា ស្ត្រី​ដែល​រៀបការ​ទៅ​រស់នៅ​ក្រៅប្រទេស​ជាមួយ​ប្ដី​បរទេស តែង​ប្រឈម​លើ​ការជួញដូរ​ផ្លូវភេទ និង​កម្លាំង​ពលកម្ម​នោះ អង្គការ IOM X  រួមជាមួយ​មណ្ឌល​ព័ត៌មាន​ស្ត្រី (WMC) បាន​ផលិត​ខ្សែ​រឿង​អប់រំ ដែលមាន​ចំណងជើង​ថា «​ចំណាកស្រុក​ដោយ​ជោគជ័យ​» ដើម្បី​ចាក់ផ្សាយ​នៅតាម​ស្ថា​នី​ទូរទស្សន៍ និង​វិទ្យុ ចំនួន​៤​លើក ពេញ​មួយខែ​មេសា នេះ​។



​រឿង​អប់រំ​«​ចំណាកស្រុក​ដោយ​ជោគជ័យ​» នេះ ក៏មាន​ការចូលរួម​ពី គណៈកម្មកា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស (NCCT) ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (MoFAIC) រូ​ម​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀតផង​ដែរ​។

​វិទ្យុ​ដែល​ចាក់ផ្សាយ​រឿង​អប់រំ​នេះ មាន​វិទ្យុ​ស្ត្រី​កម្ពុជា FM102 និង​វិទ្យុ​វាយោ រីឯ​ខ្សែ​វីដេអូ ត្រូវ​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍ PNN នៅ​ល្ងាច​ថ្ងៃទី​៥ និង​ទី​៦​ខែមេសា និង​ទូរទស្សន៍ MyTV នៅ​ព្រឹក​ថ្ងៃទី​៧ និង​ទី​៨ ខែមេសា​។ បន្ថែម​លើ​នេះ ក្រុមការងារ​របស់​ម​ណ្ឌ​ល​ព័ត៌មាន​ស្ត្រី​កម្ពុជា នឹងធ្វើ​ដំណើរ​ចុះទៅ​ភូមិ តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​២៣ ដល់​២៦ ខែមេសា ជូន​ដល់​ប្រជាពលរដ្ឋ​ទស្សនា​ដល់​មូលដ្ឋាន​។​



​អង្គការ IOM X គឺជា​យុទ្ធនាការ​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID)​ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​៕


Tag:
 ការជួញដូរ​ស្ត្រី​និង​កុមារ​
 ​រំលោភបំពាន​
 ​ជួញដូរ​ផ្លូវភេទ​
 ​រៀបការ​
 ​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com