ជាតិ
កម្ពុជា ថៃ ឡាវ និងវៀតណាម ឯកភាពលើរូបមន្តបង់វិភាគទានថវិកា ដើម្បីអភិវឌ្ឍអាងទន្លេមេគង្គ រូបពីទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP
× ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ បានឯកភាពគ្នា លើរូបមន្តបង់វិភាគទាន ដើម្បីទប់ស្កាត់បញ្ហា និងពង្រឹងការអភិវឌ្ឍអាងទន្លេមេគង្គ។ ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប នាថ្ងៃទី៥ មេសា។
ក្នុងកិច្ចប្រជុំកំពូលលើកទី៣ នេះ គណៈកម្មការទន្លេមេគង្គមានការយល់ដឹងកាន់តែប្រសើរ អំពីកាលានុវត្តភាព (ឱកាស)នៃការអភិវឌ្ឍ និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ។ កាលានុវត្តភាពនៃការអភិវឌ្ឍ ដែលគណៈកម្មការទន្លេមេគង្គ សង្កេតឃើញរួមមាន វារីអគ្គិសនីទន្លេមេ និងដៃទន្លេ, ធារាសាស្ត្រ ,ជលផល ,នាវាចរណ៍ ,ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងទេសចរណ៍។
ចំណែកឯបញ្ហាប្រឈម ដែលត្រូវទប់ស្កាត់រួមមាន កំណើននៃតម្រូវការទឹកស្បៀង និងថាមពល ការបាត់បង់ធនធានបរិស្ថាននិងជលផល ,គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងហានិភ័យជីវចម្រុះ គួបផ្សំនិងផលប៉ះពាល់បណ្ដាលមកពីការប្រែប្រួលអាកាសធាតុផងដែរ។ ទាំងនេះជាបញ្ហាគណៈកម្មការទន្លេមេគង្គ កំពុងគិតរកវិធានការដោះស្រាយ។
តាមរយៈកិច្ចប្រជុំនេះ គណៈកម្មការទន្លេមេគង្គ ដែលកម្ពុជា ថៃ ឡាវ និងវៀតណាម បានឯកភាពគ្នាលើការប្រើរូបមន្តវិភាគទានថវិការបស់ប្រទេសជាសមាជិក ដើម្បីឈានដល់គោលដៅនៃភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុទាំងស្រុង ដោយគណៈកម្មការទន្លេមេគង្គនៅឆ្នាំ២០៣០។
សេចក្តីថ្លែងការណ៍ក្រុងសៀមរាប ស្តីពីការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ បានបញ្ជាក់ដូច្នេះថា៖«យើងទទួលស្គាល់ និងសូមកោតសរសើរចំពោះសមិទ្ធិផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ចាប់តាំងពីកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០១៤។ សមិទ្ធិផលទាំងនេះ រួមមាន ការបញ្ចប់ការសិក្សារបស់ក្រុមប្រឹក្សា ការអនុម័ត និងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍអាង និងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៦-២០២០ ការបន្តអនុវត្តនីតិវិធីប្រើប្រាស់ទឹក និងការកែទម្រង់ស្ថាប័នគណៈកម្មការទន្លេមេគង្គ ដោយរាប់បញ្ចូលវិភាគទានប្រចាំឆ្នាំថ្មី ដើម្បីសម្រេចនិរន្តភាពហិរញ្ញវត្ថត្រឹមឆ្នាំ២០៣០»។
បន្ថែមពីនេះ គណៈកម្មការទន្លេមេគង្គ នឹងជំរុញលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូដើម្បីចាប់យកឱកាសនៃការអភិវឌ្ឍ និងដោះស្រាយនូវបញ្ហាប្រឈមនានា តាមរយៈកិច្ចដំណើរការមានលក្ខណៈចម្រុះរួមគ្នា និងពហុវិស័យ ក្នុងកម្រិតអាងទាំងមូល ដោយលើកកម្ពស់នីតិវិធីប្រើប្រាស់ទឹក ផែនការយុទ្ធសាស្ត្រ និងផែនការចង្អុលទិសថ្នាក់ជាតិ ការពង្រឹងវិមជ្ឈការលើសកម្មភាពតាមដានត្រួតពិនិត្យ និងការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងៗទៀត។
«យើងសូមអះអាងសារជាថ្មី នូវការសាមគ្គីភាព និងការប្ដេជ្ញាចិត្ត និងការគាំទ្រផ្នែកនយោបាយកម្រិតខ្ពស់បំផុតរបស់យើង ដើម្បីប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥»។ នេះជាការបញ្ជាក់របស់គណៈកម្មការទន្លេមេគង្គ ក្នុងសេចក្តីថ្លែងការណ៍រួម៕
Tag:
មេគង្គ
កម្ពុជា
ថៃ
ឡាវ
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com