ជាតិ
វៀតណាម ថា សម្ដេច ហ៊ុន សែន យល់ព្រម​ដោះស្រាយ​បញ្ហា​ជុំវិញ​សិទ្ធិ​ស្របច្បាប់​ជនជាតិ​ខ្លួន
05, Apr 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​វៀតណាម បាន​និយាយថា រដ្ឋាភិបាល​កម្ពុជា នឹង​ជួយ​ដោះស្រាយ​បញ្ហា​ជុំវិញ​សិទ្ធិ​ស្របច្បាប់​ប្រជាជន​វៀតណាម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា ស្របតាម​ច្បាប់​កម្ពុជា​។ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៥ មេសា​។​



​តាមរយៈ​បណ្ដាញ Twitter ផ្លូវការ របស់​រដ្ឋាភិបាល​វៀត​ណា​ម បាន​ស្រង់​សម្ដី​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងជំនួប​ទ្វេរ​ភាគី​នោះ សម្ដេច ហ៊ុន សែន បាន​យល់ព្រម​សហការ​ដោះស្រាយ​បញ្ហា ទាក់ទង​នឹង​សិទ្ធិ​ស្របច្បាប់​របស់​ជនជាតិ​វៀតណាម ដែល​រស់នៅ​កម្ពុជា ដោយ​ផ្អែកលើ​ច្បាប់​របស់​កម្ពុជា​»​។​

​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ក៏បាន​ស្នើសុំ​ឲ្យ​សម្ដេច ហ៊ុន សែន បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ឲ្យ​កាន់តែ​ខ្លាំងក្លា ដើម្បី​ចៀសវាង​ការទទួល​ព័ត៌មាន​មិន​ពិត​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក សម្ដេច ហ៊ុន សែន​។​

អត្ថបទទាក់ទង


​កន្លងមក​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រឹតបន្តឹង ចំពោះ​ជនអន្តោប្រវេសន៍ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​មន្ត្រី​ណា​ម្នាក់ រៀបចំ​ឯកសារ​មិន​ត្រឹមត្រូវ​ឲ្យ​ជនបរទេស​ទៀត​នោះឡើយ ។ សម្ដេច ស ខេង បាន​ព្រមាន​ថា ប្រសិនបើ​រកឃើញ​មន្ត្រី​ណា​ដែល​នៅតែ​បន្ត​រៀបចំ​ឯកសារ​ឲ្យ​ជនបរទេស​ខុសច្បាប់​ទៀត​នោះ បុគ្គល ឬ​មន្ត្រី​នោះ​នឹងត្រូវ​មានទោស​តាមច្បាប់​ជាក់​ជាមិនខាន​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖« ការដែល​មាន​ជនអន្តោប្រវេសន៍​រស់នៅ​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់ និង​ឯកសារ​មិន​ប្រក្រតី​នេះ គឺ​កើតចេញពី​មន្ត្រី​ជា​អ្នកផ្តល់​ជូន​ពួកគេ​។ ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ យើង​នឹងមិន​បណ្តែតបណ្តោយ​អោយ​មន្ត្រី​ទាំងនោះ បន្តសកម្មភាព​ត​ទៀត​នោះទេ ដូច្នេះ​មន្ត្រី​ទាំងអស់​ត្រូវតែ​អនុវត្តន៍​ទៅតាម​ច្បាប់ ហើយ​ដាក់​កំហិត​ដាច់ខាត​ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​កម្ពុជា​មិន​អនុវត្ត​ដោយ​បង្ខំ​ដូច​សម័យ ប៉ុល ពត និង​សម័យ លន់ ណុល នោះឡើយ​»​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ លោក សុខ ផល បាន​និយាយថា ជនបរទេស​ជាង​ប្រាំពីរ​ម៉ឺន​នាក់ ដែល​សមត្ថកិច្ច​បាន​ដកហូត​ឯកសារ​មិន​ត្រឹមត្រូវ​នោះ មាន​ចំនួន​៥​សញ្ជាតិ ដោយ​ជនជាតិ​វៀតណាម​មាន​ចំនួន​៩៩​ភាគរយ​។ ដោយ​ជនបរទេស​ទាំងនោះ ត្រូវបញ្ជូន​ឲ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ​។ ប៉ុន្តែ​សម្រាប់​ជនបរទេស​ដែល​ចង់​ស្នាក់នៅ​បន្ត ត្រូវដាក់​ពាក្យសុំ​រៀបចំ​ឯកសារ​ត្រឹមត្រូវ ដើម្បី​ក្លាយជា​ជនអន្ដោប្រវេសន៍​ស្របច្បាប់​៕

Tag:
 ​ហ៊ុន សែន
 ​កម្ពុជា​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com