ជាតិ
សៀមរាបរៀបចំយុទ្ធនាការទីក្រុងស្អាតទ្រង់ទ្រាយធំដើម្បីស្វាគមន៍ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំយុទ្ធនាការសម្អាតបរិស្ថានទ្រង់ទ្រាយធំ ដែលគ្រោងលាងសម្អាតកំណាត់ផ្លូវស៊ីវុត្ថា។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីត្រៀមស្វាគមន៍បុណ្យចូលឆ្នាំ និងព្រឹត្តិការ៍អង្គរសង្រា្កន្តឆ្នាំ២០១៨។
ខេត្តសៀមរាបនឹងរៀបចំយុទ្ធនាការសៀមរាបផ្ទះខ្ញុំ ក្រោមប្រធានបទ សម្អាតបរិស្ថានក្រុងសៀមរាបជាលក្ខណៈទ្រង់ទ្រាយធំ ដែលគ្រោងធ្វើការលាងសម្អាតកំណាត់ផ្លូវស៊ីវុត្ថា ចាប់ពីស្ដុបអូតែល សុខា ដល់រង្វង់មូលនាគបាញ់ទឹកផ្សារចាស់ និងកំណាត់ផ្លូវមុខពេទ្យខេត្ត និងកំណាត់ផ្លូវជុំវិញតំបន់ផាប់ស្ទ្រីត។ យុទ្ធនាការនេះ នឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី៧ ខែមេសា។
យុទ្ធនាការនេះ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាព អនាម័យក្រុង ឱ្យស័ក្ដិសមជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងជ័យលាភីផ្ការំដួល៣ទង ក៏ដូចជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានស្នើដល់ម្ចាស់អាជីវកម្ម ម្ចាស់ផ្ទះ និងស្ថាប័នពាក់ព័ន្ធ ចូលរួមក្នុងយុទ្ធនាការនេះឱ្យបានច្រើនកុះករ ជាមួយនឹងសម្ភារជាមធ្យោបាយសម្រាប់ស្អាតក្នុងយុទ្ធនាការនោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com