ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បះ
២៥ខេត្ត/រាជធានី
តោះទៅលេង «បុណ្យភូមិ» នៅវត្តគោកអម្ពិល! មួយថ្ងៃហួសបាត់ទៅហើយ!
07, Apr 2018 ,
12:04 pm
រូបភាព
×
ដោយ:
បុណ្យភូមិ បានក្លាយជាកម្មវិធីប្រចាំឆ្នាំរបស់ក្រុមយុវជនដែលប្រសិទ្ធនាមខ្លួនឯងថា «ភ្លើងគប់» នៅមុនឱកាសនៃការប្រារព្ធបុណ្យចូលឆ្នាំថ្មី។ អ្នករៀបចំកម្មវិធី តែងតែជ្រើសរើសវត្តនៅជាយរាជធានីភ្នំពេញ ឬនៅក្នុងខេត្តកណ្តាល ធ្វើជាទីតាំងនៃពិធីបុណ្យភូមិ។ ឆ្នាំនេះ វត្តគោកអម្ពិល!
ថ្ងៃសុក្រ ទី៦ ខែមេសា ជាថ្ងៃទីមួយនៃកម្មវិធីបុណ្យភូមិ ដើម្បីអបអរឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរទ្ធិស័ក! នៅម៉ោង៧ និង៣០ព្រឹក ខ្ញុំបានទៅដល់ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនៅទីនោះ យុវជនជាច្រើនទិញសំបុត្ររថយន្តក្រុង ហើយអ្នកខ្លះរង់ចាំការចេញដំណើរទៅ «បុណ្យភូមិ»។
រថយន្តក្រុងចំនួន២០គ្រឿង ចតតម្រៀបជាជួរក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិ។ រថយន្តមុខគេ បានបញ្ឆេះម៉ាស៊ីន មិនហ៊ានបង្អង់យូរឡើយ ខ្ញុំប្រញាប់ហុចសំបុត្រទៅក្រុមការងារបុណ្យភូមិ ហើយឡើងរថយន្តទៅអង្គុយកៅអីនៅជួរទីបី។
អង្គុយក្បែរយុវតីដ៏ស្អាតម្នាក់ នាងនៅមិនស្ងៀមសោះ ដោយចុចទូរសព្ទចុះឡើង និងអន្ទះសាចង់ឲ្យដល់គោលដៅ ខណៈចរាចរណ៍មិនរលូនដូចចិត្តរបស់គាត់នោះឡើយ។ អ្នកណាថា បុណ្យសម្រាប់យុវវ័យ? មិនមែនឡើយ ព្រោះកៅអីពីរជួរនៅមុខខ្ញុំ សុទ្ធតែយាយតា។
វត្តគោកអម្ពិល ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានរយៈចម្ងាយប្រមាណ១០គីឡូម៉ែត្រពីពហុកីឡដ្ឋានជាតិ។ រថយន្តក្រុងឆ្ពោះទៅកាន់ទីប្រារព្ធក្នុងល្បឿនមធ្យម ហើយចំណាយពេលជាង១ម៉ោង។
បរិវេណវត្តគោកអម្ពិល មានផ្ទាំងផ្សព្វផ្សាយជាច្រើនទាក់ទងនឹងពិធី ហើយក្លោងទ្វារ មានមនុស្សចេញចូលឥតដាច់។ ចម្រៀងបុណ្យភូមិ លាយឡំតន្ត្រីប្រពៃណី ក៏ដូចជាការពពាយនាយលក់ទំនិញ បានបន្លឺឡើងព្រមៗគ្នា ប៉ុន្តែស្តាប់ទៅដូចជារីករាយខ្លាំងណាស់ មិនមែនរញេរញ៉ៃនោះឡើយ។
នៅទីនោះ សហការីរបស់ខ្ញុំម្នាក់ទៀត គឺកញ្ញា អ៊ូ សុខមាន នៅរង់ចាំជាស្រេច។ គាត់បានទៅដល់គោលដៅមុនខ្ញុំ ដោយសារគាត់ប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយខ្លួនឯង។ ក្រុមការងារបុណ្យ ដែលសុទ្ធតែយុវវ័យ អាយុស្របាលខ្ញុំ រួសរាយរាក់ទាក់ខ្លាំងណាស់ ពួកគាត់បានអញ្ជើញ ពួកខ្ញុំឡើងរាំ និងលេងល្បែងប្រជាប្រិយ។ ខ្ញុំ និងកញ្ញា សុខមាន មិនអឹមអៀនឡើយ ប៉ុន្តែយើងបានបដិសេធការអញ្ជើញដោយសារពួកយើងត្រូវបំពេញបេសកកម្មប្រមូលព័ត៌មាន ផ្តិតរូបភាព និងសកម្មភាពផ្សេងៗនៅក្នុងពិធី។
យុវតីម្នាក់ហាក់ដូចជារួសរាយខ្លាំងណាស់ គាត់ស្វាគមន៍អ្នកចូលរួមទាំងអស់ជាមួយនឹងស្នាមញញឹម។ គាត់គឺ កញ្ញា រិទ្ធី លំអរពេជ្រ ដែលជាស្ថាបនិកម្នាក់នៃកម្មវិធីជួបជុំប្រចាំឆ្នាំមួយនេះ។ លំអរពេជ្រ បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey ថា «បុណ្យភូមិឆ្នាំច» នេះប្លែកខុសពីឆ្នាំមុនៗ តាមរយៈការបង្ហាញទម្រង់សិល្បៈខ្មែរ ការលេងល្បែងប្រជាប្រិយបែបបចេ្ចកវិទ្យា មានឆាកប្រគុំតន្ត្រី ច្រៀងរាំ លេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ។
យុវជនម្នាក់រាងខ្ពស់ស្រឡះ បានបង្ហាញពីភាពគាំទ្រយ៉ាងខ្លាំង លោកមិនត្រឹមតែមកចូលរួមលេងកម្សាន្តទេ ថែមទាំងចងក្រងគ្រប់សកម្មភាព ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យភូមិលើកទី៥នេះ។ ទោះបីអាកាសធាតុក្តៅជុំវិញវត្ត ក៏នៅតែមានមនុស្សម្នាកើនឡើងច្រើនទៅៗ ធ្វើឲ្យអ្នកលក់ភេសជ្ជៈកាន់តែត្រូវប៉ាន់។ ស្របពេលនោះយើងក៏បានទិញយកមកផឹក ដើម្បីអង្គុយលើកន្ទេលមើលការសម្តែងសិល្បៈទម្រង់ខ្មែរ សម្តែងដោយក្រុមសិល្បៈនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញយ៉ាងក្តីរីករាយ។
ព្រះអាទិត្យចាប់ផ្តើមងងឹតបន្តិចម្តងៗ ខ្ញុំនៅតែស្ថិតនៅទីតាំងនោះដដែល ដើម្បីសង្កេតមើលគ្រប់សកម្មភាព ជាពិសេសការទស្សនាល្ខោនយីកេរឿង «សព្វសិទ្ធិ» សម្តែងដោយក្រុមយីកេអមតៈ ដែលរំលេចនូវក្បាច់របាំខ្មែររស់រវើក។
ល្ងាចល្មម ខ្ញុំចេញទៅចំណតរថយន្តក្រុងដើម្បីធ្វើដំណើរត្រឡប់ទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិកវិញ។ សំឡេងហ៊ោកញ្ជ្រៀវកាន់តែខ្លាំងទៅៗ ធ្វើឲ្យយើងមិនដាច់ចិត្តត្រឡប់ទៅផ្ទះវិញសោះ។
ខ្ញុំមិនអាចរៀបរាប់ច្រើនទេ! សម្រាប់បងប្អូនដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ពិធីបុណ្យភូមិនៅវត្តគោកម្ពិល នឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី៨ ខែមេសា ស្អែកនេះហើយ។ ចង់លេងប្រជាប្រិយ ទស្សនាសិល្បៈ តន្ត្រីសម្បូរបែប ការរាំលេងកម្សាន្ត ក៏ដូចជាការទិញទំនិញផ្សេងៗ សូមប្រញាប់ឡើង! ឆឺត! ឆឺត! តោះទៅលេងបុណ្យភូមិ!
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បុណ្យភូមិ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម