ជាតិ
សង្គមជាតិ
កុមារី​វ័យ​១២​ឆ្នាំ​ពីររូប រួមគ្នា​រៀប​កម្មវិធី​សប្បុរសធម៌ ក្រោយ​ពួកគេ​រៀន​មុខវិជ្ជា​សីលធម៌​-​ពលរដ្ឋ​
07, Apr 2018 , 11:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​បាន​រៀន​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សាលារៀន​ជំនាន់​ថ្មី​មក កុមារី​ពី​រូប​ដែល​ទើបតែ​មាន​អាយុ​១២​ឆ្នាំ បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​កម្ម​វិធី សប្បុរសធម៌​មួយ​ទៅ​ខេត្តកំពង់ស្ពឺ​។ កុមារី សុភ​ក្តិ   វ​ឌ្ឍ​នា​ទេពី និង​កុមារី ជ័យ អា​នី​កា ឱ្យដឹងថា​នេះ​ជាការ​អនុវត្ត​ផ្ទាល់ នៃ​ការសិក្សា​មុខវិជ្ជា​ពលរដ្ឋវិទ្យា​។ ពួកគេ​និយាយថា ការ​សិ​ក្ស​តែ​ទ្រឹស្តី​ហាក់​ងាយស្រួល តែ​ការអនុវត្ត​ផ្ទាល់​ពិតជា​ពិបាក​។ ទោះជា​យ៉ាងណាក្ដី វ​ឌ្ឍ​នា​ទេពី និង អា​នី​កា មាន​ជំនឿ​យ៉ាង​មុតមាំ ថា​ពួកគេ​ពិតជា​អាចធ្វើ​បាន​ជោគជ័យ​។​


​ទើបតែ​រៀន​ថ្នាក់​ទី​៧ នៃ​សាលារៀន​ជំនាន់​ថ្មី កុមារី វ​ឌ្ឍ​នា​ទេពី និង អា​នី​កា បាន​សហការគ្នា​ផ្ដួច​ផ្ដើមធ្វើ​កម្មវិធី​សប្បុរសធម៌ ដើម្បី​យក​សម្ភារ​សិក្សា​មួយចំនួន​ទៅ​ចែកជូន​គ្រូ​និង​សិស្ស ក្នុង​សាលាបឋមសិក្សា​វត្ត​ពោធិ​វង្ស ស្ថិត​ក្នុងស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ នៅ​ខែឧសភា​ខាងមុខ​។ សុ​ភ័ក្ដិ វ​ឌ្ឍ​នា​ទេពី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុម​របស់​នាង​មានគំនិត​រៀបចំ​កម្មវិធី​សប្បុរសធម៌​នេះ​ឡើង បន្ទាប់ពី​គ្រូ​ប្រាប់ថា​មាន​សាលា​មួយ​នៅ​ខេត្តកំពង់ស្ពឺ កំពុង​ត្រូវការ​ជំនួយ​។  


 
​កុមារី​ម្នាក់ទៀត​ជា​សមាជិក​ក្រុម គឺ ជ័យ អា​នី​កា បានបញ្ជាក់​មូលហេតុ​បន្ថែម​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​ផ្ដោត​សំខាន់​ទៅលើ​ការសិក្សា​ពី​សង្គម​ទូទៅ ពី​ការទំនាក់ទំនង​គ្នា និង​ការចេះ​ជួយ​គ្នា​ទៅវិញទៅមក ដូច្នេះ​ទើបបានជា​ពួក​ខ្ញុំ​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ចូលរួម​សកម្មភាព​សង្គម​»​។​
 
​នៅក្នុង​កម្មវិធី​នេះ នឹងមាន​ការចែក​សម្ភា​រ​សិក្សា​ដូចជា ខ្មៅ​ដៃ ប៊ិក សៀវភៅ បន្ទាត់ ជ័រលុប និង​ប្លា​ស្ទិ​ក​ដាក់​ឯកសារ​ជាដើម ជូន​គ្រូ និង​សិស្ស​នៅ​សាលា​វត្ត​ពោធិ៍​វង្ស ដែលមាន​គ្រូ​៤​នាក់ និង​សិស្ស​២៧៥​នាក់​។ ក្រៅពី​ផ្ដល់​ជា​សម្ភារ ពួកគេ​ក៏​រៀបចំ​លំ​ហាត់​រក​ភាព​ឆ្លាត​វៃ សម្រាប់​សិស្ស​ថ្នាក់​ទី​១​ផងដែរ​។ នេះ​បើតាម កុមារី អា​នី​កា ដែល​បានឱ្យដឹងថា ប្រាក់​ដែល​យកទៅ​ទិញ​សម្ភារ​សិក្សា​ទាំងនេះ គឺ​ប្រមូលបាន​ពី​សិស្ស និង​គ្រូ​នៅក្នុង​សាលារៀន​ជំនាន់​ថ្មី​។​
 
​ជា​លើក​ទី​១​សម្រាប់​ក្រុម​ដ៏​វ័យក្មេង​នេះ គឺ​ពិតជា​លំបាក​ណាស់​ក្នុង​ការរៀបចំ​កម្មវិធី​សប្បុរសធម៌​។ គ្រាន់តែ​រៀបចំ​គម្រោង​កម្មវិធី ពួកគេ​ទាំង​២ ចំណាយពេល​ដល់​ទៅ​១ សប្តាហ៍​ឯណោះ និង​មានការ​ណែនាំ ផ្តល់យោបល់​ពី​គ្រូ​របស់​ពួកគេ​ផង​។ ទោះយ៉ាងណា កុមារី​ទាំង​២ សង្ឃឹមថា កម្មវិធី​សប្បុរសធម៌​របស់គេ នឹង​ជោគជ័យ​៕



Tag:
 ភ្នំពេញ​
 ​ កំពង់ស្ពឺ​
 ​ សាលារៀន​ជំនាន់​ថ្មី​
 ​ ស៊ី​សុ​វ​ត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com