ជាតិ
កម្ពុជា ត្រៀម​បញ្ជូន​សិស្ស​១២​នាក់​ទៅ​ប្រកួត​ស្នាដៃ​ស្រាវជ្រាវ​បែ​វិទ្យាសាស្ត្រ នៅ​ប្រទេស​ថៃ​
08, Apr 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​៦​ក្រុម នៃ​សាលា​ព្រះស៊ីសុវត្ថិ​សាលារៀន​ជំនាន់​ថ្មី ត្រៀមខ្លួន​ទៅ​ប្រកួតប្រជែង​ក្នុង​កម្មវិធី Asean Student Science Project Competition 2018(ASPC) នា​ថ្ងៃទី​២១ ដល់​២៧ ខែ​កក្ដ​ដា ឆ្នាំ​២០១៨​ខាងមុខ​។ សិស្ស​ទាំង​៦​ក្រុម​នេះ ត្រូវបាន​សម្រិតសម្រាំង​យ៉ាង​ល្អិតល្អន់ តាមរយៈ​ការប្រឡងប្រជែង ចេញពី​ក្រុម​ទាំង​៤០​នៅក្នុង​សាលា​។ ពួកគេ​នឹង​នាំយក​ស្នាដៃ​ដែល​ខ្លួន​បាន​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ទៅ​ប្រកួត​ជាមួយ​សិស្ស ដែល​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។​




​សិស្ស​ទាំង​៦​ក្រុម ដែល​បាន​ជាប់​ជា​ក្រុម​ឈានមុខ ដើម្បី​ទៅ​ប្រកួតប្រជែង​នៅ​ប្រទេស​ថៃ​នោះ មាន​អាយុ​ក្រោម​២០​ឆ្នាំ​ទាំងអស់​។ ពួកគេ​បានជ្រើសរើស​ការស្រាវជ្រាវ​ផ្សេងៗ​គ្នា ដើម្បី​ជួយបរិស្ថាន កាត់បន្ថយ​ការប្រើប្រាស់​ធនធាន​ដោយ​មិនចាំបាច់ នឹង​ឧបករណ៍​ជួយ​មនុស្ស​ពេល​លង់ទឹក​ជាដើម​។​
 
​ក្រុម​ទាំង​៦ ដែល​ត្រូវ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​Asean Student Science Project Competition 2018(ASPC) នឹង​នាំយក​សមិទ្ធិផល​របស់​ខ្លួន​ទៅ​ប្រកួត​រួមមាន​៖
 
​ក្រុមទី​១.​ការ​ចម្រាញ់​ប្រេង​ពី​សំបក​ក្រូច (Orange essential oil) ដោយ ស​ម្យ សុជាតា និង កែវ សុជាតា​។ 
  

 
​ក្រុមទី​២. ស្រាវជ្រាវ​ពី​ប្រព័ន្ធ​ស្រោចស្រព​ដោយ​ស្វ័យប្រវត្តិ (Smart ECO system-180)  ដោយ អៀង វណ្ណ​វាសនា និង រ៉ៃ ច័ន្ទ​ឧត្ដម​។ 


 
​ក្រុមទី​៣. ពោង​ទំនើប (State of the art life saver) ដោយ ពិន ប្រាកដ និង ប៉ូ វីរៈ​បុត្រ​។​


 
​ក្រុមទី​៤. បិទ​បើកភ្លើង​ដោយ​ប្រើ​តេ​លេប​ញ្ជា (Remote controllable power main switch) ដោយ ផន ភួង​បុប្ផា និង ទន់ យូ​ឡេង​។​


 
​ក្រុមទី​៥. ធ្វើ​ជីសរីរាង្គ​(Vermicomposting) ដោយ ហាក់ មុនិន្ទ​វរ​លក្សណ៍ និង ថាវ សូ​មាលី​ណាវ​ណ្ណ​។ 





​ក្រុមទី​៦. ប្រព័ន្ធ​បិទ​បើកភ្លើង​ដោយ​ស្វ័យប្រវត្តិ (Home outomation) ដោយ ថន សេរី​រដ្ឋា និង ពូ គុណ​វឌ្ឍន៍​។​

  


 
​ក្រុម​ទាំង​៦​នេះ​ត្រូវបាន​សម្រិតសម្រាំង ចេញពី​ក្រុម​ទាំង​៤០ ដែល​បានដាក់​ប្រកួតប្រជែង​ជា​លក្ខណៈ​សាលា ដោយ​ការប្រកួត​មាន​២​ដំណាក់កាល​។ ដំណាក់កាល​ទី​១ គ្រាន់តែ​បង្ហាញ​អំពី​គោល​គំនិត និង​ហេតុផល​នៃ​ការស្រាវជ្រាវ ឬ​ការពិសោធន៍​របស់​ក្រុម​នីមួយៗ​។ ដំណាក់កាល​ទី​២ បង្ហាញ​សមិទ្ធផល ពី​ការធ្វើ​ពិសោធន៍​របស់​ក្រុម​នីមួយៗ​។​
 
​នាយក​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សាលារៀន​ជំនាន់​ថ្មី លោក ស​ម្យ កំសាន្ត បានឱ្យដឹងថា កន្លងមក​សាលារៀន​ជំនាន់​ថ្មី បាន​នាំ​សិស្សានុសិស្ស​ជាច្រើនរូប​រួចមកហើយ ទៅ​ប្រកួតប្រជែង​នៅក្រៅ​ប្រទេស ហើយ​ជា​លទ្ធផល​ទទួលបាន​ជោគជ័យ​គួរឱ្យ​មោទកភាព​។ ជា​រៀងរាល់ឆ្នាំ សិស្ស​សាលារៀន​ជំនាន់​ថ្មី ដែល​ត្រូវបាន​បញ្ជូនទៅ​ប្រកួតប្រជែង​នៅក្រៅ​ប្រទេស មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់​។ ក្នុង​ឆ្នាំ​២០១៧ -២០១៨​នេះ សាលារៀន​នេះ​ត្រៀម​បញ្ជូន​សិស្ស​ទៅ​ប្រឡងប្រជែង​នៅក្រៅ​ប្រទេស​ប្រមាណ​៥០​នាក់​។ 
 
​កម្មវិធី Asean Student Science Project Competition 2018(ASPC) តម្រូវឱ្យ​ប្រទេស​ដែល​ចូលរួម​ប្រកួតប្រជែង​នីមួយៗ បញ្ជូន​សិស្ស​ទៅ​៦​ក្រុម ដែល​ក្នុង​មួយក្រុមៗ​មាន​សមាជិក​២​នាក់​៕

Tag:
 ប្រកួត​
  ​វិទ្យាសាស្ត្រ​
 ​ សាលា​ជំនាន់​ថ្មី​
 ​ អប់រំ​
 ​ ស​ម្យ កំសាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com