ជាតិ
អដ្ឋិធាតុលោក គង្គ ប៊ុនឈឿន បានតម្កល់នៅស្រុកកំណើតតាមបំណង រូបភាពពីហ្វេសប៊ុកលោក មុត ថារី
× បាត់ដំបង៖ ទទួលមរណភាពជិត២ឆ្នាំហើយ បំណងរបស់ម្ចាស់កវីស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន ទើតតែបានសម្រេច គឺមានទីតាំងតម្កល់ធាតុលោក នៅក្បែរស្ទឹងសង្កែ។ អដ្ឋិធាតុរបស់លោក ត្រូវបានដង្ហែ និងបានតម្កល់នៅក្នុងប្រាង្គដែលសាងសង់នៅក្នុងបរិវេណវត្តកណ្ដាល ខេត្តបាត់ដំបង នៅក្នុងពិធីបុណ្យ(បញ្ចុះអដ្ឋិធាតុ និងឆ្លងប្រាង្គ) ដែលរៀបចំដោយក្រុមគ្រួសារ នៅថ្ងៃទី ៧ និងទី៨ ខែមេសានេះ។ ជាមួយគ្នានេះដែរ រូបសំណាករបស់កវីម្ចាស់ស្ទឹងសង្កែ ក៏ត្រូវបានតម្កល់នៅខាងមុខប្រាង្គ ក្នុងទីធ្លាវត្ត កណ្តាល ដែលមានទីតាំងនៅជាប់ដងស្ទឹងសង្កែផង និងនៅទល់មុខដើមដូងទី១០ផង។
លោក យាង វណ្ឌី តំណាងអ្នករៀបចំកម្មវិធីបុណ្យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា រូបសំណាក់ និងប្រាង្គនេះ ចំណាយថវិកាសាងសង់ចំនួន ១៦០០០ដុល្លារ ដែលជាថវិកាក្រុមគ្រួសារ និងសប្បុរសជននានា។
លោក គង្គ ប៊ុនឈឿន ម្ចាស់កវីស្ទឹងសង្កែ បានទទួលមរណភាពនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦ នៅប្រទេសន័រវេស។ នៅមុនមរណភាព លោកបានប្រាប់ពីបំណងប្រាថ្នារបស់ខ្លួនថា ចង់មានទីកម្កល់ធាតុ នៅក្បែរស្ទឹងសង្កែ។ ជិត២ឆ្នាំក្រោយលោក អនិច្ចកម្ម ក្តីបំណងរបស់លោកកវីម្ចាស់ស្ទឹងសង្កែ បានសម្រេច ដោយអដ្ឋិធាតុ និងរូបសំណាក់ គឺកម្កល់នៅវត្តកណ្តាល ជាប់ស្ទឹងសង្កែ៕
Tag:
គង្គ ប៊ុនឈឿន
រូបសំណាក់
អដ្ឋិធាតុ
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com