ជាតិ
ព្រះមហាក្សត្រ សរសើរសភាថាបានតាក់តែងច្បាប់ ឲ្យសមស្របនឹងស្ថានភាពប្រទេសជាតិ
× ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា បានប្រទានព្រះរាជសារ ជូនអង្គប្រជុំនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២0១៨នេះ។
តាមរយៈព្រះរាជសារ ព្រះមហាក្សត្រ បានវាយតម្លៃជាវិជ្ជមានថា រដ្ឋសភា ដែលមានសម្តេច ហេង សំរិន ជាប្រធាន បានប្រឹងប្រែងបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយប្រសិទ្ធភាព។ ព្រះរាជសាររបស់ព្រះអង្គ ត្រូវបានសម្តេច ហេង សំរិន អាននៅក្នុងអង្គប្រជុំនៃរដ្ឋសភា យ៉ាងដូច្នេះថា៖«ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នរដ្ឋកំពូលៗ មានព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា រដ្ឋសភាបានបំពេញការងារដោយទទួលបានលទ្ធផលល្អប្រសើរ ក្នុងការតាក់តែង និងអនុម័តច្បាប់ឲ្យសមស្របទៅនឹងស្ថានភាពរបស់សង្គមជាតិយើង»។
លើសពីនេះ ព្រះមហាក្សត្រ ក៏បានសរសើររដ្ឋាភិបាល ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ផងដែរថា ខិតខំថែរក្សាសន្តិភាព និងអភិវឌ្ឍលើវិស័យនានា។ ព្រះអង្គ មានព្រះរាជបន្ទូលក្នុងព្រះរាជសារបែបនេះថា៖«រដ្ឋាភិបាល តែងតែប្រកាន់ភ្ជាប់នូវគោលការណ៍សាមគ្គីជាតិ ដើម្បីរួបរួម ពួតដៃគ្នារវាងប្រជាជាតិកម្ពុជាទាំងអស់ទាំងក្នុង និងក្រៅប្រទេស លើគ្រប់មជ្ឈដ្ឋាន និងនិន្នាការនយោបាយ ដើម្បីកសាង និងការពារជាតិ សមិទ្ធផលសង្គម និងការធានាឲ្យមានឯកភាពជាតិបូរភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព»។
សូមបញ្ជាក់ថា បច្ចុប្បន្ន ព្រះមហាក្សត្រ កំពុងគង់នៅប្រទេសជប៉ុន ដើម្បីចូលរួមសម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរម្លឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ។ ព្រះអង្គ បានយាងចេញពីប្រទេសកម្ពុជា កាលពីថ្ងៃ៦ ខែមេសា ឆ្នាំ២0១៨៕
Tag:
រដ្ឋសភា
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com