ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ឲ្យ​ធនាគារ​បញ្ជូន​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក​ដែល​ត្រូវ​រាយការណ៍​សម្រាប់​២០១៧
09, Apr 2018 , 3:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ (GDT) បានប្រកាស​ឲ្យ​ធនាគារ សហគ្រាស​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ  បញ្ជូន​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក ដែល​ត្រូវ​រាយការណ៍​សម្រាប់​ឆ្នាំ​២០១៧ មក GDT ឲ្យ​បាន​មុន​ថ្ងៃទី​២៩ ខែមិថុនា​ឆ្នាំនេះ ជា​កំហិត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ GDT ចុះ​ថ្ងៃទី​៣​ខែមេសា​។​



​នេះ​ជាការ​អនុវត្តតាម​កិច្ចព្រមព្រៀង​មួយ រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អា​មេរិ​ក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​អនុលោមភាព​ពន្ធដារ​អន្តរជាតិ និង​ដើម្បី​អនុវត្ត​ច្បាប់​ស្ដីពី​អនុលោមភាព​ពន្ធ ចំពោះ​គណនី​ក្រៅប្រទេស​របស់​អាមេរិក (FATCA) ដែល​ត្រូវបាន​ចុះហត្ថលេខា​នាពេល​កន្លងមក​។ ដូចនេះ ធនាគារ សហគ្រាស​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ស្ថិតនៅក្រោម​កាតព្វកិច្ច​រាយ​ការណ៍​នេះ ត្រូវបញ្ជូន​ព័ត៌មាន​តាម​ការប្រកាស​របស់ GDT ។​

GDT កំណត់​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ បញ្ជូន​ព័ត៌មាន​មក​ស្ថាន​ប័ន​ខ្លួន ឲ្យ​បាន​មុន​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ GDT អាច​រាយការណ៍​ទៅ​អាជ្ញាធរ​ចំណូល​ក្នុងស្រុក​អាមេរិក (IRS) ឲ្យ​បាន​ទាន់ពេលវេលា​។​

«​ក្នុងករណី​ហួស​កាលកំណត់​នេះ ធនាគារ សហគ្រាស​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ស្ថិតនៅក្រោម​កាតព្វកិច្ច​រាយ​ការណ៍ អនុលោម​តាម​កិច្ចព្រមព្រៀង FATCA  ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ចំពោះ​ការពិន័យ​នានា អនុលោម​តាម​កិច្ចព្រមព្រៀង​នេះ​»​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​៕


Tag:
 ពន្ធ​
  គណនី​
© រក្សាសិទ្ធិដោយ thmeythmey.com